លោក ផេង អាង បានចាត់ទុកទីក្រុងឡូវែលក្នុងរដ្ឋម៉ាសាឈូសេតនេះថា ជាផ្ទះរបស់លោកអស់រយៈពេលជិត៣០ឆ្នាំមកហើយ។ លោកអះអាងថា លោកមិនដែលឃើញសហគមន៍ខ្មែរនៅទីនេះ មានការបែកបាក់គ្នាខាងនយោបាយខ្លាំងក្លា ដូចពេលបច្ចុប្បន្ននេះទេ។
ការបែកបាក់គ្នាខាងនយោបាយនេះ គឺមិនមែនរវាងអ្នកគាំទ្រគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកនេះទេ ប៉ុន្តែគឺដោយសារជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជាទៅវិញទេ។
«កាលនោះ មិនទាន់បែកបាក់គ្នាខ្លាំង ដល់បែកបាក់គ្នាខ្លាំងនេះ គឺគណបក្សប្រជាជនគេមកបំពាក់បំប៉ន ពេលហ្នឹងមានច្រើន ហើយយើងបូកផ្សំនឹងខ្មែរយើង អត់សូវរួបរួមគ្នាផង ទាំងព្រះសង្ឃក៏អត់មានការរួបរួមគ្នាដែរ»។
លោក ផេង អាង ដែលបានភៀសខ្លួនពីប្រទេសកម្ពុជាដែលហែកហួរដោយសារសង្គ្រាមតាំងពីឆ្នាំ១៩៨៧មកនោះ ដឹងថាបញ្ហានយោបាយកម្ពុជា តែងតែនៅអន្ទងចិត្តប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋម៉ាសាឈូសេតនេះ។
ប៉ុន្តែលោកថា ចាប់តាំងពីមានដំណើរទស្សនកិច្ចមួយរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់ទីក្រុងឡូវែលកាលពីខែមេសាកន្លងមក ការបែកបាក់គ្នាក្នុងសហគមន៍ខ្មែរនៅទីនេះកាន់តែធ្ងន់ធ្ងរឡើង។
លោក ហ៊ុន ម៉ាណែត ដែលជាឧត្ដមសេនីយ៍ជាន់ខ្ពស់ម្នាក់ក្នុងជួរកងទ័ពកម្ពុជា និងដែលត្រូវគេគិតថា អាចជាអ្នកស្នងតំណែងពីឪពុករបស់លោកគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងនោះ ត្រូវបានស្វាគមន៍ដោយក្រុមអ្នកតវ៉ាខ្មែរ ដែលខឹងសម្បារនឹងរបបគ្រប់គ្រងក្នុងទីក្រុងភ្នំពេញ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់ឆន្ទៈនយោបាយរបស់គណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ។
ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ប្រជាជនខ្មែរយ៉ាងច្រើនបានចាប់ផ្ដើមភៀសខ្លួនមករស់នៅក្នុងទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ប៉ែកឦសាននៃសហរដ្ឋអាមេរិកនេះ។
លោក អ៊ុង រិទ្ធី គឺជាពលរដ្ឋខ្មែរដំបូងគេ ដែលបានឈ្នះការបោះឆ្នោតក្នុងក្រុមប្រឹក្សាក្រុងឡូវែលនេះ។ លោកមានប្រសាសន៍ថា សហគមន៍ខ្មែរធ្លាប់តែរួបរួមគ្នា និងជួយយកអាសាគ្នាណាស់ ក្នុងគ្រាដែលលោកទើបមកដល់ទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួនកាលពីទសវត្សរ៍ឆ្នាំ៨០នោះ។
«គណបក្សពីដើម យ៉ាងម៉ិចយ៉ាងម៉ា យើងអាចនិយាយគ្នាកើត។ សព្វថ្ងៃ យើងនិយាយគ្នាកើត ក៏ប៉ុន្តែគណបក្សមួយទៀត គេថា បើគេ associate [ទាក់ទង]ជាមួយយើង វាមានបញ្ហាដល់គេ ម៉្លោះហើយវាពិបាកបន្តិច»។
បច្ចុប្បន្ន រដ្ឋម៉ាសាឈូសេត មានពលរដ្ឋខ្មែរជាង៣ម៉ឺននាក់ ដោយមួយចំនួនធំរស់នៅក្នុងទីក្រុងឡូវែលនេះ។
លោក រិទ្ធី ថ្លែងថា ការបែកបាក់គ្នាខាងនយោបាយរវាងសហគមន៍ខ្មែរនៅទីនេះ បានប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនេះ ដែលមានសមាជិក៩នាក់។
