ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​ការពារសិទ្ធិ​លំនៅដ្ឋាន​កា្លយជា​តារា​ភាព​យន្ត​ឯកសារ ​Cyberwar in Cambodia

  • ហ៊ាន សុជាតា

ឡុង គឹមហ៊ាង បុគ្គលិក​នៃអង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​​សំឡឹង​មើល​គម្រោង​​ការងារ​​របស់នាង​​លើ​កញ្ចក់​កំព្យួទ័រ​យូរដៃ​របស់នាង។​
ស្ទើរ​តែ​រាល់​ពេល​ដែល​មាន​សកម្ម​ភាព​តវ៉ា​ទាក់​ទង​នឹង​បញ្ហា​ដី​ធ្លី ​គេ​តែង​តែ​មើល​ឃើញ​វត្តមាន​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិលំនៅ​ដ្ឋាន​គឺ​កញ្ញា​ឡុង ​គីម​ហ៊ាង​ចូលរួម​ក្នុង​ការ​សម្របសម្រួល​ជានិច្ច។​

សកម្ម​ជន​សិទ្ធិ​មនុស្ស​ស្ត្រី​វ័យ​ក្មេង ​និង​ជា​មន្ត្រី​ទំនាក់​ទំនង​ជាន់​ខ្ពស់​រូបនេះ​កំពុង​ដាក់​បេក្ខភាព​ខ្លួនចូល​ជា​សមាជិក​របស់​គម្រោង​តស៊ូ​មតិ​អន្តរ​ជាតិ។​ កញ្ញា​ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ដោយ​សហគមន៍​អឺរ៉ុប​ឲ្យ​ចូលរួម​ក្នុង​វេទិកា​អន្តរ​ជាតិលើក​កម្ពស់​សិទ្ធិ​មនុស្ស ​ព្រម​ទាំង​ជា​តួ​អង្គក្នុង​ភាព​យន្ត​ឯកសារ ​Cyberwar in Cambodia​ ផលិត​ដោយ​អ្នក​កាសែត​ជនជាតិ​ដាណាម៉ាក​ផង​ដែរ។​

ប្រទេស​កម្ពុជា​បាន​វិល​វល់​ក្នុង​វិបត្តិ​ដី​ធ្លី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ​រាប់​សែន​នាក់​ត្រូវ​គេ​អះ​អាង​ថា​ ទទួល​រងគ្រោះ។​ ហើយ​ជន​រង​គ្រោះ​ទាំង​នោះ​តែង​តែ​អះ​អាង​ថា​ អាជ្ញាធរ​របស់​រដ្ឋា​ភិបាល​ ដែល​មាន​សមត្ថកិច្ច​ មិន​បាន​អើពើ​នឹង​បញ្ហា​របស់​ពួក​គេ​ ឬ​មិន​បាន​ដោះ​ស្រាយ​ឲ្យ​បាន​សម​ស្រប​ទេ។​ ដូច្នេះ​ជន​រង​គ្រោះ​តែង​តែ​ធ្វើ​ការ​តវ៉ា​ដោយ​ប្រមូល​ផ្តុំគ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ ឬ​ស្វែង​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភ​បាល។​

កញ្ញាឡុង​ គឹម​ហ៊ាង​តែង​តែ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ស្ទើរតែ​គ្រប់​សកម្មភាព​តវ៉ា​នានា​អំពី​បញ្ហា​ដីធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ។​ នាង​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ទំនាក់​ទំនង​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​និង​ការ​តាំង​លំ​នៅ​របស់​ពួក​គេ។​

ស្ថិត​ក្នុង​វ័យ​២៧​ឆ្នាំ​ កញ្ញា​ឡុង​ ​គីម​ហ៊ាង​តែង​តែ​តាម​ឃ្លាំ​មើល​ជាប់​ជានិច្ច​នូវ​ចលនា​ប្រជា​ពលរដ្ឋ​ដែល​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ដល់​ការ​រស់នៅ​របស់​ពួក​គេ។ ​ជា​ពិសេស​នាង​មាន​វត្ត​មាន​រាល់​ពេល​ដែលមាន​ភាព​ចម្រូង​ចម្រាស់ និងជម្លោះ​ដី​ធ្លី​កើតឡើង​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​បឹង​កក់​ និង​បុរី​កីឡា​ជា​ដើម។​

