ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្ពុជា​និង​អាស៊ី​អាគ្នេយ៍ ប្រតិកម្ម​តប​មិន​ធ្លាប់​មាន​ទៅ​នឹង​សង្គ្រាម​រុស្ស៊ី​លើ​អ៊ុយក្រែន


រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។

ក្នុង​ពេល​អ្វី​ដែល​ទីក្រុង​មូស្គូ​បរិយាយ​ថា ​ជា​«ប្រតិបត្តិការ​យោធា​ពិសេស»​ចូល​ឈ្លាន​ពាន​លុក​លុយ​ប្រទេស​អ៊ុយក្រែន​ ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កំពុង​ទទួល​ជួប​សម​ភាគី​ម៉ាឡេស៊ី​ដែលមក​បំពេញ​ទស្សនកិច្ចនៅ​ទីក្រុង​ភ្នំពេញ។

ចេញ​ក្រៅ​ជំនួប​លោក ​ហ៊ុន សែន​ មិន​បាន​ធ្វើ​សេចក្ដីថ្លែង​ការណ៍នាំ​មុខ​អ្វី​ទេ​ ទាក់​ទិន​នឹង​ការ​លើក​ទ័ព​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយក្រែន រហូត​ទាល់តែ​មាន​សំណួរ​របស់អ្នក​កាសែតសួរ​នាំ​អំពី​ស្ថាន​ការណ៍​ខាង​លើ​ ទើប​អ្នក​ដឹកនាំ​កម្ពុជា ​ដែល​ជាប្រធាន​អាស៊ាន​រូប​នេះ​ បន្លឺ​វាចា​ដោយ​ប្រុង​ប្រយ័ត្ន៖

«ប៉ុន្តែ​ព្រឹត្តិការណ៍​នៅ​អ៊ុយ​ក្រែន​ជា​អ្វី​ដែល​យក​មក​ពិភាក្សាក្នុង​ភាព​ស្ងាត់​ស្ងៀម។ ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី Ismail និង​ខ្ញុំ គឺ​បាន​យល់​ស្រប​គ្នា​ថា ទាមទារ​នូវ​កិច្ច​សន្ទនា ​និង​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី»។

យ៉ាង​ណា​ក៏​ដោយ​ ខណៈ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​រំលង​បាន​ពេល​ហួស​មួយ​សប្ដាហ៍​មក​នេះ ​ប្រតិកម្ម​ និង​ជំហរ​របស់​កម្ពុជា ​និង​បណ្ដា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ​នូវ​សញ្ញាណ​ និង​កម្រិត​មិន​ធ្លាប់​មាន​មួយ​ ក្នុង​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​សាកល​លោក​មួយ​នេះ។

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​បង្ហាញពី​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​សម័យ​ប្រជុំ​ពិសេស គ្រាអាសន្ន​លើក​ទី១១ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅក្នុងNew York កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​បង្ហាញពី​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​សម័យ​ប្រជុំ​ពិសេស គ្រាអាសន្ន​លើក​ទី១១ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅក្នុងNew York កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

ក្នុងការ​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​មួយ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ប្រទេស​ចំនួន​៩​ក្នុង​ចំណោម​រដ្ឋ​សរុប​១១​នៅ​អាស៊ីអាគ្នេយ៍រួម​ទាំង​កម្ពុជា​ផង ​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ទទូច​ឱ្យ​រុស្ស៊ី​បញ្ឈប់​សកម្ម​ភាព​ឈ្លាន​ពាន​យោធា​លើ​ប្រទេស​អ៊ុយក្រែន។ ក្នុង​តំបន់​ដដែល​នេះ​ មាន​តែ​ឡាវ ​និង​វៀតណាម​ប៉ុណ្ណោះ​ ដែល​បាន​បោះឆ្នោត​អនុបវាទ។

