រដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំចាប់ពីថ្ងៃទី២៣ខែកុម្ភ:ខាងមុខនេះ ដោយលើកឡើងពីការបារម្ភចំពោះការឆ្លងរាលដាលកើនឡើងយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី អូមីក្រុង ក្នុងប្រទេស។
ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាវ៉ាក់សាំងសម្រាប់ចាក់កុមារក្នុងក្រុមអាយុពី៣ទៅក្រោម៥ឆ្នាំនេះគឺវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាក់ពីរដូសដែលដុសទី១និងទី២មានគម្លាត២៨ថ្ងៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែកុម្ភៈ បានអំពាវនាវឲ្យឳពុកម្តាយនិងអាណាព្យាបាលនាំកូនចៅរបស់ពួកគេទៅទទួលវ៉ាក់សាំងបង្ការកូវីដ១៩ ដោយលោកប្រកាសថាចៅម្នាក់របស់លោកក៏បានឆ្លងកូវីដ១៩ដែរ។
«និយាយដោយត្រង់ សូម្បីតែចៅទី២១របស់ខ្ញុំ ព្រះករុណខ្ញុំ ដែលទើបនឹងមានអាយុមិនទាន់ដល់២ខួប ក៏ទទួលការឆ្លងផងដែរ»។ កុមារដែលមានអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ មានចំនួនប្រមាណ៧ម៉ឺននាក់។
កម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ១៩ខ្ពស់ជាងគេមួយក្នុងពិភពលោក ដោយបានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនដែលមានអាយុចាប់ពី៥ឆ្នាំឡើងបានរហូតដល់ជិត៩០ភាគរយនៃចំនួនប្រជាជនសរុប១៦លាននាក់។
ដោយឡែក នៅសហរដ្ឋអាមេរិក វ៉ាក់សាំងប្រភេទPfizerសម្រាប់កុមារដែលមានអាយុក្រោម៥ឆ្នាំ នៅមិនទាន់ត្រូវបានអនុម័តដោយអាជ្ញាធរសុខាភិបាលនៅឡើយទេគិតត្រឹមសប្តាហ៍នេះ ដោយសារគេនៅមិនទាន់ប្រាកដអំពីបរិមាណនៃវ៉ាក់សាំងសម្រាប់ក្រុមមនុស្សក្នុងវ័យនេះថាតើគួរចាក់ពីរឬបីដូស ដើម្បីឲ្យមានប្រសិទ្ធភាព និងមិនមានផលប៉ះពាល់ដល់កុមារ។ នេះបើផ្អែកតាមសារព័ត៌មានThe New York Times។
នៅក្នុងការវិវត្តមួយផ្សេងទៀតគឺប្រជាជនរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន សម្តែងការជឿទុកចិត្តទៅលើវ៉ាក់សាំងដែលផលិតនៅសហរដ្ឋអាមេរិកជាងគេ។ នេះបើយើងតាមការសិក្សាស្ទង់មតិថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ដោយមជ្ឈមណ្ឌលសិក្សាអាស៊ាន នៃវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី។
របាយការណ៍ដែលស្ទង់មតិពលរដ្ឋសរុបចំនួន១៦៧៧នាក់នៅក្នុងប្រទេសទាំង១០ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ាន បង្ហាញថាជិត៥៥%នៃអ្នកចូលរួមក្នុងការស្ទង់មតិនេះ ទុកចិត្តជាងគេទៅលើវ៉ាក់សាំងប្រភេទmRNAគឺPfizer និងModerna ដែលផលិតនៅសហរដ្ឋអាមេរិក បើធៀបនឹងប្រភេទវ៉ាក់សាំងផលិតនៅចិន រុស្សី និងឥណ្ឌា។
របាយការណ៍ដែលមានចំណងជើងថាស្ថានភាពនៃតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២២(The State of Southeast Asia 2022) បានឲ្យដឹងថាប្រភេទវ៉ាក់សាំងដែលប្រជាជននៅក្នុងតំបន់នេះទុកចិត្តជាងគេទី២បន្ទាប់ពីវ៉ាក់សាំងអាមេរិកគឺស៊ីណូវ៉ាក់និងស៊ីណូហ្វាមដែលផលិតក្នុងប្រទេសចិន ដោយអត្រាអ្នកឆ្លើយជ្រើសរើសប្រភេទវ៉ាក់សាំងនេះមាន១៨,៧%។
អ្នកចូលរួមក្នុងការស្ទង់មតិនេះចំនួន១៣,៧%ឆ្លើយថាពួកគេទុកចិត្តលើវ៉ាក់សាំងប្រភេទណាក៏បាន ខណៈ៩,២% ទុកចិត្តលើវ៉ាក់សាំងAstraZenecaនិងមិនដល់១%ផង ទុកចិត្តលើវ៉ាក់សាំងផលិតនៅប្រទេសរុស្សី។
ប្រទេសដែលមានពលរដ្ឋបានចាក់វ៉ាក់សាំងពេញលេញច្រើនជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ានគឺប្រទេសប៊ុយណេ ដែលមានអត្រាជាង៩៣%។ ប្រទេសស្ថិតនៅលំដាប់លេខរៀងទី២គឺសិង្ហបុរី ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងពេញលេញជាង៨៤%។ រីឯ កម្ពុជាស្ថិតនៅលេខរៀងខ្ពស់ជាងគេទី៣ក្នុងតំបន់គឺជាង៨៣ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក។
គិតត្រឹមថ្ងៃទី១៨ខែកុម្ភៈនេះ វ៉ាក់សាំងចំនួនជាង១០ពាន់លានដូស ត្រូវបានចាក់ដល់ពលរដ្ឋនៅទូទាំងសកលលោក ខណៈជំងឺកូវីដបានឆ្លងដល់មនុស្សជាង៤២០លាននាក់ និងសម្លាប់មនុស្សអស់ជិត៦លាននាក់ហើយ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkinsដដែល៕