ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ខ្លែង​ខ្មែរ​ចម្រុះ​ពណ៌​ជា​ច្រើន​ត្រូវ​បាន​បង្ហើរ​ ​ក្នុង​ខួប​ទី២០​នៃ​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​


ខ្លែងខ្មែរត្រូវបានដាក់បង្ហាញ​​នៅក្នុង​​ការ​ប្រារព្ធ​មហោ​ស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​​ ​លើក​ទី​២០​ នៅ​ឯ​បរិវេណ​​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០១៦។​ ​(ហ៊ាន សុជាតា​/ VOA)​
ខ្លែងខ្មែរត្រូវបានដាក់បង្ហាញ​​នៅក្នុង​​ការ​ប្រារព្ធ​មហោ​ស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​​ ​លើក​ទី​២០​ នៅ​ឯ​បរិវេណ​​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០១៦។​ ​(ហ៊ាន សុជាតា​/ VOA)​

ខ្លែង​ប្រពៃណី​ខ្មែរ​ចូល​រួម​ចំនួន​៥១​ រួមទាំង​ខ្លែង​ផ្សេងៗត្រូវបានគេ​បង្ហាញ​ និង​បង្ហើរ​ ​ក្នុង​មហោ​ស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​ប្រចាំ​ឆ្នាំ​ ​លើក​ទី​២០​ ​នាព្រឹក​នេះ ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ចំនួន​៦៨​រូប​ ​មក​ពី​១៧​​រាជធានី​-ខេត្ត។​​​ ​មហោ​ស្រព​បង្ហោះ​ខ្លែង​នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​​យុវជន​ជំនាន់​ក្រោយ​ ​ដឹង​ពី​ប្រវត្តិ​ ​និង​អត្ថន័យ​នៃ​«ខ្លែងឯក​»​ខ្មែរ​ ​ថែរក្សា​ព្រពៃណី​នៃ​ការ​បង្ហើរ​​ខ្លែង​ ​និង​​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​ផងដែរ។​

ទិដ្ឋភាព​ខ្លែង​ចម្រុះ​ពណ៌​ជា​ច្រើ​ន​ ​ដែល​មាន​រូបរាង​ ​និង​ពណ៌​ខុសៗ​គ្នា​ ​បាន​បង្ហើរ​ឡើង​ព្រោង​ព្រាតពេញ​លើ​ផ្ទៃ​អាកាស​នៃ​រាជធានី​ភ្នំពេញ​ ​អម​ដោយ​ភ្លេ​ង​ឆៃ​យ៉ាំ​ ​ដើម្បី​ទទួល​ស្វាគមន៍​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។

​មហោ​ស្រពបង្ហើរ​ខ្លែង​ខ្មែរ​ប្រចាំ​ឆ្នាំ​ ​លើក​ទី​២០​ នាព្រឹក​នេះ ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ចំនួន​៦៨​រូប​ មក​ពី​១៧រាជធានី​-ខេត្ត​ និង​មាន​ខ្លែង​ប្រពៃណី​ខ្មែរ​ចូល​រួម​ចំនួន​៥១។​

​មហោ​ស្រព​បង្ហោះ​ខ្លែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យយុវជន​ជំនាន់​ក្រោយ​ ​ដឹង​ពី​ប្រវត្តិ​ ​និង​អត្ថន័យ​នៃ​«ខ្លែងឯក​»​ខ្មែរ​ ​ថែរក្សា​ព្រពៃណី​នៃ​ការ​បង្ហើរខ្លែង​ និងដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិផងដែរ។

សំរាំង​ កំសាន្ត​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ថ្លែង​សុន្ទរកថា​ ​នៅ​ក្នុងការ​ប្រារព្ធ​មហោ​ស្រពបង្ហើរ​ខ្លែង​ខ្មែរ ​លើក​ទី​២០​ ​នៅ​ឯ​បរិវេណកោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា​/
សំរាំង​ កំសាន្ត​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ថ្លែង​សុន្ទរកថា​ ​នៅ​ក្នុងការ​ប្រារព្ធ​មហោ​ស្រពបង្ហើរ​ខ្លែង​ខ្មែរ ​លើក​ទី​២០​ ​នៅ​ឯ​បរិវេណកោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា​/

