គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារកេរមរតកវប្បធម៌អរូបីនៃអង្គការ UNESCO កាលពីថ្ងៃពុធ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជានៅក្នុងបញ្ជីមរតកវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ និងបានយល់ព្រមក្នុងការផ្ដល់ជំនួយហិរញ្ញវត្ថុទៅតាមសំណើរបស់ប្រទេសកម្ពុជាក្នុងទឹកប្រាក់ចំនួន ២ សែន ៣ ម៉ឺន ដុល្លារអាមេរិក ដើម្បីការពារមរតកប្រពៃណីតន្ត្រីចាប៉ីដងវែងនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ UNESCO ដែល VOA ទទួលបាន។
គម្រោងការពារមរតកតន្ត្រីចាប៉ីដងវែង ដែលស្នើដោយប្រទេសកម្ពុជាដល់អង្គការ UNESCO នេះ មានបញ្ជាក់ពីទីកន្លែង និងពេលវេលាដែលតន្ត្រីចាប៉ីដងវែងនេះត្រូវលេង និងថែមទាំងបានលើកឡើងពីតម្រូវការក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនចាប៉ី និងតម្រូវការឲ្យមានការផ្ដល់អាហារូបករណ៍ដល់គ្រូបង្រៀនចាប៉ីវ័យក្មេងរបស់កម្ពុជាផងដែរ។
ចាប៉ីដងវែងគឺជាឧបករណ៍សិល្បៈប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងជាមួយនឹងជីវិត ទំនៀមទំលាប់ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។
ចាប៉ីដងវែងអាចប្រើសម្រាប់លេងនៅក្នុងវង់ភ្លេងការ វង់ភ្លេងបុណ្យ និងវង់ភ្លេងមហោរីជាដើម។ ចាប៉ីដងវែងនេះ ក៏អាចប្រើទោលសម្រាប់លេងកំណអារម្មណ៍ ឬសម្រាប់គោលបំណងអប់រំផ្សេងៗផងដែរ ដោយក្នុងនោះ អ្នកដេញចាប៉ីនេះអាចច្រៀង ឬពោលប្រកបដោយពាក្យពេចន៍សារសព្ទ កំណាព្យកាបឃ្លោងចុងជួននានា ដើម្បីបំពេអារម្មណ៍អ្នកស្ដាប់ឲ្យលន្លង់លន្លោចទៅតាមសាច់រឿង។
នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកប្រាជ្ញផ្នែកចាប៉ីដងវែង ដែលនៅរស់រានមានជីវិតចំនួន ២ រូបតែប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារវ័យចាស់ជរា លោកទាំងពីរមិនសូវសកម្មនៅក្នុងការលេងចាប៉ីនេះទេ៕