ទោះបីជាធ្លាប់មានពលរដ្ឋខ្មែរម្នាក់ទៀត គឺលោក នួន វាសនា បានជាប់ឆ្នោតបានមួយអាណត្តិរយៈពេលពីរឆ្នាំធ្វើជាសមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងនេះកាលពីឆ្នាំ២០១១ម្ដងក៏ដោយ ក៏បច្ចុប្បន្នមិនមានពលរដ្ឋខ្មែរណាម្នាក់ ស្ថិតក្នុងក្រុមប្រឹក្សាក្រុងនេះទេ។
លោក នួន វាសនា និងពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ៣នាក់ទៀត បានបរាជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងកាលពីឆ្នាំមុន ហើយពលរដ្ឋខ្មែរពីរនាក់ទៀត ដែលបានឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសគណៈកម្មការសាលារៀន ក៏មិនបានឈ្នះការបោះឆ្នោតនោះដែរ។
លោក Edward Kennedy គឺជាចៅហ្វាយក្រុងឡូវែល។
«ពលរដ្ឋខ្មែរ មិនបានបោះឆ្នោតជាសំឡេងតែមួយទេ។ ដូច្នេះ សំឡេងរបស់ពួកគេមិនសូវឮ ដូចពេលដែលពួកគេបោះឆ្នោតរួមគ្នាជាសំឡេងតែមួយនោះទេ»។
ពលរដ្ឋខ្មែរជំនាន់ទី១ ដែលបានធ្វើចំណាកស្រុកមករស់នៅក្នុងក្រុងឡូវែលនេះ កាលពីជាង៣ទសវត្សរ៍មុន បានផ្ដោតតែទៅលើការកសាងជីវភាពរស់នៅរៀងៗខ្លួន។ ដូច្នេះ ពួកគេហាក់មិនសូវផ្ដោតសំខាន់លើបញ្ហានយោបាយឡើយនៅពេលនោះ។
ប៉ុន្តែ នៅទីបំផុត បញ្ហានយោបាយក្នុងប្រទេសកម្ពុជាក៏បានតាមមករកពួកគេដល់ទីនេះ ហើយជ្រៀតចូលដល់ក្នុងសង្គមសូម្បីតែក្នុងស្ថាប័នសាសនា ដោយធ្វើឲ្យមានការបែងចែកបក្ខពួកខាងនយោបាយនិងវត្តអារាមផងដែរ។
ពលរដ្ឋនៅទីនេះ និយាយថា អ្នកធ្វើចំណាកស្រុកមករស់នៅទីនេះថ្មីៗក៏បាននាំមកជាមួយនូវទស្សនៈនយោបាយដែលពួកគេប្រកាន់ខ្ជាប់រៀងៗខ្លួនតាំងពីយូរយារមកហើយ។
លោក អ៊ូ សុវណ្ណ អគ្គកុងស៊ុលកិត្តិយសនៃរដ្ឋាភិបាលកម្ពុជា ប្រចាំក្នុងទីក្រុងឡូវែលនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទេជុំវិញបញ្ហានេះ។
តែទោះជាយ៉ាងនេះក្តី លោក ឱក តុលាយុត្តិ តំណាងចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងទីក្រុងឡូវែលនេះ មានទស្សនៈផ្សេងពីនេះ។
«អ្នកណាក៏ស្រលាញ់សង្គម ស្រលាញ់ជាតិដូចគ្នា។ សូម្បីតែសមាជិកគណបក្សប្រជាជនមួយចំនួនធំ ដែលខ្ញុំបានស្គាល់ហ្នឹង គឺភាគច្រើន គាត់នៅទីនេះ។ គាត់មានកូននៅទីនេះ។ គាត់មានក្រុមគ្រួសារនៅទីនេះ។ គាត់ចាត់ទុកថា ទីនេះគឺជាផ្ទះ គឺជាភូមិកំណើតរបស់គាត់ដូចគ្នា។ អញ្ចឹង មិនមានអ្នកណាម្នាក់ មានគំនិតថា មកបំបែកបំបាក់សង្គមយើងនៅទីនេះទេ»។
នៅចុងម្ខាងទៀតនៃជញ្ជឹងនយោបាយនេះ លោក ប៉ែន សុខផល ប្រធានចលនាយុវជននៃគណបក្សសង្គ្រោះជាតិក្នុងសហរដ្ឋអាមេរិកនេះ និយាយថា វាដល់ពេលដែលសមាគមខ្មែរ ដែលមិនមាននិន្នាការនយោបាយ ដើរតួនាទីដឹកនាំក្នុងការបង្រួបបង្រួមសហគមន៍ខ្មែរដែលមានការបែកបាក់គ្នាខាងនយោបាយនេះហើយ។
«ខ្ញុំសូមនិយាយប៉ុណ្ណឹងថា សូមឲ្យសមាគមខ្មែរគិតគូរឡើងវិញ គឺការបោះជំហានចូលក្នុងវិស័យនយោបាយ»។
ប៉ុន្តែ ការណ៍នេះទំនងដូចជាមិនអាចកើតឡើងឡើយ។