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ ​សំរាំង កំសាន្ត​ រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ឲ្យ​ដឹង​ថាព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ជាតិ​លើ​វិស័យ​វប្បធម៌​ ​ដែល​ធ្វើ​ឲ្យ​ប្រពៃណី​វប្បធម៌ជាតិ​កម្ពុជា​កាន់​តែ​មាន​ភាព​រស់​រវើក។

លោក​ សំរាំង កំសាន្ត​ ពន្យល់​ថា​ការ​បង្ហោះខ្លែង​នេះ​មិន​ត្រឹមតែ​ជា​ការ​កំសាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​វា​មាន​បង្កប់​នូវ​អត្ថន័យ​៣សំខាន់។

​«ទី១​ មនោស​ញ្ចេតនា​ដ៏​ស្រទន់​រវាង​ម្តាយ​ និង​កូន។​ ឯក​ហ្នឹង​ ​គឺ​ជា​សម្លេង​បំពេរ។​ ទី២​ ខ្លែង​ឯក​ ​គឺ​អប់រំ​មនោសញ្ចេតនា​ស្នេហា​ជាតិ​បរិសុទ្ធ​ ព្រោះ​បើ​រត់​ខ្លែង​តាម​ភ្លឺស្រែ​ នឹង​នឹក​ឃើញ​ភ្លឺស្រែ​ ​ទំពាំង​ទឹក​ ដើម​ត្នោត​ ស្រូវទន់​ ត្រី ​អន្លង់​ គឺ​បណ្តុះ​មនោសញ្ចេនា​នឹកឃើញ​ភូមិ​កំណើតមិន​ឲ្យ​ចំណាក​ស្រុក។​ ទី៣​ គឺបណ្តុះ​សេចក្តី​ដឹង​គុណ។​ ខ្លែង​ឯក​គឺ​មាន​កូន ​ប្រៀប​ដូច​មាតា​ពរពោះ​បុត្រ​ ចឹង​កូន​ខ្លែង​ដែល​ជាប់​ហ្នឹង​ម៉ែ​ហ្នឹង​ គឺ​ថា​ម៉ែ​ ​និង​កូន​ជា​មនុស្ស​តែ​មួយ​ បុត្រ​ត្រូវ​ដឹង​គុណ​មាតា​បិតា»។​

បន្ថែម​ពី​ការបណ្តុះ​ផ្នត់​គំនិត​ឲ្យ​យុវជន​អភិរក្ស​កេរ្តិ៍​ដំណែល​បុរាណ​តាម​រយៈ​ការរៀបចំមហោស្រព​បង្ហោះ​ខ្លែង​នេះ​ លោក​ សំរាំង កំសាន្ត​ ​ក៏​បាន​លើក​ទឹក​ចិត្តឲ្យ​យុវជន​ជំនាន់​ក្រោយ​ធ្វើ​ការអភិវឌ្ឍ​កេរ្តិ៍​ដំណែល​បុរាណ​ឲ្យ​មាន​លក្ខណៈ​ទំនើប​ផង​ដែរ។​

«យើង​មិនមែន​គ្រាន់​តែ​អភិរក្ស​វប្បធម៌​ជាតិ​ទេ​ យើង​អភិវឌ្ឍ​ផង​។​ យើង​ទទួល​វប្បធម៌​ថ្មី​ យើង​ធ្វើ​ឲ្យ​បុរាណ​យើង​កាន់​តែ​ល្អ​ ដូច្នេះ​ យើង​ឃើញ​ខ្លែង​ក្អែប​ ខ្លែង​ជិះ​កង់​។​ គំនិត​ច្នៃ​ប្រឌិត​ ​យើង​ត្រូវ​ការ​ខ្លាំង​ណាស់​ ព្រោះ​ជាតិយើង​ត្រូវ​ការ​អ្វី​ដែល​ថ្មី​ ហើយ​ប្លែក​ សម្រាប់​បម្រើ​សេចក្តី​សប្បាយ​រីករាយ​ និង​ការអប់រំ»។