មិន​ត្រឹម​តែ​បាន​បោះឆ្នោត​គាំទ្រ​នោះ​ទេ ក្រោម​ការ​បញ្ចុះ​បញ្ចូល​ក្រោយ​ឆាក​ពី​សំណាក់ អាល្លឺ​ម៉ង់ ជប៉ុន បារាំង និង​សហរដ្ឋ​អាមេរិក ប្រទេស​កម្ពុជា ​ក៏​បាន​ចូល​ឈ្មោះ​ជា​សហ​ស្ថាបនិក​ផ្ដួច​ផ្ដើម​នៃ​សេចក្ដី​សម្រេច​នេះ​ផង​ដែរ រួម​ជាមួយ​ប្រទេស​សិង្ហបុរី។

នៅ​មុន​ការ​បោះឆ្នោត​នៅ​បុរី​ New York លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​ក្នុង​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​កាន់​អំណាច​ ដែល​ខ្លឹម​សារ​ដើម​ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​យក​មកផ្សព្វផ្សាយក្នុង​អត្ថន័យ​សម្រង់​ដើម​យ៉ាង​ដូច្នេះ​ថា៖

«វា​មាន​ការ​ចាំបាច់ យើង​សម្រេច​ធ្វើ Co-Sponsor (សហ​ស្ថាបនិក​ផ្ដួច​ផ្ដើម)​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត ដើម្បី​ចូល​រួម​នៅ​ក្នុង​មហា​សន្និបាត អង្គការ​សហ​ប្រជាជាតិ ​ ដែល​នេះ ​គឺ​ជា​ជំហរ​ដោយ​ឡែក​របស់​កម្ពុជា។ សង្ឃឹម​ថា​មិត្ត​រុស្ស៊ី​របស់​យើង​នឹង​យល់ ព្រោះ​អ្វី​ដែល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ គឺ​កម្ពុជា​យើង​ផ្ទុយ​នឹង​គោលការណ៍​របស់​កម្ពុជា​យើង​លើ​នយោបាយ​ការបរទេស»។

លោក Bilahari Kausikan អ្នក​ការ​ទូត​ចូល​និវត្តន៍​របស់​សិង្ហបុរី បាន​ប្រាប់​វីអូអេ​ថា​ លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ​ចំពោះ​ការ​ចេញ​មុខ​ខ្លាំង​ក្លា​របស់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅ​ អ.ស.ប. លើ​សេចក្ដី​សម្រេច​ជំទាស់​នឹង​សកម្ម​ភាព​របស់​រុស្ស៊ី។

«បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​នានា​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​នោះ​ បាន​ធ្វើ​ដូច្នោះ​ដ្បិត​ចង់​បង្ហាញ​ការ​គាំទ្រ​ដល់​ច្បាប់​អន្តរ​ជាតិ​ និង​ធម្មនុញ្ញ​ អ.ស.ប. មិន​មែន​ចង់​ទៅ​ប្រឆាំង​រុស្ស៊ី​នោះ​ទេ។ នេះ​ ជា​សង្គ្រាម​របស់​ Putin មិន​មែន​ជា​សង្គ្រាម​របស់​រុស្ស៊ី​នោះ​ទេ»។

លោក Kausikan អតីត​ឧត្តម​មន្ត្រី​ជា​លេខា​អចិន្រ្តៃយ៍​នៅក្រសួង​ការ​បរទេសសិង្ហបុរី បាន​បន្ថែម​ថា លោក​មិន​មាន​ជំនឿ​ថា ​រុស្ស៊ី​នឹង​ធ្វើ​ការ​តប​ត​អ្វី​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​បោះឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​ អ.ស.ប. ប្រឆាំង​នឹង​ទង្វើ​ខ្លួន​ឡើយ។

