ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្ហាញ​ជំហរ​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​ អ.ស.ប ដាក់​សម្ពាធ​លើ​រុស្ស៊ី


ប្រទេសជាសមាជិកអង្គការសហប្រជាជាតិបោះឆ្នោតលើសេចក្តីសម្រេចមួយស្តីអំពីប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយរបស់មហាសន្និបាត អ.ស.ប ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២។
ប្រទេសជាសមាជិកអង្គការសហប្រជាជាតិបោះឆ្នោតលើសេចក្តីសម្រេចមួយស្តីអំពីប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយរបស់មហាសន្និបាត អ.ស.ប ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២។

នៅ​ក្នុង​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) កាល​ពី​ថ្ងៃ​ទី ២ ខែ​មីនា កម្ពុជា​បាន​ចូលរួម​បង្ហាញ​សំឡេង​របស់​ខ្លួន ដោយអនុម័ត​នូវ​សេចក្តី​សម្រេច​ជា​ដំណោះស្រាយ​ ដែល​ទាម​ទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​អ៊ុយក្រែន និង​ដក​កង​កម្លាំង​យោធា​របស់​ខ្លួន។

សេចក្តី​សម្រេចខាង​លើ​ដែលផ្តល់ធានា​លើ​អធិបតេយ្យ​ភាព​ បូរណភាព​ដែន​ដី​ និង​ឯករាជ្យភាព​របស់​ប្រទេស​អ៊ុយ​ក្រែន ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រទេស​ជា​សមាជិក​ អ.ស.ប​ ចំនួន ៩០ ប្រទេស ​និង​ត្រូវ​ការ​សំឡេង​ភាគច្រើន​ចំនួនពីរ​ភាគ​បី​ ដើម្បី​អនុម័ត​ចូល​ជា​ធរមាន។

ប្រទេស​សមាជិក​ អ.ស.ប ​សរុប​ចំនួន​ ១៤១​ បាន​បោះ​ឆ្នោត​គាំទ្រ ប្រទេស​ចំនួន ​៥ ​បាន​បោះឆ្នោត​ប្រឆាំង និង​ប្រទេស​ចំនួន​ ៣៥ ​ទៀត​បាន​បោះឆ្នោត​អនុប្បវាទ ឬ​មាន​ន័យ​ថា​ ជា​ប្រទេស​នៅ​ស្ងៀម​ជា​កណ្តាល។

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន ​១៤១ ​ដែល​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ជា​ដំណោះ​ស្រាយ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ បណ្តា​ប្រទេស​ដែល​បាន​បោះឆ្នោត​ប្រឆាំង​រួម​មាន បេឡារុស កូរ៉េខាងជើង អេរីទ្រេ (Eritrea) រុស្ស៊ី និង​ស៊ីរី។

ហើយ​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៣៥​ ដែល​បាន​បោះ​ឆ្នោត​អនុប្បវាទ គេ​ឃើញ​មាន​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​ពីរ​ប្រទេស គឺឡាវ និង​វៀត​ណាម។

មុន​ការ​បោះ​ឆ្នោត​នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ មាន​ជំនួប​មួយ​រវាង​ឯកអគ្គរដ្ឋទូត​បារាំងប្រចាំ​កម្ពុជា​លោក ហ្សាក់ ប៉ឺឡេ និង​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​លោក គ្រីស្យង់ ប៊ែរហ្សេ ជាមួយ​អ្នកស្រី សឿង រ័ត្ន​ចាវី រដ្ឋ​លេខាធិ​ការ​ក្រសួងការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ១ ខែ​មីនា ដោយ​មន្រ្តី​ការ​ទូត​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​ បាន​ស្នើ​ឲ្យ​កម្ពុជា​មិន​ត្រឹម​តែ​បោះ​ឆ្នោត​គាំទ្រ​ដំណោះ​ស្រាយ​មួយ​ដែល​បាន​ដាក់​ជូន​អង្គប្រជុំ​វិសាមញ្ញ​បន្ទាន់​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ជាប្រទេស​ផ្ចុងផ្តើម​ដំណោះ​ស្រាយ​នេះ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ។ នេះ​បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា

វីអូអេ​មិន​អាច​ទាក់​ទងសុំ​ការ​អធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កាលពី​សប្តាហ៍​មុន អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​អ៊ុយ​ក្រែន​ដែល​បាន​ទប់​មិន​ពណ៌នា​អំពី​ចំណាត់​ការ​របស់​រុស្ស៊ី​ថា​ជា​ «ការ​ឈ្លាន​ពាន»។ សេចក្តី​ថ្លែង​ការណ៍​ដែល​ជា​ការ​សម្រេច​តាម​គោល​ការណ៍​កុង​សង់​ស៊ីស​បញ្ជាក់​ថា​ អាស៊ាន​មាន​ជំនឿ​ថា​ «មិន​ទាន់​អស់​ឱកាស​ទេ​សម្រាប់​ការ​សន្ទនា​ដោយ​សន្តិវិធី»។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​សិង្ហបុរី​ដែល​ជា​សមា​ជិក​អាស៊ាន​បាន​ប្រកាស​ថា ​នឹង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ហើយ​ចំណាត់​ការ​នេះ គឺ​ឯករាជ្យ​ពី​ជំហរ​របស់​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ដែល​ខ្លួន​ជា​សមាជិក។

ចំណែក​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​ ៣ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ បាន​បញ្ជាក់​សាជាថ្មី​ថា​ កម្ពុជា​មិន​លើក​ទឹកចិត្ត​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង ឬ​ការ​គំរាម​កំហែង​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ ហើយបន្ត​ជំរុញឲ្យ​មាន​ការ​ចរចា​ដោយ​សន្តិវិធី។

លោក​ថ្លែង​ថា៖ «គោលជំហរ​របស់​យើង​តាំងពី​ដើម​រហូត​ដល់​ចប់ ​គឺ​មិនគាំទ្រ​ការ​ប្រើប្រាស់​កម្លាំង​ឬ​ការ​គំរាមកំហែង​កម្លាំង​ពី​ភាគី​មួយ​ប្រឆាំង​នឹងភាគី​មួយ​ទៀត។​ នេះ​គឺ​ជាគោលជំហរ​ផ្លូវការ​របស់​យើង»។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ថ្លែង​ថា​ លោក​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ផ្តល់​អាវុធ​ទៅ​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ឡើយ ដោយ​លោក​ហៅ​ថា ​សង្រ្គាម​នេះ​ឈាន​ទៅ​ដល់​«អឺរ៉ុប​នី​យ​កម្ម» ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​ផ្សេង​ទៀត។

មិន​មែន​ប្រទេស​ទាំង​អស់​នៅ​ទ្វីប​អាស៊ី សុទ្ធ​តែ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​នោះ​ទេ។ ចិន​និង​កូរ៉េ​ខាង​ជើង​បាន​ការពារ​រុស្ស៊ី ដោយ​និយាយ​ថា​មូល​ហេតុ​នៃ​ជម្លោះ​នោះ គឺ​ដោយ​សារ​សហរដ្ឋ​អាមេរិក។

ការ​សម្រេច​បោះ​ឆ្នោត​គាំទ្រ​របស់​កម្ពុជា ដូច​ប្រទេស​ភាគ​ច្រើន​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជម្រើស​ល្អ​មួយ ដើម្បី​បង្ហាញ​ទៅ​ពិភព​លោក។

អ្នក​វិភាគ​នយោបាយ​លោក សេង សារី​ ប្រាប់វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ «ភាព​ឆ្លាត​វៃ»​ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​គាំទ្រ​សេចក្តី​សម្រេច​ជា​ដំណោះស្រាយ​របស់ ​អ.ស.ប ខណៈ​កម្ពុជាដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន កំពុង​ប្រឈម​នឹង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដំណោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។

លោក​ថ្លែង​ថា៖ «ហើយ​ណា​មួយ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ផង។ បើ​សិន​ជា​កម្ពុជា​អនុប្បវាទ​ ឬ​ក៏​គាំទ្រ​ប្រទេស​រុស្ស៊ី នៅ​ក្នុង​ការ​ឈ្លាន​ពាន​ហ្នឹង។ នោះ​កម្ពុជា​ពិបាក​ប្រឈម​នឹង​ការ​រិះគន់ ការ​ប្រមាថ មាក់​ងាយ​ជា​ប្រធាន​អាស៊ាន។ ហើយ​ណា​មួយ​ ថ្មីៗ​នេះ បទ​ពិសោធន៍​កម្ពុជា​ជាមួយ​នឹង​ភូមា​ហ្នឹង​ ក៏​ទទួល​បាន​ការ​បរាជ័យ​ខ្លាំង។ ដូច្នេះ​កម្ពុជា​ហាក់​ដូច​ជា មាន​ភាព​បត់​បែន​ច្រើន​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ»។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា លើក​ឡើង​ថា ការ​បោះឆ្នោតគាំទ្រ​របស់​កម្ពុជា​ជា​ជំហរ​ការទូត​ត្រឹម​ត្រូវ​មួយ ដើម្បី​បញ្ជាក់​ពី​ «ស្មារតី​សន្តិភាព​និយម​» របស់​កម្ពុជា​ដែល​រួម​មាន​ការ​គោរព​គោល​ការណ៍​ច្បាប់​អន្តរជាតិ និង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។

លោកថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ទីមួយ​ ជំហរ​របស់​កម្ពុជា​គឺ​ចង់​ឃើញ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​មធ្យោ​បាយ​នៃ​ការ​ចរចា ឲ្យ​តែ​ដំណោះស្រាយ​ទាំង​ឡាយ​ណា ដែល​ស្រប​ទៅ​នឹង​គោលការណ៍​ធម្មនុញ្ញ​អង្គការ​សហប្រជា​ជាតិ ក៏​ដូចជា​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី អាហ្នឹង​ខ្ញុំ​គិត​ថា​ កម្ពុជា​នឹង​គាំទ្រ​ទីមួយ។ ទីពីរ​ ដំណោះស្រាយ​ដែល​មិន​ប៉ះ​ពាល់​ទៅ​ដល់​ផលប្រយោជន៍​របស់​កម្ពុជា​ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ»។

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (Asian Vision Institute) លោក ឈាង វណ្ណា​រិទ្ធ និយាយ​ថា​ ការ​សម្រេច​ចិត្ត​បោះឆ្នោត​គាំទ្រ​របស់​កម្ពុជាសម្តែង​ចេញ​ពី​គោល​ជំហរ​របស់​កម្ពុជា​ ដែល​មិន​គាំទ្រ​ការប្រើ​ប្រាស់​អាវុធ ឬ​ការ​ឈ្លានពាន​ដោយ​កងទ័ព និង​ការ​បំបែករដ្ឋ ក៏ដូចជា​ការ​គោរព​តាម​គោល​ការណ៍​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ។

លោក​ថ្លែង​ថា៖ «នេះ​ជា​បញ្ហា​សាកល​និង​ជា​កង្វល់​របស់​សហគមន៍​អន្តរជាតិ​ អ៊ីចឹង​កម្ពុជា​ដែល​ជា​សមា​ជិក​អង្គការ​សហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ហ្នឹង ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ដើម្បី​ការពារ​សន្តិភាព​សន្តិសុខ​ពិភពលោក​ហ្នឹង​ដែរ។ ដូច្នេះ ការ​គាំទ្រ​របស់​កម្ពុជា​ទៅ​លើ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​ហ្នឹង​ វា​អាស្រ័យ​ទៅ​លើ​គោលការណ៍​របស់​កម្ពុជា​ហ្នឹងហើយ»។

គួរ​បញ្ជាក់​ថា​ ជម្លោះ​ប្រដាប់​អាវុធ​រវាង​យោធា​អ៊ុយក្រែន និង​រុស្ស៊ី​ បាន​ឈាន​ចូល​ថ្ងៃ​ទី ៧ ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ជម្លោះ​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ នៅ​ពេល​ប្រធានា​ធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​ធ្វើ​ «ប្រតិបតិ្តការ​យោធា​ពិសេស​» មក​លើ​ប្រទេស​អ៊ុយក្រែន។

អង្គការ​សហប្រជាជាតិ​និយាយ​ថា ជនស៊ីវិល​ចំនួន​ ២២៧ ​នាក់​ត្រូវ​បាន​សម្លាប់ និង ៥២៥ នាក់​ទៀត​បាន​រងរបួសក្នុង​សង្រ្គាម​នៅ​អ៊ុយក្រែន​ រវាង​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​ នៅ​ពេល​ដែល​ការ​លុកលុយ​ដោយ​រុស្ស៊ី​បាន​ចាប់​ផ្តើម និង​ថ្ងៃ​ទី ១ ខែ​មីនា ប៉ុន្តែ​បាន​កត់​សម្គាល់​ថា​ ចំនួន​នេះ​ទំនង​មានទាប​ជាងស្ថានភាព​ពិត។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ New York Time ចេញ​កាល​ពី​ថ្ងៃ​ទី ២ ខែ​មីនា៕

XS
SM
MD
LG