«ខ្លែង​ឯក​» ​ដែល​មាន​ឈ្មោះ​ដើម​ថា​ ​«ខ្លែង​ព្នង»​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​ប្រមាណ​ជា​៤០០ឆ្នាំ​មុន​គ្រិស្តរាជ។ ការបង្ហោះខ្លែង​ ​នា​រដូវ​ច្រូត​កាត់​ ​ដោយ​ផ្សា​ភ្ជាប់​ជាមួយ​វិស័យ​កសិកម្ម​នេះ​ គឺ ដើម្បី​សម្តែង​ការ​ដឹង​គុណ​ ​ដែល​ប្រជា​កសិករ​កម្ពុជា​ ​ទទួល​បាន​ទិន្នផល​ល្អ​ពី​ការ​ប្រមូល​ផល​ស្រូវ​ដំណាំរបស់​ពួកគេ​។

ខ្លែង​ឯក​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​ឆ្អឹង​ជា​ឈើ​ឬស្សី​ តួខ្លែង​ធ្វើ​ឡើង​ពី​ក្រដាស​ ​និង​មានបំពាក់​ដោយឧបករណ៍​ភ្លេង​ឈ្មោះ​«ឯក» ដែល​បន្លឺ​បាន​ច្រើន​សម្លេង​យ៉ាង​ពិរោះ​ នៅ​ពេល​ត្រូវ​បានបង្ហោះ​ឡើង​លើ​អាកាស។​ អត្ថន័យ​នៃ​ការ​បង្ហោះ​ខ្លែង​ឯក​ គឺ​ជា​សកម្មភាព​កំសាន្ត​សប្បាយ​បែប​វប្បធម៌​ប្រពៃណី​ ​ដែល​មាន​ន័យថា​ប្រជា​ពល​រដ្ឋ​មាន​សេរីភាព​ ​និង​ប្រទេស​ជាតិ​មាន​សន្តិភាព។​ ​ហើយ​ខ្លែង​ឯកខ្មែរ ក៏​មាន​បញ្ចូល​ក្នុង​រឿង​និទាន​បុរាណ​ខ្មែរ​ ដូច​ជា​រឿង​ធនញ្ច័យ​ផង​ដែរ។

​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ​បាន​សរសេរ​ថា​ ​ការ​បង្ហោះ​ខ្លែង​ឯក​ខ្មែរ​ ​ឬ​ការ​ប្រាព្ធ​ពិធី​បង្ហោះ​ខ្លែង​នៅ​កម្ពុជា​ផ្សារភ្ជាប់​នឹង​ស្ថេរភាព​របស់​ប្រទេស​ ​មាន​ន័យ​ថាបើ​ប្រទេស​មានសន្តិភាព​ ​នោះ​ការ​បង្ហើរខ្លែង​ ​មាន​ភាព​ឱឡារិក។​ ​ផ្ទុយ​ទៅ​វិញ​ ​បើ​ប្រទេស​អស្ថេរភាព​ ​នោះ​កម្ពុជា​ក៏​ពុំ​បាន​ប្រារព្ធពិធី​បង្ហោះ​ខ្លែងនោះ​ទេ​។​ ​ខ្លែង​ឯកខ្មែរ​ ​បាន​រស់​ឡើង​វិញនា​ឆ្នាំ​១៩៩៤​ ​ជា​ពេល​ដែល​កម្ពុជា​ចាប់​ផ្តើមប្រារព្ធ​មហោ​ស្រព​បង្ហោះ​ខ្លែង​ជា​លើក​ដំបូង។​

អ្នក​ចូលរួម​ប្រកួត​មួយរូប​មក​ពី​ខេត្ត​កំពង់​ចាម បង្ហើរ​ខ្លែង ​នៅក្នុងការ​ប្រារព្ធ​មហោ​ស្រពបង្ហើរ​ខ្លែង​ខ្មែរ ​លើក​ទី​២០​ ​នៅ​ឯ​បរិវេណមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​ ​(ហ៊ាន សុជាតា​/ VOA)
អ្នក​ចូលរួម​ប្រកួត​មួយរូប​មក​ពី​ខេត្ត​កំពង់​ចាម បង្ហើរ​ខ្លែង ​នៅក្នុងការ​ប្រារព្ធ​មហោ​ស្រពបង្ហើរ​ខ្លែង​ខ្មែរ ​លើក​ទី​២០​ ​នៅ​ឯ​បរិវេណមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​ ​(ហ៊ាន សុជាតា​/ VOA)

​លោក ​ឈុំ ម៉ាវ​ វ័យ​៥៦​ឆ្នាំ​ មក​ពី​ខេត្ត​សៀមរាប​ ដែល​បាន​យក​ខ្លែងខ្លួន​មក​ចូលរួម​មហោស្រព​បង្ហើរ​ខ្លែង​នេះ​ជារៀងរាល់​ នា​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។​ ​លោក​ ឈុំ ម៉ាវ​ ​ដែល​ចាប់​ផ្តើ​មបង្ហោះ​ខ្លែង​ជា​លើក​ទី​មួយ​ ​តាំង​ពី​លោក​មាន​វ័យ​ជាង​១០​ឆ្នាំ​មកនោះ​ ​បាន​ថ្លែង​ប្រាប់​VOA៖ ​«​វា​មាន​ចំណង់​ចំណូល​ចិត្ត​ ធ្លាប់​បាន​ឃើញ​ចាស់​ៗ​បង្ហោះ​បង្ហើរទៅ​ ​មាន​អារម្មណ៍​ថា​ស្រលាញ់។ ធម្មតា​ ​អ្នក​ដែល​បង្ហោះ​ខ្លែង​ ​ពេល​ដែល​ឃើញ​ខ្យល់​មាន​អារម្មណ៍​ថា​ បើ​យើង​ទៅ​បង្ហោះ​ខ្លែង​ប្រាកដ​ជា​សប្បាយ​ក្នុង​ចិត្ត។​ ​ពេល​យើង​ទៅ​បង្ហោះ​ ​មាន​ក្មេង​ រត់​ទៅ​មើល​ រត់​ទៅ​ជួយ​ ​ទៅ​អី»។

​លោក​ ​ឈុំ ម៉ាវ​ ​ធ្លាប់​ទទួល​ជ័យ​លាភី​ពី​ការ​ប្រកួត​ខ្លែង​ ​នៅ​ក្នុង​មហោស្រព​បង្ហើរ​ខ្លែង ​កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ ​ដោយ​លោក​បានធ្វើ​ខ្លែង​ជា​រូប​ស័ង្ខ​សីល​ជ័យ​ជិះ​ខ្យង​ ​យក​មក​ប្រកួត។​

«វា​ប្លែក​ដាច់​គេ​ ​ធ្វើទៅ​ស្អាត​។​ ​បាន​បង្ហាញ​នូវ​រឿង​ព្រេង​បុរាណ​ដល់​ក្មេង​ជំនាន់​ក្រោយ​ ​ថា​ស័ង្ខ​សីល​ជ័យ​មាន​មុខមាត់​បែប​នេះ។ ដល់​ពេល​ទៅ​ដល់​ភូមិ​វិញ​អ្នក​ភូមិ​អបអរសាទរ​ ​ថា​យើង​មាន​មុខមាន​មាត់​ នាំជ័យ​ជំនះ​ដល់​ខេត្ត​យើង​បាន​»។

ក្រៅ​អំពីបង្អួត​សម្រស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ​ ​ខ្លែង​ឯក​ខ្មែរ​ ​ក៏​បាន​ពាំនាំ​ឈ្មោះ​ ​និង​មោទភាព​ជាតិ​ទៅកាន់​ឆាក​អន្តរជាតិចំនួ​ន​៦៦​លើក​ ក្នុង​ប្រទេស​ចំនួន​១៣ផងដែរ។​ ខ្លែង​ឯក​ខ្មែរ​ ធ្លាប់​ទទួល​បាន​ជ័យ​លាភី​មេដាយ​សំរឹទ្ធ​ ផ្នែក​សោភណភាព​ខ្លែង​ និង​ហោះ​បាន​ល្អ​ នៅ​ប្រទេស​ចិន​ ​កាល​ពី​ឆ្នាំ​២០០៧​ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣​ផ្នែក​គំនូរ​អប្សរា​លើ​ខ្លែង​ ឆ្នាំ​២០០៨​ ​ក្នុង​ប្រទេស​ឥណ្ឌា​ និងទទួល​បាន​ពាន​រង្វាន់លេខ​មួយផ្នែក​គំនូរ​រូប​ប្រាសាទ​អង្គរវត្តលើ​ខ្លែងឆ្នាំ​២០០៩​ថែម​ទៀត​ផង៕

XS
SM
MD
LG