«យ៉ាងណា​ក៏​ដោយ​រុស្ស៊ី​មិន​មែន​ជា​ដៃ​គូ​សេដ្ឋកិច្ច​ ឬ​យុទ្ធ​សាស្ត្រ​អ្វី​សំខាន់​សម្រាប់​បណ្ដា​សមា​ជិក​អាស៊ាន​ឡើយ​ វៀរលែង​តែ​សម្រាប់​វៀតណាម ​និង​មីយ៉ាន់ម៉ា ដែល​រុស្ស៊ី​ជា​អ្នក​ផ្គត់​ផ្គង់​អាវុធ​សំខាន់​ដល់​ពួក​គេ។ ដូច្នេះ​ការ​តប​ត​មកវិញ​ពី​សំណាក់​រុស្ស៊ី ​នឹង​មាន​កម្រិត​ បើ​សិន​វា​ពិត​ជា​មាន​ការ​តប​ត​មែន​នោះ។ ទំនាក់​ទំនង​រុស្ស៊ី-អាស៊ាន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បឋម​ក្នុង​កសាង​មូលដ្ឋាន​នៅ​ឡើយ។ ទីក្រុង​មូស្គូ​ប្រហែល​ជា​ត្រូវ​ថ្លឹង​ថ្លែង​ហើយ​រវាង​ការ​រំខាន​រយៈពេល​ខ្លី​ដែល​ខ្លួន​កំពុង​បង្ក ហើយ​នឹង​ប្រយោជន៍​រយៈពេល​វែង​របស់​ខ្លួន»។

នៅ​ប្រទេស​ភូមា​ របប​សឹក​និង​រដ្ឋាភិបាល​និរទេស​ខ្លួន​បាន​បង្ហាញ​ជំហរ​ផ្ទុយ​គ្នា ដោយ​របប​សឹក​បាន​សម្ដែង​ការ​គាំទ្រ​ដល់​រុស្ស៊ី។ រីឯ​រដ្ឋាភិបាល​និរទេស​ខ្លួន​ដែល​មាន​ឯក​អគ្គ​រដ្ឋ​ទូត​នៅ​អ.ស.ប.​ បាន​សម្ដែង​ការ​គាំទ្រ​ដល់​អ៊ុយក្រែន ​និង​បាន​បោះឆ្នោត​តំណាង​ភូមា​គាំទ្រ​សេចក្ដី​សម្រេច​ខាង​លើ។

ប្រទេស​ឡាវ ​និង​ប្រទេស​វៀតណាម​ ដែល​ដូច​គ្នា​នឹង​ប្រទេស​កម្ពុជា​មុន​ឆ្នាំ​១៩៩១​ដែរ​ ជា​រដ្ឋ​កុម្មុយ​និស្ដ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ប្លុក​ខាង​កើត​ដែល​មាន​សហភាព​សូវៀត​ជា​រៀម​ច្បង។

សិង្ហបុរី​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ក្នុង​សប្ដាហ៍​កន្លង​មក​បាន​ចូល​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ កាណាដា សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង អូស្ត្រាលី និង​ជប៉ុន ក្នុង​ការ​កៀប​សង្កត់​ទីក្រុង​មូស្គូ​ដោយ​ប្រើ​មធ្យោបាយ​ទណ្ឌកម្ម​ហ៊ុម​ព័ទ្ធ​ដ៏​សម្បើម តប​នឹង​ការ​ឈ្លាន​ពាន​នេះ។

ប្រទេស​ហ្វីលីពីន​ ដែល​មាន​ប្រធានាធិបតី Rodrigo Duterte ធ្លាប់​សម្ដែង​ការ​ស្និទ្ធ​ស្នាល​និយម​ចូល​ចិត្ត​លោក Putin នោះ​ ក៏​បាន​ចេញ​មុខ​ថ្កោល​ទោស​រុស្ស៊ី​ដែរ។