លោក ពៅ សុវណ្ណា គឺជានាយកប្រតិបត្តិនៃសមាគមខ្មែរ។ លោកនិយាយថា សមាគមរបស់លោកផ្ដោតតែទៅលើបញ្ហាផ្សេងៗដែលពលរដ្ឋក្នុងទីក្រុងឡូវែលជួបប្រទះ ប៉ុន្តែ មិនមែនបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជាទេ។
«ប្រសិនបើយើងផ្ដោតខ្លាំងទៅលើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលយើងមានការគោរពខ្ពស់ចំពោះអ្នកទាំងឡាយណាដែលមានទំនាក់ទំនងជាមួយប្រទេសនោះ វានឹងទាញការចាប់អារម្មណ៍របស់យើងចេញពីកិច្ចការងារពិតប្រាកដរបស់យើងនៅទីនេះ ជាក់ជាមិនខាន»។
អ្នកដឹកនាំសហគមន៍ខ្មែរម្នាក់ទៀត គឺលោក លាង ស៊ីដនី បានប្រៀបធៀបបរិយាកាសនយោបាយនៅក្នុងទីក្រុងឡូវែលនេះ ថាមានលក្ខណៈដូចជាព្យុះភ្លៀងមួយគ្រាៗប៉ុណ្ណោះ។
«អ្នកក្រៅគេឃើញថា អូយើងធ្វើបាតុកម្មអីៗអញ្ចឹង ខ្មែរយើង ច្បាស់ជាបែកបាក់គ្នាក្នុងសង្គមឡូ។ តាមពិត មិនមែនទេ។ យើងឃើញខ្មែរយើង អ្នកខ្លះគឺថានៅអង្គុយញ៉ាំបាយជាមួយគ្នា ប៉ុន្តែ ដូចជាពេលភ្លៀងម្តងៗ គឺមានន័យថា ពេលណាគេយកប្រធានបទណាមួយ ធ្វើឲ្យទីក្រុងឡូ ពុះកញ្ជ្រោល គឺពុះកញ្ជ្រោលមែន ព្រោះហេតុអ្វី? នៅក្នុងទីក្រុងឡូ មានគ្រប់រសជាតិ មានជូរ មានផ្អែម មានប្រៃ មានគ្រប់រសជាតិ»។
ដូចគ្នាដែរ លោក មុំ រ៉ាឌី តំណាងរាស្ត្រប្រចាំសង្កាត់ទី១៨នៃរដ្ឋម៉ាសាឈូសេត ដែលមានដើមកំណើតខ្មែរ ហើយដែលបានឈ្នះការបោះឆ្នោត ធ្វើជាតំណាងរាស្ត្រប្រចាំរដ្ឋនេះសម្រាប់អាណត្តិទី២ទៀតនោះ ក៏មានទស្សនៈស្រដៀងគ្នានេះដែរ។
«បើយើងយកតែការបែកបាក់ៗ លើកយកមកនិយាយទៀត គឺកន្លែងហ្នឹង មិនត្រូវ បាទ អត់ត្រូវទេ។ ខ្ញុំជឿថា យើងត្រូវលប់ពាក្យហ្នឹងចេញ។ យើងត្រូវថា បងប្អូនយើងរួមសាមគ្គីគ្នា។ ហេតុអ្វី ខ្ញុំនិយាយអញ្ចឹង? វត្តអារាមយើងកសាង គឺដោយសារសាមគ្គីគ្នា ហើយប្រសិនបើប្រជាជនយើង មានរាប់សិបពាន់ ហើយយើងមានវត្តតែមួយ យើងចូលក្នុងកម្មវិធីបុណ្យមួយៗ ចូលអត់គ្រប់ផងហ្នឹង»។
ទោះជាយ៉ាងណាក៏ដោយ លោក ខូ តារាឫទ្ធិ អតីតអ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិក និងបច្ចុប្បន្នជាសាស្ត្រាចារ្យអក្សរសាស្ត្រនិងវប្បធម៌ខ្មែរនៅមហាវិទ្យាល័យ Middlesex Community College បាននិយាយថា គណបក្សនយោបាយនិងអ្នកគាំទ្រគណបក្សទាំងនោះ គួរតែផ្ដោតទៅលើការជជែកគ្នាដែលផ្ដល់ប្រយោជន៍ ជាជាងធ្វើឲ្យបែកបាក់គ្នាខាងនយោបាយកាន់តែខ្លាំងជាងនេះទៀត។
«ខ្ញុំដឹងដែរថាមានការឈ្លោះទាស់ទែងគ្នា ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ទៅសហគមន៍ខ្មែរនៅឡូ ថាយើងត្រូវរៀនឈ្លោះ។ ឈ្លោះឲ្យមានប្រយោជន៍ កុំឲ្យឈ្លោះ ដើម្បីឲ្យមានការបែកបាក់តទៅទៀតអ្ហា៎»។
លោកបន្តថា ពលរដ្ឋកម្ពុជាកម្សត់រាប់ជំនាន់មកហើយដោយសារតែការបែកបាក់គ្នាខាងនយោបាយនេះ។ ដូច្នេះ លោកថា ពលរដ្ឋកម្ពុជា មិនថានៅទីណាទេ គួរតែរៀនសូត្រពីមេរៀននេះ ហើយមិនគួរបណ្ដោយខ្លួនឲ្យជាន់ដានប្រវត្តិសាស្ត្រហិនហោចតទៅទៀតទេ៕