មាន​ប្រភព​ពី​គ្រួសារ​ក្រី​ក្រ​មួយ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​សាយធូ​ (Site II)​ គឹម​ហ៊ាង ​ហាក់​ដូច​ជា​មាន​គោល​ការណ៍​ប្តេជ្ញា​ចិត្តចំពោះ​ការងារ​របស់​ខ្លួន។​

កញ្ញា​និយាយថា៖​ «ទី​មួយ​គឺ​កត្តា​គ្រួសារ ​ទីពីរ​គឺ​សមត្ថ​ភាព​ និង​ចំណេះ​ដឹង​ និង​ទី៣​គឺ​កត្តា​បទ​ពិសោធន៍។​ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើការ ​និង​ផ្តល់​សេវា​ដល់​ប្រជា​ពលរដ្ឋក្នុង​ផ្នែក​ការងារ​របស់​ខ្ញុំ​រាល់​ថ្ងៃ។ ​ការងារ​របស់​ខ្ញុំ​រាល់​ថ្ងៃ​ទាក់​ទង​នឹង​ដី​ធ្លីគឺ​ជា​អ្នក​ផ្តល់​ព័ត៌មាន​ ចែក​ចាយ​ព័ត៌មាន​ ឃ្លាំ​មើល​សកម្ម​ភាព​តវ៉ា​របស់​សហគមន៍»។​

ស្ថិត​ក្នុង​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​សិទ្ធិ​លំនៅដ្ឋាន​ កញ្ញ៉ា​ឡុង​ គឹម​ហ៊ាង​មាន​សម្បុរ​ស្រឯម ​ពាក់​វ៉ែនតា​ម៉្ញូប​ និង​មាន​មាឌ​ដំបង។​

គីម​ហ៊ាង​បាន​គូស​បញ្ជាក់​ថា​ ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​៤១០​សហគមន៍​ដែល​រដ្ឋាភិបាល​កំណត់ថា​ ជា​ប្រភេទសំណង់​បណ្តោះ​អាសន្ន។​ សហគមន៍​ទាំង​នេះ​អាច​នឹង​ត្រូវ​បណ្តេញ​ចេញ។​ ក្នុង​នោះ​មាន​៧៦​សហគមន៍​កំពុង​តែ​ប្រឈម​ខ្លាំងនឹង​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ដោយរដ្ឋា​ភិបាល។​

នាង​និយាយថា៖​ ​«បញ្ហា​ដី​ធ្លី​ក្នុងក្រុង​ភ្នំ​ពេញ​នៅ​តែ​ដដែល​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ល្អ​នៅ​ឡើយ​ទេ។​ យើង​មើល​ករណី​តំបន់​ទំនាស់​សំខាន់ៗ​ ដូច​ជា​បឹង​កក់ ​បុរី​កីឡា ​ព្រ​លាន​យន្ត​ហោះ​ និង​សហគមន៍​ផ្សេងៗ។ ​អ្នក​ស្រី​យ៉ោម​ បុប្ផា​មិន​ទាន់​បាន​ដោះ​លែង​ ហើយ​មក​ទល់​ពេល​នេះ​ ទាំង​អស់​គ្នា​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ»។​

ឡុង គឹម​ហ៊ាង​មាន​ម្តាយ​ជា​អ្នក​លក់​ដូរ​តូច​តាច​ក្នុង​ស្រុក​កំណើត​នា​ខេត្ត​បន្ទាយ​មាន​ជ័យ​ និងមាន​ឪពុក​ជា​អ្នក​រត់​តាក់​ស៊ី។ ​នាង​ជា​កូន​ស្រី​ច្បង​ក្នុង​ចំណោម​បង​ប្អូន​សរុប​៧​នាក់។​

អតីត​និស្សិត​ផ្នែក​គណនេយ្យ ​និង​ហិរញ្ញ​វត្ថុ​នៃ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​រូប​នេះ​លើក​ឡើង​ថា ​ការងារ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ដាក់​ក្តី​សង្ឃឹម​មួយ​សម្រាប់​នាង​ ​នោះ​គឺ​នាង​ចង់​ឃើញ​ការ​រំលោភ​បំពាន​ និង​អំពើ​ហិង្សា​ត្រូវ​បញ្ចប់​នៅ​កម្ពុជា​នា ​ពេល​អនាគត។​

