ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រកឃើញ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​សារ​ជាថ្មី​ ខណៈ​ការ​ឆ្លង​វីរុស​អូមីក្រុង​បន្ត​កើន​ឡើង​


ពលរដ្ឋតម្រង់ជួររង់ចាំទិញឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ នៅខាងក្រៅក្រសួងប្រៃសណីយ៍កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍នៃវីរុសអូមីក្រុង នៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។
ពលរដ្ឋតម្រង់ជួររង់ចាំទិញឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ នៅខាងក្រៅក្រសួងប្រៃសណីយ៍កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍នៃវីរុសអូមីក្រុង នៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។

ក្រសួង​សុខាភិបាល​ចាប់​ផ្តើម​រក​ឃើញ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​បន្ត​បន្ទាប់​ជា​ថ្មី​ម្តង​ទៀត​ គ្រា​មាន​ការ​វាយ​លុក​ខ្លាំង​របស់​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ (Omicron) ដែល​បង្ក​ការឆ្លង​មិន​ក្រោម​៣០០​នាក់​ក្នុង​មួយ​ថ្ងៃ​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​កម្ពុជា​មិន​ធ្លាប់​ឃើញ​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង​៤០​ថ្ងៃ​មក​ហើយ។​

កាលពី​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​ អាជ្ញាធរ​សុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ចំនួន​២​ករណី ​ហើយ​គិតត្រឹម​ថ្ងៃ​ចន្ទ​ទី​២១​ខែ​កុម្ភៈ​នេះ​ អាជ្ញាធរ​សុខាបាល​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ស្លាប់​៣​ករណី​បន្ថែម​ទៀត​ ដោយ​មិន​មាន​ការ​បញ្ជាក់​ថា​ ករណី​ស្លាប់​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​វីរុស​អូមីក្រុង​ឬ​យ៉ាង​ណា​ទេ។​ ក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​បាន​ស្លាប់​នោះ​ គឺ​មាន​៤​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល។​

អ្នក​ជំនាញ​សុខាភិបាល ​បាន​ផ្តល់​សេចក្តី​ពន្យល់​ថា​ ជំងឺ​កូវីដ១៩ ​ប្រភេទ​អូមីក្រុង​ គឺ​ឆ្លង​រីក​រាល​ដាល​លឿន ​ប៉ុន្តែ​មិន​បង្ក​ការ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទេ។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​ជំនាញ​ថា​ ពលរដ្ឋ​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុខាភិបាល​ និង​ការ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក្រោម​ហេតុផល​ថា​ ​ជំងឺ​កូវីដ១៩ ​ប្រភេទ​អូមីក្រុង​អាច​បង្ក​ឲ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ ​និង​ស្លាប់​បាន​ដែរ​ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ​និង​មាន​ជំងឺ​ប្រចាំ​កាយ​រួម​ផ្សំ​ច្រើន​ ឬ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ជា​ដើម។​

អគ្គ​នាយក​បច្ចេក​ទេស​នៃ​ក្រសួង​សុខាភិបាល ​លោក ​ហុក គឹមចេង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​ករណី​ស្លាប់​ ដោយ​សារ​ជំងឺ​កូវីដ១៩​ ដែល​ក្រសួង​រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ក្រសួង​មិន​បាន​កំណត់​ថា​ ជា​ប្រភេទ​អូមីក្រុង​ ឬ​យ៉ាង​ណា​នោះ​ទេ។​ ប៉ុន្តែ​លោក​ពន្យល់​ថា​ ករណី​ស្លាប់ ​ឬ​ឈឺ​ធ្ងន់ធ្ងរ​ គឺ​បណ្តាល​មក​ពី​បុគ្គល​ទាំង​នោះ​ មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ​និង​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​ទៀត​ ឬ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ ពេល​មាន​ការ​ឆ្លង​រីករាល​ដាល​លឿន​នៃ​ជំងឺ​កូវីដ១៩​ប្រភេទ​អូមីក្រុង​នេះ។​

លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ៖ ​«អង្គការ​សុខភាព​ពិភព​លោក​ក៏​មាន​អនុសាសន៍​រួច​ហើយ​ គឺ​ថា​ក្នុង​ករណី​ដែល​ជំងឺ​កូវីដ១៩ ​ប្រភេទ​អូមីក្រុង [គឺ]​ស្រាល​ទេ ​ ប៉ុន្តែ​វា​ឆ្លង​លឿន។​ អ៊ីចឹង​កាល​ណា​ករណី​ឆ្លង​លឿន ​ហើយ​ច្រើន​មាន​ករណី​ឆ្លង​ច្រើន ​[ឬ]​ឈឺ​ អ៊ីចឹង​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ​និង​មាន​ជំងឺ​រួម​ផ្សំ​ច្រើន​គឺ​អាច​នឹង​មាន​ហានិភ័យ ​ដូចជា​ការ​ស្លាប់ ​ហើយនឹង​ការ​ឈឺ​ធ្ងន់​អី​ហ្នឹង»។​

