រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាពីសំណាក់ជនបរទេស ដែលនេះនាំឲ្យកម្ពុជាក្លាយជាប្រទេសរងគ្រោះនៃអំពើខុសច្បាប់ទាំងនេះ។
លោក ស ខេង បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក ស ខេង ថ្លែងថា បទល្មើសឆបោកតាមទូរគមនាគមន៍ ឬបច្ចេកវិទ្យានេះ ជនរងគ្រោះ ជនល្មើស មេខ្លោង ឬមេខ្យល់ គឺជាជនបរទេស ដែលយកទឹកដីកម្ពុជាជាកន្លែងប្រព្រឹត្តបទល្មើស ដែលក្នុងនោះក៏មានការបង្ខាំងមនុស្សផងដែរ។
លោក ស ខេង ថ្លែងថា៖ «អ៊ីចឹងកម្ពុជាយើងជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តបទល្មើសជាមេខ្លោងនោះ ៩៩,៩% មិនមែនខ្មែរ ដែលនៅកម្ពុជា»។
បើតាមលោក ស ខេង ជនរងគ្រោះត្រូវបានឆបោកឱ្យមកបម្រើការងារក្នុងផ្នែកល្បែងអនឡាញ។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា កម្ពុជាកំពុងតែចាត់វិធានការលើបញ្ហានេះ ដោយជួយជនគ្រោះជាជនបរទេស និងនាំជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
កាលពីកន្លងទៅ ក្រសួងមហាផ្ទៃបានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះជនបរទេស ដែលត្រូវបានរាយការណ៍ថា ជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស សរុបប្រមាណ ៩០០នាក់ ចាប់តាំងពីដើមខែមករា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២២នេះ។
គួរបញ្ជាក់ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម៕