កញ្ញា​ថ្លែង​ថា៖​ «ខ្ញុំ​មិន​ខុស​ពី​និស្សិត​ដទៃ​ទេ។​ ពេល​ដែល​រៀន​ចប់​គឺ​រត់​រក​ការងារ​ធ្វើ។​ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ធ្វើ​ការងារឃ្លាំ​មើល​អ្នក​ស្រុក​ ពេល​មាន​បញ្ហា ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​ ស្ថានភាព​សង្គម​របស់​យើង​មាន​អំពើ​ពុក​រលួយ​ អយុត្តិធម៌ ការ​រំលោភ​អំណាច ​ការ​ប្រើ​ប្រាស់​ហិង្សា ​ការ​រំលោភ​បំពាន​ដី​ធ្លី សិទ្ធិ​មនុស្ស ​បាន​កើត​មាន​ឡើង​លើ​ប្រជា​ពលរដ្ឋ​ ហើយ​រឿងទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ធ្វើ​ការងារ​នេះ​ដើម្បី​បញ្ឈប់​អំពើ​ទាំង​ហ្នឹង»។​

កញ្ញា​ឡុង ​គីម​ហ៊ាង​បាន​ចូល​បម្រើ​ការងារនៅអង្គការ​សិទ្ធិ​លំនៅ​ដ្ឋាន​ពិសេស​នេះ​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ ដោយ​ផ្តើម​ចេញ​ពី​បុគ្គលិក​ហាត់​ការ​ ក្រោយ​មក​ជា​បុគ្គលិក​ពេញ​សិទ្ធិ​រហូត​ក្លាយ​ជា​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ទំ​នាក់​ទំនង​ ដូច​ពេល​បច្ចុប្បន្ន​នេះ។​

កញ្ញា​ក៏បាន​លើក​ឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​មិន​មែន​មាន​តែ​កញ្ញា​ម្នាក់​ទេ​ដែល​កំពុងចូល​រួម​ក្នុង​សកម្មភាព​ទាំង​នោះ​ ពោល​គឺ​មានបណ្តា​យុវជន​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​តែ​ចាប់​អារម្មណ៍ ​និង​ចូល​រួម​ក្នុង​សកម្មភាពស្រដៀង​គ្នា​នេះ។​

ទោះ​បី​មាន​ឆន្ទៈ​មោះមុត​បែប​ណា​ក្នុង​ការ​បំពេញ​តួនាទី​ខ្លួន​ក្តី​ គីមហ៊ាង​ក៏​បាន​អះអាងពី​ការ​លំបាក​ប្រឈម​ចំពោះ​ការងារ​ប្រភេទ​នេះ ជា​ពិសេស​សកម្ម​ជន​ដែល​ជា​មនុស្ស​ស្រី្ត​ដូច​ជា​រូប​នាង។​

នាងនិយាយថា៖​ «ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ផ្ទាល់​ខ្លួន ការ​ជេរ​ប្រមាថ​ពី​មន្ត្រី​អាជ្ញាធរ​ និង​រដ្ឋាភិបាល ​ព្រម​ទាំង​មាន​ការ​ចោទ​ប្រកាន់​ មួល​បង្កាច់មក​លើ​រូប​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស។​ សម្រាប់​យើង​ជា​ស្ត្រី​ វា​កាន់​តែ​ប្រឈម​កាន់​តែ​ពិបាក​ទៀត​ នោះ​គឺ​ដោយ សារតែ​យើង​ពិបាក​ក្នុង​ការ​ដើរ​ហើរ​ម្នាក់​ឯង​ ឬ​ទៅ​ណា​ឆ្ងាយ​គឺ​ជា​ការ​ប្រឈម​ខ្លាំង​ជាង​គេ​បុរស​ ហើយ​វា​ប្រឈម​នឹង​ការ​បៀតបៀន»។​