រូប​ឯកសារ៖ រថយន្តរបស់ក្រុមមន្ត្រីសុខាភិបាល កំពុងដឹកអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូប​ឯកសារ៖ រថយន្តរបស់ក្រុមមន្ត្រីសុខាភិបាល កំពុងដឹកអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌ ​លោក ​អ៊ូច វុទ្ធី ​ថ្លែង​ថា​ ក្រសួង​សុខាភិបាល​ត្រូវ​រឹត​បន្តឹង​ឲ្យ​បាន​ហ្មត់​ចត់​នៅ​តាម​ច្រក​ព្រំដែន ​ទាំង​ផ្លូវ​គោក ​ផ្លូវ​ទឹក ​និង​ផ្លូវ​អាកាស ​ដើម្បី​បញ្ចៀស​ការ​ចម្លង​ចូល​ក្នុង​ប្រទេស​បន្ត​ទៀត។​

សម្រាប់​ការ​ទប់ស្កាត់​ក្នុង​ប្រទេស​វិញ​ លោក​លើក​ឡើង​ថា​ ក្រសួង​សុខាភិបាល ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ត្រូវ​តែ​ដាក់​បុគ្គលិក​ ឬ​អាជ្ញាធរ​សុខាភិបាល​ឲ្យ​តាម​ដាន ​និង​ត្រួត​ពិនិត្យ​លើ​អ្នក​ដែល​សង្ស័យ​ថា​ មាន​អាការៈ​ឆ្លង​ ឬ​មាន​ជំងឺ​កូវីដ១៩​ ដើម្បី​កុំឲ្យ​បុគ្គល​ទាំង​នោះ​អាច​ចេញ​ដើរ​ក្រៅ​ផ្ទះ​បាន​ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា៖ ​«តាម​គំនិត​ខ្ញុំ​ គួរ​ណា​តែ​យើង​មាន​វិធានការ​៣​ហ្នឹង​ឲ្យ​បាន​ហ្មត់ចត់ ទី១​[រឹត​បន្តឹង]​ព្រំដែន ​ទី២ [កូវីដ]​ដែល​ផ្ទុះ​ឡើង​នៅ​កណ្តាល យើង​ញែក​គាត់​ ដើម្បី​ពិនិត្យ​ព្យាបាល​គាត់​ឲ្យ​ជា​ គ្រប់គ្នា​កុំ​ឲ្យ​គាត់​រាល​ដាល​ទៅ​អ្នក​ដទៃ​ទៀត​ ​ទី៣ ​ហើយ​ចុង​ក្រោយ​នេះ ​អេះ​រមាស់​ ​ដូច​ថា​ គាត់​សម្រាក[ព្យាបាល​]នៅផ្ទះ ​បណ្តែត​បណ្តោយ​ឲ្យ​គាត់​ដើរ​ហើយ​ អ៊ីចឹង​ យើង​ត្រូវ​ដាក់​ភ្នាក់ងារ​តាម​មើល​តាម​ពិនិត្យ​គាត់​ដែរ»។​

លោក​បន្ត​ថា​ ក្រសួង​សុខាភិបាល ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹងរឹង​ផង​ដែរ ​ទាក់​ទង​ការ​ជួប​ជុំ​ផឹក​ស៊ី​ នៅ​តាម​ភោជនីយ​ដ្ឋាន​ ឬ​ក្លឹប​កម្សាន្ត ​ឬ​កន្លែង​ផ្សេងៗ​ទៀត ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ការ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​នេះ។ ​លោក​ផ្តល់​ការ​កត់​សម្គាល់​បន្ថែម​ថា ​វីរុស​ប្រភេទ​អូមីក្រុង​នេះ​គឺ​ឆ្លង​លឿន​មែន ​ប៉ុន្តែ​វា​ឆាប់​ជា​ទេ ​ប្រសិន​បើ​ពល​រដ្ឋ​អនុវត្ត​តាម​វិធានការ​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​ ​ធ្វើ​លំហាត់​ប្រាណ​ និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ។​

គួរ​បញ្ជាក់​ថា ​ គិត​ត្រឹមថ្ងៃចន្ទ​ ទី២១ ខែ​កុម្ភៈ​នេះ ​មាន​ករណី​ស្លាប់​ចំនួន​៥​នាក់​ ដែល​ភាគ​ច្រើន​មិន​បាន​ចាក់​វ៉ាក់សាំង។ ​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​នេះ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​នេះ​ គិត​ត្រឹម​ថ្ងៃទី​២០​ ខែ​កុម្ភៈ ​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​អូមីក្រុង​ចំនួន​៤៧៣​ករណី​ដែល​នាំ​ឲ្យ​ករណី​ឆ្លង​វីរុស​អូមីក្រុង​សរុប​ក្នុង​សហគមន៍​កើន​ដល់​៥.៨០៦​ករណី ​ខណៈ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​២.០៥៨៧​ករណី​ ក្នុង​នោះ​មាន​១៥​ករណី ​ដែល​ទើប​រក​ឃើញ​ជា​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង។​