រុស្ស៊ី​បាន​លើក​ឡើង​ថា​ ខ្លួន​លើក​ទ័ព​ចូល​អ៊ុយ​ក្រែន​ដើម្បី​រំលាយ​អង្គការ​ចាត់​តាំង​យោធា​និង​នយោបាយ​ និងអ្វី​ដែល​មូស្គូ​ហៅ​ថា ​ជា​«អំពើ​ណាស៊ី»​របស់​ទីក្រុង​គៀវប្រ​ព្រឹត្ត​លើ​ពលរដ្ឋ​ដែល​មាន​ពូជ​ពង្ស​រុស្ស៊ី​លើ​ទឹក​ដី​អ៊ុយក្រែន តែ​អ៊ុយ​ក្រែន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពីរ​ដាច់​ដោយ​ឡែក​របស់​អាស៊ាន​នៅ​សប្ដាហ៍​កន្លង​មក​នេះ​ មិន​បាន​និយាយ​ពាក្យ​ថា ​«រុស្ស៊ី»​សូម្បី​តែ​មួយ​ម៉ាត់ ​តែ​បាន​ស្នើ​ឱ្យ​មាន​ការ​ដាក់​ចេញ​នូវ​បទ​ឈប់​បាញ់ ការ​ងាក​មក​រក​តុ​ចរចា និង​ការ​គោរព​អធិបតេយ្យ​ បូរណភាព​ទឹក​ដី​ និង​ឯក​រាជ​ភាព​របស់​រដ្ឋ​នីមួយៗ​ដែល​មាន​តម្លៃ​ស្មើៗ​គ្នា។​

លោក ប៉ូ សុវីនដា បេក្ខ​ជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ ​Griffith ប្រទេស​អូស្ត្រាលី​បាន​លើក​ឡើង​ថា ​ការ​ឆ្លើយ​តប​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​នឹង​វិបត្តិ​នៅ​អ៊ុយ​ក្រែន​បង្ហាញ​ពី​មតិ​ទស្សនៈ​យល់​ឃើញ​របស់​រដ្ឋ​នីមួយៗ​នៅ​ទីនេះ​លើ​បញ្ហា​សន្តិភាព ​និង​សន្ដិសុខ​ជាតិ​របស់​គេ​នីមួយៗ។

អ្នក​វិភាគ​កិច្ច​ការ​អន្តរ​ជាតិ​រូប​នេះ​ បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា៖

«លទ្ធផល​បោះឆ្នោត​[នៅ អ.ស.ប.] បង្ហាញ​ថា ​រុស្ស៊ី​បាន​បាត់​បង់​ឥទ្ធិពល​នយោបាយ​ សេដ្ឋកិច្ច​ និង​យោធា​របស់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ទៅ​ហើយ។ ... រុស្ស៊ី​មិន​មាន​កម្លាំង​ស្មារតី​និង​ធន​ធាន​សេដ្ឋកិច្ច​និង​នយោបាយ​ដើម្បី​ពង្រាយ​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឡើយ»។

លោក ប៉ូ សុវីនដា ​ប្រាប់​វីអូអេបន្ថែមក្នុង​អត្ថន័យ​ដើម​ថា៖ «ផល​ប៉ះពាល់​នៃ​សង្គ្រាម​នេះ​មក​លើ​សន្ដិសុខ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​តិចតួច​ណាស់។ ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ​ដែល​បណ្ដា​រដ្ឋ​អាស៊ី​អាគ្នេយ៍​មាន​នោះ​ ​គឺ​ការ​បំពាន​រំលង​ច្បាប់​ទម្លាប់​អន្តរ​ជាតិ​ដែល​បាន​ការពារ​បណ្ដា​រដ្ឋ​តូចៗ​តាំង​ពី​ចុង​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​មក»។

បណ្ឌិត Evan Laksmana អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី NUS លើក​ឡើង​ថា​ អ្នក​គន់​គូរ​ផ្នែក​យុទ្ធសាស្ត្រ​តាម​បណ្ដា​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​ទំនង​កំពុង​មើល​វិបត្តិ​នេះ​ដោយ​ក្ដី​បារម្ភ​អំពី​ភាព​កម្រោល​របស់​មហា​អំណាច។

