ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ជប៉ុន​ ១៩ ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា


ប៉ូលិសកម្ពុជាម្នាក់សម្រួលចរាចរណ៍ ខណៈ​រថយន្ត​ប៉ូលិស​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដឹក​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​បាន​ឆបោក​តាម​ទូរសព្ទ ធ្វើដំណើរ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ប៉ូលិសកម្ពុជាម្នាក់សម្រួលចរាចរណ៍ ខណៈ​រថយន្ត​ប៉ូលិស​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដឹក​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​បាន​ឆបោក​តាម​ទូរសព្ទ ធ្វើដំណើរ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ជន​ជាតិ​ជប៉ុន​ ១៩​ នាក់ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០២៣ ​ក្នុង​ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ តាម​ជើង​យន្ត​ហោះ​ដាច់​ដោយ​ឡែក​មួយ ​ដោយ​មាន​ការ​យាម​កាម​ដោយ​នគរបាល​ជប៉ុន​ដោយ​ផ្ទាល់។​

ការ​បញ្ជូន​ពួកគេ​ទៅ​ក្រៅ​ប្រទេស​នេះ​មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ជប៉ុន ​ដោយ​នគរបាល​ជប៉ុន​ប្រមាណ​ ៥០​ នាក់​បាន​មក​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់ ​ដើម្បី​ពិនិត្យ​មើល​ជន​ជាតិ​ជប៉ុន​ទាំង​នោះ។

ជន​ជាតិ​ជប៉ុន​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ចេញតាម​ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​តាម​ជើង​យន្ត​ហោះ​ដាច់​ដោយ​ឡែក​មួយ។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មូលហេតុ​ដែល​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ជន​ជាតិ​ជប៉ុន​ទៅ​កាន់​ប្រទេស​ជប៉ុន​វិញ ​ដោយ​សារ​តែ​ពួក​គេ​ស្នាក់​នៅ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា។​

នៅ​ពេល​សួរ​ថា តើ​ពួក​គេ​ទាំង​១៩​នាក់​នោះ​ជា​ជន​រងគ្រោះ​ ឬ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ ស្ថានទូត​ជប៉ុន​បាន​បដិសេធ​មិន​ផ្តល់​មតិ​យោបល់ ​ដោយសារ​តែ​ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។​

ជនជាតិ​ជប៉ុន​ទាំង​១៩​នាក់​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា ​ឆ្នាំ​២០២៣ ​នៅ​សណ្ឋាគារ​មួយ​ឈ្មោះ​ថា ​Mary Beach Hotel and Resort។​

ស្នងការ​ខេត្ត​ព្រះ​សីហនុ ​លោក ​ជួន ណារិន្ទ​ ប្រាប់​វីអូអេ​ថា​ ក្រោយ​ទទួល​បាន​បណ្តឹង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ ប៉ូលិសខេត្ត​បាន​នាំគ្នា​ចុះ​ត្រួត​ពិនិត្យ​ ហើយ​ឃាត់​ខ្លួន​ពួកគេ​នៅ​ក្នុង​សណ្ឋាគារ​មួយ។​

បើ​តាម​ស្នងការ​រូប​នេះ​ ដោយ​សារតែ​សមត្ថ​ភាព​របស់​សមត្ថកិច្ច​ខេត្ត​នៅ​មាន​កម្រិត​ ហេតុ​នេះ​ជនជាតិ​ជប៉ុន​ទាំង​ ១៩ ​នាក់​ត្រូ​វ​បាន​បញ្ជូន​មក​ថ្នាក់លើ​ដើម្បី​វាយ​តម្លៃ។

លោក​ថ្លែង​ថា៖​ «សូម​អធ្យាស្រ័យ​ព្រោះ​ពួក​ខ្ញុំមិន​អាច​វាយ​តម្លៃ​ច្បាស់​លាស់​អំពី​ល្បែង​អី​ខ្លះ​ទេ​ ព្រោះ​ខ្ញុំ​អត់​មាន​បច្ចេក​ទេស​ជំនាញ​ហ្នឹង»។

យន្តហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង​ចុះចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ មុន​ពេល​ដឹកជញ្ជូន​ពលរដ្ឋ​ជប៉ុន ដែល​ត្រូវបាន​ចាប់ខ្លួន ក្រោម​ការសង្ស័យ​ពី​បទឆបោក​តាម​ទូរសព្ទ។
យន្តហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង​ចុះចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ មុន​ពេល​ដឹកជញ្ជូន​ពលរដ្ឋ​ជប៉ុន ដែល​ត្រូវបាន​ចាប់ខ្លួន ក្រោម​ការសង្ស័យ​ពី​បទឆបោក​តាម​ទូរសព្ទ។

លោក​ កែវ វណ្ណថន ​អគ្គនាយក​រង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ​ថ្លែង​ថា ​ជន​ជាតិ​ជប៉ុន​ទាំង​១៩​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ ​ពី​ព្រោះ​ពួកគេ​ធ្វើការ​និង​ស្នាក់​នៅ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «អ្នកខ្លះ​គាត់​ស្នាក់​នៅ​លើស​ទិដ្ឋាការ។​ អាហ្នឹង​ខុសច្បាប់​អន្តោ​ប្រវេសន៍ ​ហើយ​អ្នកខ្លះ​គាត់​ធ្វើកា​រងារ​នៅ​កម្ពុជា​ដោយ​អត់​មាន​បណ្ណ​ការ​ងារ។ ​អា​ហ្នឹង​ខុស​ច្បាប់»។​

រដ្ឋលេខាធិការ ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ​ខៀវ សុភ័គ ​ប្រាប់​វីអូអេ​ថា ពួក​គេ​ទាំង​១៩​នាក់នោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​អង្គារ​នេះ​ ដោយ​សារតែ​ពួក​គេ​ស្នាក់​នៅ​ខុស​ច្បាប់​ ​ព្រោះ​មិនមាន​លិខិត​ស្នាម​ចូល​មក​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «តាម​សំណូមពរ​របស់​គ្រួសារ​គឺ​យើង​បញ្ជូន​ឱ្យ​គាត់​ទៅ​វិញ​ចុះ! អត់អី​ទេ។ ប៉ុន្តែ​ការងារ​បញ្ជូន​គឺ​យើង​នឹង​ដាក់​ក្នុង​បញ្ជី​ខ្មៅ ​ប៉ុន្តែ​ស្ថិត​តែ​ក្នុង​ការ​ងារ​ស៊ើប​អង្កេត​ទេ ​ហើយ​គាត់​មាន​បទ​ល្មើស​អី​បែប​ម៉េច ​គឺដូច​ជប៉ុន​ថា ​មិន​ខុស​ទេ ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​កម្ពុជា»។​

ទោះ​ជាយ៉ាងណា​ សារ​ព័ត៌មាន​ជប៉ុន ​NHK​ បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ថា ​អាជ្ញាធរ​ជប៉ុន​បាន​ទទួល​ដីកា​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន​ទាំង ​១៩ ​នាក់​នោះ ​ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរសព្ទ​លើ​ជនជាតិ​ជប៉ុន ​ដោយ​ប្រើ​ប្រាស់​ទីតាំង​ក្នុងប្រទេស​កម្ពុជា។ ​សារព័ត៌មាន​ NHK​ ចុះ​ផ្សាយ​ទៀត​ថា ​ជនជាតិ​ជប៉ុន​ទាំង​នោះ​បាន​ឆបោកប្រាក់​ប្រមាណ​ ១.៩០០ ​ដុល្លារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ស្រ្តី​ជនជាតិ​ជប៉ុន​ម្នាក់​ ​វ័យ​៦០​ឆ្នាំ។​

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែនករុណា​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ បទ​ល្មើស​បច្ចេក​វិទ្យា​កំពុង​កើន​ឡើង​ខ្លាំង ​ខណៈ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធាន​ការ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​នៅ​មិនឃាត់​មេ​ខ្លោង​ធំ​បាន​ទេ។

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ មាន​ជន​បរទេស​ជា​ច្រើន​ដែល​ចាញ់​បោក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លោក​ថា ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា។​

លោក​ ស៊ឹង សែនករុណា ​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​បន្ថែម​សមត្ថ​ភាពរបស់​អាជ្ញាធរ​ នៅ​ក្នុង​ការ​ស៊ើប​អង្កេត។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​យើង​គួរតែ​ធ្វើ​យ៉ាង​ណា​ឱ្យ​បង្ហាញ​អំពី​សមត្ថភាព​នៃ​មន្ត្រី​ អនុវត្ត​ច្បាប់​របស់​យើង​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​ ដោយ​បង្ហា​ញ​ថា ​យើង​មិន​បាន​ជា​ទី​តាំង​ ឬ​ក៏​កន្លែង​ដែល​ផ្តល់​ឱកាស​ទៅ​ដល់​ជន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ឡើយ»។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

ជន​បរទេស​សរុប​ប្រមាណ​២.១០០​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​តាម​រយៈ​ពាក្យ​បណ្តឹង​មក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​គិត​ចាប់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០២២​ ដែល​មានការ​ចុះ​បង្រ្កាប​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​បរទេស ​និង​ការ​បង្ខាំង​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃទី​៧ ​ខែ​មេសា ​ឆ្នាំ​២០២៣។ ​បើ​តាម​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​គិត​ចាប់​ពីថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ២០២២​ ដល់​ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​២០២៣ ​មាន​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ចំនួន ​៨៣០ ​ករណី ​ដែល​ពាក់ព័ន្ធ​នឹង​ជន​បរទេស​សរុប​ ២.០៩៤​ នាក់ ​ដែល​មាន ​១៦​ សញ្ជាតិ ហើយភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​វៀតណាម​ និង​ឥណ្ឌូណេស៊ី។ ​ពាក្យ​បណ្ដឹង​ទាំង​នោះ​បាន​ប្ដឹង​ចូល​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​និង​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG