ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ផ្លូវការ​អ្នក​ឆ្លង​កូវីដ១៩ ​ទាប​ជាង​ចំនួន​ដែល​ឆ្លង​ពិត​ប្រាកដ​ ខណៈ​វីរុស​អូមីក្រុង​កំពុង​សាយ​ភាយ


រូបឯកសារ៖ ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ១៩ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា​ ចំនួន​អ្នក​ឆ្លង​កូវីដ១៩​ ក្នុង​ប្រទេស​កម្ពុជា​មាន​ជាង​៤០០​នាក់​ ដែល​ជា​ប្រភេទ​អូមីក្រុង​ទាំង​អស់ ​សម្រាប់​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០២២​នេះ។ ​ប៉ុន្តែ​ ចំនួន​អ្នក​ឆ្លង​ពិត​ប្រាកដ​ត្រូវ​បាន​មើល​ឃើញ​ថា​ខ្ពស់​ជាង​នេះ ​ដោយ​សារ​ប្រជា​ពលរដ្ឋ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ ​ក្រោយ​ធ្វើ​តេស្ត​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូវីដ១៩ ​ដោយ​ខ្លួន​ឯង​ តាម​ឧបករណ៍​តេស្ត​រហ័ស។​

ទិន្នន័យ​ដែល​រដ្ឋាភិបាល​កត់​ត្រា​សម្រាប់​ការ​ឆ្លង​មួយ​ថ្ងៃ ​គឺ​ជា​ការ​បញ្ជាក់​លទ្ធផល​តាម​ការ​ធ្វើ​តេស្ត​ធំ​ប្រភេទ​ PCR ​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ធ្វើ​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ចំនួន។​

ប្រជា​ពលរដ្ឋ​ បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ដើម្បី​ពិនិត្យ​សុខភាព​របស់​ពួកគេ​ថា​ តើ​មាន​ឆ្លង​ជំងឺ​កូវីដ១៩​ ប្រភេទ​អូមីក្រុង​ ឬ​យ៉ាងណា ​ខណៈ​វីរុស​នេះ​ កំពុង​សាយ​ភាយ​ក្នុង​ផ្ទៃ​ប្រទេស។ ​អ្នក​ខ្លះ ​ក៏​ទៅ​ធ្វើ​តេស្ត​នៅ​តាម​មន្ទីរ​ពេទ្យ ​ដូច​ជា​មន្ទីរ​ពេទ្យ​រុស្ស៊ី ​ដើម្បី​បញ្ជាក់​លទ្ធ​ផល​ពិត​ប្រាកដ​ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​រង់​ចាំ​ផង​ដែរ ​ដោយ​សារ​មាន​មនុស្ស​ទៅ​ធ្វើ​តេស្ត​ច្រើន។​

កាល​ពី​ថ្ងៃ​ពុធ​ ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​មាន​ជិត​២០០​ករណី។ ​ ចំណែក​កាល​ពី​ថ្ងៃ​អង្គារ​ ក្រសួង​រាយ​ការណ៍​ករណី​ឆ្លង​មាន​ជិត​១៨០​នាក់។​ ករណី​ឆ្លង​វីរុស​ប្រភេទ​អូមីក្រុង​ក្នុង​សហគមន៍​សរុប​កើន​ដល់​ជាង​៣៦០០​នាក់ ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌ ​លោក ​អ៊ូច វុទ្ធី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​សង្កេត​ឃើញ​ថា ​ស្ថាន​ភាព​ឆ្លង​ជំងឺ​កូវីដ១៩​ នា​ពេល​បច្ចុប្បន្ន​ មាន​សន្ទុះ​ខ្លាំង ​ដោយ​សារ​ការ​ឆ្លង​រហ័ស​នៃ​វីរុស​កូវីដ១៩​ប្រភេទ​អូមីក្រុង ​ដែល​ជា​ប្រភេទ​វីរុស​ត្រូវ​គេ​មើល​ឃើញ​ថា​ ឆ្លង​ខ្លាំង​បំផុត ​តែ​មិន​បង្ក​ឲ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ ​និង​ស្លាប់​ច្រើន​ទេ។​បើ​ទោះ​បី​ជា​ទិន្នន័យ​ផ្លូវ​ការ​បង្ហាញ​ចំនួន​អ្នក​ឆ្លង​ក្នុង​កម្រិត​ទាប​លោក​ជំរុញ​ឲ្យ​លើក​កម្ពស់​ការ​ធ្វើ​តេស្ត​រហ័ស​ទូលំទូលាយ​ឡើង​វិញ ​ ខណៈ​មាន​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​សហគមន៍​សា​ជាថ្មី។​

លោក​ថ្លែង​ថា៖ ​«អត់​អាច​អត់​ប្រើ​ Rapid Test​ (តេស្ត​រហ័ស)​ បាន​ទេ។ ​ Rapid Test ​នេះ​សំខាន់​ណាស់។ ​ខ្ញុំ​តែង​តែ​លើក​ និង​ទទូច​ទៅ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​លោក​យក​អាហ្នឹង​មក​មើល​វិញ។ ​ឥឡូវ​ហ្នឹង​ ឃើញ​មើល​អាហ្នឹង វា​ល្អ»។​

លោក ​អ៊ូច វុទ្ធី ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​តាម​ដាន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ព័ត៌មាន​ស្តីពី​ការ​បង្ការ ​និង​របៀប​ព្យាបាល​ជំងឺ​កូវីដ១៩ ​តាម​បទដ្ឋាន​សុខាភិបាល ​ក៏​ដូច​ជា​រាយ​ការណ៍​ឲ្យ​បាន​ទាន់​ពេលវេលា​ទៅ​កាន់​អាជ្ញាធរ ​ឬ​មណ្ឌល​សុខភាព​ក្នុង​ករណី​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ១៩។​

កាល​ពី​ថ្ងៃ​ពុធ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ជំរុញ​សាជាថ្មី​នូវ​ការ​បង្ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​ និង​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទីបី ​ខណៈ​ពេល​មាន​សន្ទុះ​កើន​ឡើង​នូវ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ។ ​លោក​ក៏​បាន​លើក​ឡើង​អំពី​ប្រជា​ពលរដ្ឋ​ព្យាបាល​តាម​ផ្ទះ​ដោយ​ខ្លួន​ឯង​ ហើយ​មិន​បាន​រាយ​ការណ៍​ទៅ​ក្រសួង​សុខាភិបាល​ដើម្បី​ចង​ក្រង​ទិន្នន័យ​អ្នក​ឆ្លង​ពិត​ប្រាកដ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​បើ​យោង​ទៅ​តាម​អ្វី​ដែល​យើង​បាន​ដឹង​ នៅ​តាម​ផ្ទះ​នីមួយៗ​ធ្វើ​តេស្ត​ខ្លួន​ឯង​...​ តេស្ត​ដឹង​ទៅ !​ ព្យាបាល​នៅ​ផ្ទះ។​អត់​មក​ចុះ​បញ្ជី​ទេ​...​អត់​ចុះ​បញ្ជី​អី​ទេ។​ នៅ​មាន​អា​ធុន​ហ្នឹង»។

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ​ឱ វណ្ណឌីន​ បាន​ឆ្លើយ​តប​សំណួរ​វីអូអេ​យ៉ាង​ខ្លី​តាម​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម​ ដោយ​អ្នកស្រី​ស្នើ​ឲ្យ​ពិនិត្យ​មើល​សេចក្តី​ណែនាំ​ក្រើន​រំឭក​ការ​ពង្រឹង​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ការ​គ្រប់គ្រង​ ថែទាំ​ និង​ព្យាបាល​ជំងឺ​កូវីដ១៩ ​នៅ​តាម​ផ្ទះ ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កុម្ភៈ។​

បើ​តាម​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល ​ អ្នកស្រី ​ឱ វណ្ណឌីន ​ថ្លែង​ថា​ បើ​ប្រជា​ពលរដ្ឋ​មាន​ការ​សង្ស័យ ​សុំ​ធ្វើ​តេស្ត​រហ័ស​ដោយ​ខ្លួន​ឯង​ហើយ​បើ​វិជ្ជមាន​កូវីដ១៩​ សុំ​នៅ​ដាច់​ដោយ​ឡែក ​ហើយ​អនុវត្ត​ការ​ព្យាបាល​និង​ថែទាំ​នៅ​តាម​ផ្ទះ​ឲ្យ​បាន​ហ្មត់ចត់​ ចៀស​វាង​ការ​ចម្លង​បន្ត​ទៅ​សមាជិក​គ្រួសារ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ដោយ​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​ប្រតិបត្តិ​សម្រាប់​ការ​ព្យាបាល ​និង​ថែ​ទាំ​តាម​ផ្ទះ។​

ទោះ​ជា​យ៉ាងណា ​ក្រសួង​នេះ​ មិន​បាន​បញ្ជាក់​ថា ​តើ​ប្រជា​ពលរដ្ឋ​អាច​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ ឬ​កន្លែង​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​បាន​ឬ​យ៉ាងណា ​ ប្រសិន​បើ​ផ្ទះ​របស់​ពួក​គេ ​មិន​មាន​លក្ខណៈ​សមរម្យ ដើម្បី​បញ្ចៀស​ការ​ឆ្លង។​

កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ ​ ក្រសួង​សុខាភិបាល ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បញ្ជាក់​ថា ​ចំពោះ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ពេញ​លេញ ​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ​ក្រោយ​បញ្ចប់​ការ​ព្យាបាល​ឡើយ។​ ចំពោះ​អ្នក​ដែល​ពុំ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​៧​ថ្ងៃ ​ក្រោយ​ពី​បញ្ចប់​ការ​ព្យាបាល​នៅ​ផ្ទះ។​

លោក​ វ៉ន ដារ៉ា​ អាយុ​៣១​ឆ្នាំ ​ជា​អ្នក​សារ​ព័ត៌មាន​មួយ​រូប ​ដែល​ទើប​នឹង​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩​ ថ្លែង​ថា​ លោក​សង្ស័យ​ថា ​លោក​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ ពី​ការ​ទៅ​ចូល​រួម​ពិធី​អាពាហ៍​ពិពាហ៍​មួយ​នៅ​ខេត្ត​កំពត​ កាល​ពី​ពីរ​សប្តាហ៍​មុន។ លោក​បន្ត​ថា​ នៅ​ពេល​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩ លោក​បាន​សម្រេច​ព្យាបាល​នៅ​ផ្ទះ ​ដោយ​សារ​ជំងឺ​លោក​មាន​អាការៈ​ស្រាល។ ហើយ​មក​ទល់​ពេល​នេះ ​លោក​បាន​ជា​សះ​ស្បើយ​ហើយ​ ប៉ុន្តែ​ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក ​ឬ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។​

លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​សង្ស័យ​ឆ្លង​ជំងឺ​កូវីដ១៩​ ត្រូវ​ធ្វើ​តេស្ត​រហ័ស ​ហើយ​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​ករណី​រក​ឃើញ​វិជ្ជមាន​កូវីដ១៩។​

លោក​ថ្លែង​ថា៖​ «សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​គាត់​សង្ស័យ​ ខ្ញុំ​ជំរុញ​ថា​គួរ​នាំ​គ្នា​ធ្វើ​ Rapid Test ​ ហើយ​បើ​សិន​ជា​ធ្វើ ​Rapid Test ឃើញ​ សុខភាព​យើង​មិន​មាន​ការ​ធ្វើ​ទុក្ខ​ខ្លាំង​ទេ ​គួរ​តែ​ស្នើ​អាជ្ញាធរ​ ក៏​ដូច​ជា​ផ្នែក​សុខាភិបាល​ព្យាបាល​នៅ​ផ្ទះ​ទៅ»។

គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​មិន​ទាន់​មាន​ចំណាត់​ការ​រឹត​បន្តឹង​ការ​ជួប​ជុំ​នៅ​ឡើយ​ទេ ​ដោយ​គ្រាន់​តែ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កាត់​បន្ថយ​ការ​ជួបជុំ។ ​រដ្ឋាភិបាល​ក៏​សម្រុក​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទី​បី​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែរ​ ដែល​រហូត​មក​ដល់​ពេល​នេះ ​ចាក់​បាន​ប្រមាណ​៦​លាន​២០​ម៉ឺន​នាក់​ហើយ។​

ទោះ​ជា​យ៉ាងណា អ្នក​ចាក់​វ៉ាក់សាំង​៣​ដូស​រួច​ហើយ​នៅ​តែ​អាច​ឆ្លង​ជំងឺ​កូវីដ។ ​ កាល​ពី​កន្លង​ទៅ​ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ឈឺ​ធ្ងន់ធ្ងរ ​រហូត​ដល់​ស្លាប់​ឡើយ៕

XS
SM
MD
LG