ពលរដ្ឋតម្រង់ជួររង់ចាំទិញឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ នៅក្នុងក្រសួងប្រៃសណីយ៍កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍នៃវីរុសអូមីក្រុង នៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។
ពលរដ្ឋតម្រង់ជួររង់ចាំទិញឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ នៅក្នុងក្រសួងប្រៃសណីយ៍កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍នៃវីរុសអូមីក្រុង នៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។

ដោយ​ឡែក​បើ​តាម​បទ​សម្ភាសន៍​ជាមួយ​ស្ថាប័ន​សារ​ព័ត៌មាន​ BTV​ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​នេះ ​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ​ឱ វណ្ណឌីន​បាន​អត្ថាធិប្បាយ​ថា​ ការ​រីក​សាយ​ភាយ​លឿន​នៃ​វីរុស​ប្រភេទ​អូមីក្រុង​ក្នុង​ប្រទេស​នេះ ​ដោយ​សារ​ប្រភេទ​វីរុស​នេះ​មាន​ល្បឿន​ឆ្លង​លឿន ​និង​ដោយ​សារ​មនុស្ស​មួយ​ចំនួន​មាន​ការ​ខ្វះ​ចន្លោះ ​ក្នុង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល ​ក៏​ដូច​ជា​វិធាន​ការ​រដ្ឋបាល​ ជាពិសេស​ក្នុង​កម្មវិធី​ជួប​ជុំ​ផឹក​ស៊ី ​កម្ម​វិធី​អាពាហ៍ពិពាហ៍​ និង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​មាន​មនុស្ស​ជួប​ជុំ​គ្នា​ជា​ច្រើន​ ដែល​បង្ក​ការ​ងាយ​ស្រួល​ក្នុង​ការ​ចម្លង​មេរោគ។​

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ វីរុស​កូវីដ១៩​ប្រភេទ​អូមីក្រុង​នេះ ​បាន​វាយ​លុក​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ព្រោះ​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​គឺ​សឹងតែ​១០០​ភាគ​រយ​ទៅ​ហើយ​ឆ្លង​វីរុស​ប្រភេទ​អូមីក្រុង​ ដែល​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​ និង​តាម​វិធានការ​រដ្ឋបាល​ដែល​មាន​ជាធរមាន។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ដូច្នេះ​បាន​ជា​យើង​ឃើញ​ហើយ​ថា​ បន្ទាប់​ពី​យើង​រក​ឃើញ​ករណី​ទី១ កំណើន​[តួរលេខ]​វា​ពីរ​ មួយ​ខ្ទង់ ​ឡើង​ទៅ​២​ខ្ទង់។​ ឥឡូវ​ឡើង​៣​ខ្ទង់។ ​ អ៊ីចឹង​នៅ​ក្នុង​ពេល​នេះ​ ប្រសិន​បើ​យើង​ទាំង​អស់គ្នា​ នៅ​តែ​មិន​បន្ត​អនុវត្ត​វិធានការ​ទេ ​[គឺ]៣​ខ្ទង់​នេះ ​វា​នឹង​ឡើង​ទៅ​៤​ខ្ទង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។​

គ្រា​មាន​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ក្នុង​ប្រទេស​ គ្រឹះស្ថាន​អប់រំ​នានា​នឹង​នៅ​បន្ត​ដំណើរ​ជា​ប្រក្រតី ​ប៉ុន្តែ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ត្រូវ​អនុលោម​ទៅ​តាម​គោល​ការណ៍​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ការ​លើក​កម្ពស់​សុវត្ថិភាព​សុខភាព។ ​នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក ​រស់ សុវាចា​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​ថា​ ជា​ទូទៅ​ សាលារៀន​នៅ​ទូទាំង​ប្រទេស​មាន​ដំណើរការ​ជា​ប្រក្រតី​តាម​ការ​គ្រោង​ទុក​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ដែល​ស្របតាម​វិធានការ​សុខាភិបាល។​
លោក​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​ «ករណី​ផ្អាក​ថ្នាក់​រៀន​ ឬ​សាលារៀន​ជា​បណ្ដោះ​អាសន្ន​ដោយ​ផ្តល់​ជូន​ជា​ការ​រៀន​ពី​ចម្ងាយ​និង​តាម​អនឡាញ ​គឺ​អាស្រ័យ​លើ​កម្រិត​ហានិភ័យ​កូវីដ១៩​នៅ​ទីតាំង​ជាក់ស្តែង»។​

លោក​បន្ថែម​ថា​គ្រឹះស្ថាន​សិក្សា​នីមួយៗ​មាន​គណៈកម្មការ​សុខភាព​សិក្សា ​ដែល​ត្រូវ​សហការ​ជាមួយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ ក្នុង​ការ​តាមដាន​ និង​វាយ​តម្លៃ​កម្រិត​ហានិភ័យ​កូវីដ១៩។​ គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​អាច​ស្វ័យ​សម្រេច​ផ្អាក​ថ្នាក់​រៀន ឬ​សាលារៀន​ជា​បណ្ដោះ​អាសន្ន​ដោយ​អនុវត្ត​តាម​គោលការណ៍​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ដែល​ស្របតាម​វិធានការ​សុខាភិបាល៕​

XS
SM
MD
LG