«ការ​ឈ្លាន​ពាន​នេះ​ បាន​ប្រាប់​ឱ្យ​យើង​ដឹង​ថា​ កល​យុទ្ធ​តំបន់​ប្រផេះ​ដែលមហា​អំណាចធំៗ​ បាន​កំពុង​ប្រើ​ប្រាស់​ មិន​ថា ​នៅ​អ៊ុយក្រែន ឬ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ប្រហែល​ជា​ប្រផ្នូល​ផ្ដើម​នៃ​សង្គ្រាម​ពេញ​ទី ជា​ជាង​ជម្រើស​ផ្សេង​ទៀត»។

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​ ថ្លែង​បន្ត​ប្រាប់​វីអូអេ​ថា ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​លើក​នេះ​ មាន​ផល​ជះ​លើ​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន និង​លើ​ការ​គណនា​និង​សម្រេច​របស់​អ្នក​យុទ្ធសាស្ត្រ​សម្រេច​ចិត្ត​សំខាន់ៗ​នៅ​ទីក្រុង​ប៉េកាំង​ ដែល​កំពុង​តាម​ដាន​ដក​ស្រង់​មេរៀន​ពី​ទង្វើ​របស់​រុស្ស៊ី​ថា​នឹង​ចំណេញ​ឬ​ខាត។

«ខ្ញុំ​គិត​ថា​បើ​តាម​មើល​ការ​ឆ្លើយតប​ដោយ​ឯកភាព​គ្នា​នៃ​បណ្ដា​សម្ព័ន្ធមិត្ត​និង​ដៃគូរបស់​សហរដ្ឋ​អាមេរិក និង​ការ​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាល្លឺម៉ង់ ​និង​មហាអំណាច​អឺរ៉ុប​ផ្សេង​ទៀត​ក្នុង​ការ​រុញ​តប​ត​នឹង​រុស្ស៊ី​នា​ខណៈ​នេះ សង្គ្រាម​នេះ​ប្រហែល​ជា​ជាក់​ស្ដែង​ជួយ​ដល់ទីក្រុង​វ៉ាស៊ីងតោន​ក្នុង​ការ​ប្រជែង​ជាមួយ​ចិន​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ កាល​មុនពេល​អឺរ៉ុបមិន​ស្រុះ​ស្រួល​គ្នា​ វា​ជា​ការ​ចំណេញ​សម្រាប់​ចិន និង​ជា​រឿង​ខាត​សម្រាប់​អាមេរិក។ ឥឡូវ​នេះ​សមីការ​បាន​ប្រែប្រួល​ហើយ»។

​ចំពោះ​អ្វី​ទៅ​ដែល​រដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​អាច​រៀប​ចំ​ខ្លួន​ នៅ​ចំពោះ​មុខ​បរិបទ​នៃ​ឋានានុក្រម​សកល​លោក​ថ្មី​បង្កើត​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន​លើក​នេះ​នោះ លោក Bilahari Kausikan អតីត​អ្នក​ការ​ទូត​សិង្ហបុរី បាន​បន្ថែម​ថា៖

«យើង​គួរ​ឃ្លាំមើល​ពិនិត្យ​ពិច័យ​លើ​ប្រយោជន៍​របស់​យើង​ខ្លួន​ឯង​ និង​មិន​ត្រូវ​តោង​ភ្លេចនោះ​ទេ​ថា ករណីយ​កិច្ច​របស់​យើង ​គឺ​មិនមែន​ធ្វើ​តម្រូវ​ចិត្ត​អាមេរិក តម្រូវ​ចិត្ត​ចិន ឬ​តម្រូវ​ចិត្ត​រុស្ស៊ី​នោះ​ទេ យើង​ឈរ​ជើង​នៅ​ទីនេះ​ដើម្បី​តម្រូវ​ចិត្ត​ប្រជាជន​របស់​យើង​ផ្ទាល់»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG