លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយពាក់ព័ន្ធនឹងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈការប្រយុទ្ធគ្នារវាងយោធាប្រទេសទាំងពីរកំពុងឈានដល់កម្រិតតានតឹង និងគួរឲ្យបារម្ភមួយ។
នៅក្នុងសារឆ្លើយតបនឹងសារព័ត៌មានមាននិន្នាការគាំទ្ររដ្ឋាភិបាល Freshnews និងដែលត្រូវបានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការធ្វើសឹកសង្រ្គាមមិនមែនជាដំណោះស្រាយ ចំពោះវិបត្តិនៅអ៊ុយក្រែននោះទេ ហើយដំណោះស្រាយមានតែមួយគត់គឺ «ការចរចាដោយសន្តិវិធី»។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានលើកឡើងក្នុងន័យដើមថា៖ «កិច្ចការសំខាន់បំផុតចំពោះមុខនោះគឺ ការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពពិតប្រាកដ»។
យោងតាមសាររបស់លោក លោក ហ៊ុន សែន បើទោះបីជារុស្ស៊ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនក៏ដោយ ក៏ប្រជាជនអ៊ុយក្រែនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ ដោយបានសំដៅទៅលើករណីប្រទេសមួយចំនួនដូចជា ប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ីជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជិតបួនទសវត្សរ៍ ក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីអាចនឹងផុងខ្លួននៅក្នុងទឹកដីអ៊ុយក្រែន ប្រសិនបើរុស្ស៊ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបភាគខាងកើតមួយនេះ ដូចបទពិសោធន៍រួចមកហើយសម្រាប់កងទ័ពសូវៀតនៅអាហ្វហ្គានីស្ថាននាទសវត្សរ៍ ១៩៨០ និងកងទ័ពអាមេរិកនិងណាតូនៅអាហ្វហ្គានីស្ថាននាសតវត្សរ៍ទី២១។
អ្នកវិភាគនយោបាយ លោក សេង សារី និយាយថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺស្របជាមួយនឹងទ្រឹស្តីសាកល ហើយមួយផ្នែកទៀតគឺបានឆ្លុះបញ្ចាំងពីបទពិសោធន៍កន្លងមករបស់លោកហ៊ុន សែនក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទថា៖ «សម្រាប់ខ្ញុំវាជាទ្រឹស្តីសាកលហើយ ដែលការដោះស្រាយបញ្ហាមិនអាចយកភ្លើងទៅពន្លត់ភ្លើង។ ការស្វែងរកសន្តិភាពក៏មិនអាចយកសង្រ្គាមទៅរកសន្តិភាពដែរ។ អ៊ីចឹងហើយ អ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើង វាអាចជាផ្នែកមួយនៃបទពិសោធន៍ដែលគាត់ធ្លាប់ឆ្លងកាត់កន្លងមក ក្នុងនាមជាភាគីមួយក្នុងចំណោមភាគីបួននៃការចរចាបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈសន្និសីទទីក្រុងប៉ារីស»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា យល់ស្របនឹងមតិរបស់មេដឹកនាំកម្ពុជា ដោយថា ជម្លោះភាគច្រើនមិនអាចបញ្ចប់តាមរយៈសង្រ្គាមនោះទេ ប៉ុន្តែតាមរយៈការចរចាដោយសន្តិវិធី ដូចដែលអ្វីកម្ពុជាបានធ្វើកាលពីអតីតកាលដើម្បីបញ្ចប់សង្រ្គាមក្នុងស្រុក។
អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ក៏បានលើកឡើងពីផលវិបាកផ្សេងៗសម្រាប់រុស្ស៊ី ប្រសិនបើមិនមានការបញ្ឈប់ប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែន។ លោកបានបន្តថា សង្រ្គាមរវាងរដ្ឋាភិបាលក្រុងកៀវនិងមូស្គូ នឹងកាន់តែមានភាពស្មុគស្មាញខ្លាំងឡើង ដោយសារតែជម្លោះនេះលែងជាជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ប៉ុន្តែបានប្រែក្លាយទៅជាជម្លោះរវាងរុស្ស៊ី និងអង្គការណាតូរួចទៅហើយ។
លោក គិន ភា ប្រាប់វីអូអេបន្ថែមថា៖ «ខ្ញុំគិតថា សង្រ្គាមនេះកាន់តែរីកដាល ហើយមានលក្ខណៈស្មុគស្មាញពិបាកនៅក្នុងការដោះស្រាយ ហើយបស្ចិមលោក ខ្ញុំមើលទៅប្រហែលជា ចង់រុញឲ្យរុស្ស៊ីគេហៅថា ផុងខ្លួននៅក្នុងសង្រ្គាមអ៊ុយក្រែននេះ គឺធ្វើឲ្យរុស្ស៊ីបាក់មុខ រុស្ស៊ីខូចខ្ទេចខ្ទាំខាងផ្នែកសេដ្ឋកិច្ច ខាងផ្នែកវិស័យយោធារបស់ខ្លួន ហើយនឹងអាចជួបវិបត្តិផ្ទៃក្នុងនៅពេលខាងមុខទៀត»។
ដោយឡែក រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានបង្ហាញការព្រួយបារម្ភអំពីការវាយប្រហារដោយអាវុធទៅវិញទៅមករវាងកងទ័ពរុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធប្រទេសអ៊ុយក្រែនដែលបានអូសបន្លាយពេលមកជិតមួយសប្តាហ៍។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ានពាក់ព័ន្ធនឹងស្ថានភាពនៅប្រទេសអ៊ុយក្រែន ចេញកាលពីថ្ងៃទី២៦ ខែកុម្ភៈបានលើកឡើងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖
«រដ្ឋមន្រ្តីការបរទេសអាស៊ានព្រួយបារម្ភយ៉ាងខ្លាំងពីព្រឹត្តិការណ៍កំពុងវិវត្តទៅមុខ និងការប្រឈមមុខដាក់គ្នានៅអ៊ុយក្រែន។ យើងអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ខ្លាំងបំផុត និងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីការចរចាតាមគ្រប់មធ្យោបាយ រួមមាន មធ្យោបាយការទូតដើម្បីគ្រប់គ្រងស្ថានការណ៍ បន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍»។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «យើងមានជំនឿថា នៅតែមានចន្លោះឱកាសសម្រាប់ការពិភាក្សាដោយសន្តិវិធីដើម្បីបញ្ចៀសស្ថានការណ៍ ដែលលែងអាចគ្រប់គ្រងបាន។ ដើម្បីឲ្យមានសន្តិភាព សន្តិសុខ និងការរួមរស់ជាមួយគ្នាដោយសាមគ្គីភាព ជាទំនួលខុសត្រូវរបស់គ្រប់ភាគីនៅក្នុងការគោរពតាមគោលការណ៍គោរពគ្នាទៅវិញទៅមកចំពោះបូរណភាពដែនដី និងសិទ្ធិស្មើភាពនៃប្រជាជាតិទាំងអស់»។
ជម្លោះប្រដាប់អាវុធរវាងយោធាអ៊ុយក្រែន និងរុស្ស៊ី បានឈានចូលថ្ងៃទី៥ ហើយគិតត្រឹមថ្ងៃចន្ទនេះ ដោយជម្លោះនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសធ្វើ «ប្រតិបតិ្តការយោធាពិសេស» មកលើប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Associated Press រាយការណ៍ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា ជនស៊ីវិលអ៊ុយក្រែនចំនួន ៣៥២នាក់ ត្រូវបានសម្លាប់ អំឡុងពេលការចូលវាយលុកដោយរុស្ស៊ី ដែលក្នុងនោះរួមមាន កុមារចំនួន ១៤នាក់។ សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបានបន្តថា មនុស្សចំនួន ១.៦៨៤នាក់ ក្នុងនោះកុមារ ១១៦នាក់ បានរងរបួស។ យ៉ាងណាក្តី សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ពីចំនួនស្លាប់និងរបួសក្នុងចំណោមកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននោះទេ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃអាទិត្យផងដែរថា មនុស្សជាង ២០០.០០០ នាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនរួចហើយ ដែលក្នុងនោះពាក់កណ្ដាលទៅកាន់ប្រទេសប៉ូឡូញ ហើយមនុស្សរហូតដល់ ៤ លាននាក់ទៀតអាចភៀសខ្លួន ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ឡើង។
បើតាមការអត្ថាធិប្បាយរបស់លោកហ៊ុន សែនកាលពីថ្ងៃអាទិត្យ កម្ពុជាទទួលបានសន្តិភាពបច្ចុប្បន្ន គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់លោកកាលពីឆ្នាំ១៩៩៨។ អំឡុងពេលនោះ កម្ពុជាត្រូវគេដឹងថា ស្ថិតក្នុងដំណាក់កាលនៃការប្រើប្រាស់យុទ្ធសាស្ត្រចរចារកសន្តិភាពរវាងភាគីកងទ័ពខ្មែរក្រហម និងភាគីយោធារបស់រដ្ឋាភិបាលក្រុងភ្នំពេញ៕