ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​ជប៉ុន​រំលែក​ទុក្ខ​គ្រួសារ​អ្នក​បើក​រថយន្ត​ឈ្នួល​ដែល​ត្រូវ​ជនជាតិ​ជប៉ុន​ប្លន់​សម្លាប់


រូបឯកសារ៖ ទង់ជាតិជប៉ុននិងកម្ពុជានៅក្នុងពិធី​សម្ពោធផ្លូវជាតិមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅជាយក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ ទង់ជាតិជប៉ុននិងកម្ពុជានៅក្នុងពិធី​សម្ពោធផ្លូវជាតិមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅជាយក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​អាជ្ញាធរ​មិន​បាន​បញ្ចេញ​ឈ្មោះ​​ត្រូវ​បាន​ឃុំ​ខ្លួន​​ជា​បណ្តោះ​អាសន្ន​ ​ក្រោម​​ការ​ពិនិត្យ​ពីបទ​ ​«ឃាតកម្ម​គិត​ទុក​ជាមុន»។

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​អ្នក​បើក​បរ​រថយន្ត​ឈ្នួល​មួយ​រូប​ ​ដែល​ត្រូវ​ជនសង្ស័យ​ពីរ​រូប​ ​ជា​ជនជាតិ​ជប៉ុន​ ​សម្លាប់​នៅ​ខេត្ត​សៀមរាបកាល​ពី​ថ្ងៃអាទិត្យ។

ក្នុង​សារ​របស់​លោក​ ​ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា​ ឯកអគ្គរាជទូត​ជប៉ុនដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នា​ល្ងាច​ថ្ងៃទី២០ ​ខែមីនា​ ឆ្នាំ​២០១៩​នេះ​បញ្ជាក់​ថា៖

«ខ្ញុំ​ពិតជា​ក្រៀមក្រំ​នៅ​ពេល​ដែល​បាន​ឮ​ដំណឹង​ថា​ ​អ្នក​បើកបរ​រថយន្ត​ឈ្នួល ​លោក​ ​ហ៊ឹម ចាន់​ ​ត្រូវ​ជន​ជាតិ​ជប៉ុន​ពីរ​រូប​សម្លាប់​កាល​ពី​ថ្ងៃ​ទី១៧​ ​ខែមីនា​ ​ឆ្នាំ២០១៩។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក។​ សូម​វិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​សុគតិភព»។​

​ការ​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខនេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ជនជាតិ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​ ​និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃទី​១៧​ ខែមីនា ពាក់​ព័ន្ធ​នឹងសកម្មភាព​អាករ​សម្លាប់​អ្នក​រត់​តាក់​ស៊ី​ប្លន់​យក​រថយន្ត​ម៉ាក​ហាយលែនឌ័រ​១គ្រឿង នៅ​វេលា​ម៉ោង៥​ ​និង២០នាទី​ល្ងាច​ថ្ងៃ​ដដែលនោះ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៦​ ស្រុកពួក​ ខេត្ត​សៀមរាប។​ នេះបើ​តាមគេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ។

ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​សៀម​រាប ចេញ​នៅ​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០១៩​នេះ ​បញ្ជាក់​ថា លោក​ចៅក្រម ជូ លឹមហ៊ាង បាន​បង្គាប់​ឲ្យ​ប្រធាន​មន្ទីរ​ឃុំឃាំង​ ឃុំ​ខ្លួន​ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់ជា​បណ្តោះ​អាសន្ន ក្រោម​ការ​ពិនិត្យ​ពីបទ «ឃាតកម្ម​គិត​ទុក​ជាមុន»។

ឃាត​កម្ម​លើ​បុរស​បើកតាក់​ស៊ីនេះ​បាន​ធ្វើ​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ចែកចាយ​ជា​បន្ត​បន្ទាប់។​ ក្នុង​នោះ​គេ​ឃើញ​មាន​ជនជាតិ​ជប៉ុន​មួយ​ចំនួន​ ​ក៏​បាន​បង្ហាញ​ពីការ​សោក​ស្តាយ​និង​សូម​អភ័យ​ទោស​ចំពោះ​ឃាតកម្ម​នេះ​ផងដែរ៕

XS
SM
MD
LG