ប៉ុន្តែ​ការ​លំបាក​ទាំង​នេះ​មិន​បាន​បង្ខាំង​គីមហ៊ាង​ពី​ការ​បំពេញ​ការងារ​របស់​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គីមហ៊ាងនៅ​តែ​ប្រកាន់​គោល​ជំហរ​យ៉ាង​រឹង​មាំ​ទៅ​នឹង​ការ​ងារ​របស់​ខ្លួន។ ​នាង​សន្យា​ថា​ នឹង​មិន​ផ្លាស់​ប្តូរ​ការងារ​របស់​នាង​នោះ​ឡើយ​ ដរាប​ណា​បញ្ហា​សង្គម​នេះ​នៅ​តែ​មាន។​

ថ្មីៗ​នេះ​ អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​ជន​ជាតិ​ដាណាម៉ាក​មួយ​រូប​បាន​ផលិត​ភាព​យន្ត​ឯកសារ​មួយ​អំពី​ការ​តស៊ូ​របស់​នាង​ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ស្ត្រី​វ័យ​ក្មេង​សម្រាប់​បញ្ហា​ដីធ្លី​ដ៏​ក្តៅ​គគុក​ក្នុង​ប្រទេស​កម្ពុជា។ ​ភាពយន្ត​ឯកសារ​នេះមាន​ចំណង​ជើង​ថា ​Cyberwar in Cambodia មាន​ន័យថា សង្គ្រាម​តាមអ៊ីនធើណិត។​

ភាព​យន្ត​នេះ​បង្ហាញ​ពី​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​របស់​សហគមន៍​បឹងកក់​នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ។ ​ហើយ​កញ្ញា​ឡុង​ គឹម​ហ៊ាង​បង្ហាញ​មុខ​ក្នុង​ការ​ចូលរួម​សម្រប​សម្រួល​ដោះ​ស្រាយ​ជម្លោះ ​ជា​អ្នក​ថត​រូប​វីដេអូ​ និង​ដើរ​តួ​ជា​អ្នក​អប់រំ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ និង​មាន​វិបត្តិដីធ្លី។​

ឯកសារ​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃសហគមន៍​អឺរ៉ុប​ រួមមានប្រទេស​ស្វីស ​អាល្លឺម៉ង់ ​ដាណឺម៉ាក ​និង​នៅ​ប្រទេស​កាណាដា​ជា​ដើម។​

ជាង​នេះ​ទៅ​ទៀត​ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ ស្រ្តី​វ័យ​ក្មេង​រូប​នេះ​ក៏​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​អញ្ជើញ​តំណាង​ឲ្យ​សកម្ម​ជន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​ចូល​រួម​ក្នុង​វេទិកា​អន្តរជាតិ​មួយ​ឈ្មោះ​ថា​ «European Instrument for Human Rights and Democracy»​ដែលមានបំណង​ដើម្បី​ពង្រឹង​ និងលើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ទាញ​យក​កែវ​កាហ្វេដែល​នៅ​ខាង​ស្តាំ​ដៃផឹក​បន្តិច​រួច ​ទើប​គីមហ៊ាង​និយាយ​បន្ត​ថា៖​ «ខ្ញុំ​នៅ​តែ​បន្ត​ ហើយ​នៅ​តែ​ពេញ​ចិត្ត​ និង​សប្បាយ​ចិត្ត​ ពី​ព្រោះ​មាន​មនុស្សតែ​មួយ​ក្រុម​តូច​ ដែល​បាន​មក​ប្រមាថ​ ឬ​ទិទៀន​ការងារ​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ចូល​រួម​ជួយ​សង្គម ​ ប៉ុន្តែ​មាន​មនុស្ស​ភាគ​ច្រើនដែល​គេ​ពេញ​ចិត្ត​គាំ​ទ្រ​សរសើរ»។​

កញ្ញា​ឡុង​ ​គឹម​ហ៊ាង​ធ្លាប់​បាន​ធ្វើ​ការ​ងារ​ជា​ជាង​ដេរ ​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ​គ្រូ​អប់រំ​សហជីព​ ជា​មន្រ្តី​ផ្តល់​ព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស និង​ជា​មន្ត្រី​រដ្ឋបាល ​និងហិរញ្ញ​វត្ថុ​របស់​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ផង​ដែរ។​

កញ្ញាក៏​ធ្លាប់​ជា​យុវជន​ស្ម័គ្រ​ចិត្ត​របស់​កាកបាទ​ក្រហម​ ផ្នែក​មិត្ត​អប់រំ​មិត្ត​ ព្រម​ទាំង​ជា​អតីត​បេក្ខជនក្នុង​កម្មវិធីយុវជន​ឆ្នើម​ដែល​រៀប​ចំ​ដោយក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ (YCC)​ផង​ដែរ។​

