ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ថា​ ទីតាំង​ល្បែង​ស៊ី​សង​ប្រមាណ​២​ពាន់​កន្លែង​នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ត្រូវ​បាន​បង្រ្កាប


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

ប្រមាណ​ពីរ​សប្តាហ៍​ក្រោយ​ចេញ​បញ្ជា​ឱ្យ​ចុះ​បង្រ្កាប ​លោក​នាយករដ្ឋម​ន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ​បាន​ឱ្យដឹង​ថា​ អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល​បាន​ចុះ​បង្រ្កាប​ទីតាំង​លេង​ល្បែង​ខុស​ច្បាប់​ប្រមាណ​២​ពាន់​កន្លែង។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​«វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​លើក​ទី៦» ​ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃទី​២៩ ​ខែ​កញ្ញា ​ឆ្នាំ​២០២២។​

លោក ​ហ៊ុន សែន​ បាន​កត់​សម្គាល់​ថា​ ល្បែង​ស៊ី​សង​ខុស​ច្បាប់​នាំ​ទៅ​រក​ការ​កើត​ឡើង​នៃ​អំពើ​ជួញ​ដូរ​មនុ​ស្ស ​និង​ការ​បោក​បញ្ឆោត​តាម​បច្ចេកវិទ្យា ​ឬ​ហៅ​ថា ​Scam ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជន​បរទេស​ក្លាយ​ជា​ជន​រង​គ្រោះ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​លោក​បន្ថែម​ថា ការ​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែង​ខុស​ច្បាប់​លើក​នេះ​នឹង​មិន​អនុញ្ញាត​ឱ្យ​ល្បែង​ខុស​ច្បាប់​ងើប​ឡើង​វិញ​ឡើយ។​

លោក ​ហ៊ុន សែន​ ថ្លែង​ថា៖​ «បន្ទាប់​ពី​ចេញ​សារ​សំឡេង​ក្នុង​តែ​មួយ​ថ្ងៃ ​ខេត្ត​កណ្តាល​មួយ​រក​ឃើញ​ជាង​៧០០​កន្លែង ​នៅ​ភ្នំពេញ​ជាង​១​ពាន់​កន្លែង។​ ចុះបើ​ល្បែង​ស៊ីសង​ម្ល៉ឹងៗ​ អាហ្នឹង​វា​ទាក់​ទង​ជា​មួយ​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​យើង​បាន​ដាក់​ឱ្យ​អនុវត្ត​ច្រើន​ឆ្នាំ​ហើយ។កន្លែង​ស៊ីសង ​កន្លែង​ល្បែង​ស៊ី​សង​ ​វា​មិន​ដែល​ទៅ​កើត​នៅ​លើ​មេឃ​ទេ។​ វា​កើត​នៅ​លើ​ដី។​ ដី​វា​ស្ថិត​នៅ​តាម​ភូមិ ​ឃុំ ​ស្រុក​ និង​ខេត្ត​នោះ​ឯង។ ​បញ្ហា​នៅ​ត្រង់​ថា​ យើង​ធ្វើ​ ឬ​មិន​ធ្វើ»។​

ទោះ​ជា​យ៉ាង​ណា ​លោក ​ហ៊ុន សែន ​មិន​បានបញ្ជាក់​ពី​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បាន​ចុះ​បង្រ្កាប​ឡើយ។​

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ តាម​ចាប់​មេ​ខ្លោង​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។​
លោក​បន្ថែម​ថា៖​ «កំណត់​គោល​ដៅ​ដូច​ដែល​សម្តេច​ក្រឡា​ហោម​[រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ លោក ​ស ខេង] ​បាន​លើក​ឡើង​ទាក់​ទិន​ជា​មួយ​នឹង​សង្គ្រោះ​ជន​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា។​ បញ្ហា​ស៊ើប​អង្កេត​រក​ជន​ប្រព្រឹត្ត​បទ​ល្មើស​ និង​បក្ខពួក​ និង​ស្រាវជ្រាវ​រក​មេខ្លោង​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង»។​

មួយ​រយៈ​ចុង​ក្រោយ​នេះ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម ​និង​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ស្រប​ពេល​ជាមួយ​នេះ​ កាល​ពី​ថ្ងៃ​ទី១៧ ​ខែ​កញ្ញា ​លោក ​ហ៊ុន សែន ​ក៏​បាន​ចេញបញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ឱ្យ​បង្ក្រាប​ឱ្យ​អស់​នូវ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ​ខណៈ​សកម្ម​ភាព​បើក​ល្បែង​ស៊ី​សង​ ដែល​ជ្រក​ក្រោម​ស្លាក​ល្បែង​ឡូតូ​ និង​មាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់ ​បាន​រីករាលដាល​នៅ​តាម​ហាង​កាហ្វេ​ និង​ហាង​គុយ​ទាវ​ជាដើម។ ​លោក​ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បិទ​ហាង​រក​ស៊ី​ណា ​ដែល​នៅ​តែ​បន្ត​បើក​ល្បែង​ស៊ី​សង​ទាំង​នោះ​ឱ្យ​បាន​ជា​ដាច់​ខាត ​ប្រសិន​បើ​រក​ឃើញ​នោះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក ​សាន សុខសីហា​ និង​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ​លោក ​ឈឿន សុចិត្ត ​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែនករុណា ​ថ្លែង​ថា​ វា​ពិបាក​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ល្បែង​ស៊ី​សង​នេះ​ ដោយ​សារ​តែ​មាន​អ្នក​ធំ​នៅ​ពី​ក្រោយ​ជនប្រព្រឹត្ត​ខុស​ច្បាប់។​ លោក​បន្ត​ថា អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ខ្លះ​មិន​បាន​អនុវត្ត​តួនា​ទី​របស់​ខ្លួន​ ដោយ​សារ​ខ្លាច​ប៉ះ​ពាល់​អ្នក​មាន​ឥទ្ធិ​ពល​ ដែល​នាំ​ឱ្យ​បាត់បង់​លាភ​សក្ការៈ​ផ្សេងៗ។​

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា ​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី​មាន​សមត្ថកិច្ច​ ជា​ដើម​ចម​នៃ​បញ្ហា ​ខណៈថា​ ការ​ចុះ​បង្ក្រាប​នេះ​ទៀត​សោត ​មិន​មែន​អនុវត្ត​ទៅ​តាម​តួនាទី​ឡើយ​ ប៉ុន្តែ​ធ្វើ​ទៅ​តាម​បទ​បញ្ជា​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ។​ ដូច្នេះ​លោក​ថា​ វា​នឹង​មិន​បាន​យូរ​ឡើយ។

លោក​ថ្លែង​ថា៖ ​«អ៊ី​ចឹង​គប្បី​មាន​ការ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ការ​ប្រព្រឹត្ត​ទាំង​អស់​ហ្នឹង។​ ហើយ​ត្រូវ​ហ៊ាន​អារ​កាត់ ​ចាត់​វិធាន​ការ​ទៅ​អ្នក​ពាក់​ព័ន្ធ។ ​ទោះ​បី​អ្នក​នោះ​មាន​ឋានៈ​ និង​មាន​ឥទ្ធិពល ​ឬ​អំណាច​ប៉ុនណា​ក៏​ដោយ»។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ថ្លែង​ថា​ ការ​បង្ក្រាប​ល្បែង​ខុស​ច្បាប់​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ការ​ឆបោក​តាម​បច្ចេកវិទ្យា។ ​មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រួត​ពិនិត្យ​ និង​បង្ក្រាប​ជា​ប្រចាំ ​ពង្រឹង​អនុវត្ត​ច្បាប់ទៅ​តាម​អ្វី​ដែល​បាន​ចែង ​បំបាត់​នូវ​អំពើ​ពុក​រលួយ​ ជា​ពិសេស​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា​ជា​មួយ​អ្នក​ពាក់ព័ន្ធ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា​ ការ​បង្ក្រាប​និង​ការ​ទប់​ស្កាត់ ​ទាល់​តែ​យើង​ធ្វើ​ដូច​ភ្លៀង​រលឹម ​ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​ធ្វើ​ការ​ទប់​ស្កាត់។​ ហើយ​អំណាច​របស់​អាជ្ញាធរ​មូលដ្ឋាន​អាច​ហ៊ាន​នៅ​ក្នុង​ការ​បង្ក្រាប ​និង​ការ​ទប់​ស្កាត់​ ទោះ​បី​ជា​អ្នក​ពាក់​ព័ន្ធ​ ឬ​ក៏​អ្នក​កាង​បន​ល្បែង​ហ្នឹង​មាន​ឋានន្តរសក្ដិ​ប៉ុន​ណា​ក៏​ដោយ»។​

គួរ​បញ្ជាក់​ថា​ ស្រប​ពេល​នឹង​ការ​ចុះ​បង្រ្កាប​ល្បែង​ស៊ីសង​នេះ​ រដ្ឋា​ភិបាល​ក៏​បាន​បង្កើត​ក្រុម​ការងារ​បង្ក្រាប​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ​ដោយចេញ​សេចក្តី​សម្រេច ​កាល​ពីថ្ងៃ​ទី១៦ ​ខែ​កញ្ញា ​ដោយ​បញ្ជា​ឱ្យរៀប​ចំ​ផែន​ការ​ វិធាន​ការ​ គោល​ការណ៍​ណែនាំ​ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​បង្ក្រាប​នូវ​រាល់​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ​និង​បទ​ល្មើស​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជួញ​ដូរ​មនុស្ស៕

XS
SM
MD
LG