ផ្តើម​ចេញ​ពី​ចំណុច​សូន្យ ​បន្ទាប់​ពីបញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យគីម​ហ៊ាង​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​បន្ទាយ​មានជ័យ​ ​មក​កាន់​រាជធានី​ភ្នំ​ពេញដើម្បី​បន្ត​ការ​សិក្សា​ផ្នែក​គណនេយ្យ​ និង​ហិរញ្ញវត្ថុនៅ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស។ ​កាល​នោះ​គីម​ហ៊ាង​រៀន​បណ្តើរ​ ​ធ្វើ​ការ​បណ្តើរ​ដើម្បីផ្គត់​ផ្គង់​ជីវភាព​ និង​ថ្លៃ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ។​ បច្ចុប្បន្ន​គីម​ហ៊ាង​កំពុង​តែ​បន្ត​សិក្សា​ថ្នាក់បរិញ្ញា​បត្រ​មួយ​បន្ថែម​ទៀត​គឺ​ផ្នែកអក្សរ​សាស្ត្រ​អង់គ្លេស​ឆ្នាំ​ទី​៤។​

នាង​ពោរ​ពេញ​ទៅ​ដោយ​មហិច្ឆិតា ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​នៅ​មហា​វិទ្យាល័យ​ ចង់​ប្រឡងធ្វើ​ជា​មេធាវី ​និង​ជា​ចុង​ក្រោយ​នាង​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ស្ត្រី​មួយ​រូប។​ ​

នាងនិយាយថា៖​ «ព្រោះ​តែ​អំពើ​អយុត្តិធម៌​សង្គម​ ការ​រំលោភ​បំពាន​ ឬ​បញ្ហា​ភាព​ក្រីក្រ ​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​កម្ពុជា។ បញ្ហា​នេះ​មាន​តែ​អ្នក​នយោបាយ​ដែល​អាច​ដោះ​ស្រាយ​បាន​ពេញ​ទំហឹង»។​

កាល​ពី​ខែ​កក្កដា ​កញ្ញា​ឡុង​ គីម​ហ៊ាង​បាន​ដាក់​បេក្ខភាព​ចូល​ជា​សមាជិក​របស់​គម្រោង​តស៊ូ​មតិ​អន្តរ​ជាតិមួយ​ដែល​មាន​ឈ្មោះ​ថា​ ក្រុម​ការងារតស៊ូ​មតិ​សកល​ ឬ​Global Advocacy Team។​
នាង​ត្រូវ​ជ្រើស​រើស​ក្នុង​ចំណោម​បេក្ខជន​២៥​នាក់​ចុង​ក្រោយ​នៃបេក្ខជន​សរុប​ចំនួន​១០០​រូប​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា។​

Global Advocacy Team​ នឹង​ត្រូវ​សម្រេច​រើស​យក​សមាជិក​បន្ថែម​តែ​ប្រាំ​មួយ​រូបតែ​ប៉ុណ្ណោះ។​ ប្រសិន​បើ​កញ្ញា​ឡុង ​គឺម​ហ៊ាង​នឹង​ត្រូវ​បាន​ជ្រើស​រើស​នោះ ​នាង​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ សរុប​ចំនួន​បី​សប្តាហ៍។​

កញ្ញា​ឡុង ​គីម​ហ៊ាង​រំពឹង​ថា ការ​ដែល​ក្លាយ​ជា​សមាជិកក្នុង​ក្រុម​នេះ​នឹង​អាច​ជា​ឱកាស​ល្អ​មួយ​ឲ្យ​កញ្ញា​លើក​ឡើងនូវ​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ឲ្យ​មាន​ដំណោះ​ស្រាយ​ និង​ជាវេទិកា​មួយ​ដែល​នឹង​ជួយ​ឲ្យ​សកម្ម​ភាព ​និង​ការ​តស៊ូ​មតិ​របស់​អង្គការ​នាង​វិវឌ្ឍន៍​ពី​កម្រិត​ជាតិ​ទៅ​ជាអន្តរជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG