ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Buhari ​ឈ្នះឆ្នោត​ដោយការ​សន្យា​​ការ​ផ្លាស់​ប្តូរ​ ប៉ុន្តែ​លទ្ធផល​អាច​កើត​មាន​យឺតៗ


លោក​ Muhammadu Buhari ដែល​ជា​អតីត​​មេ​បញ្ជាកា​រ​យោធា​បាន​ថ្លែង​ការណ៍​ក្រោយ​ពេល​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​ប្រទេស​នីហ្សេរីយ៉ា​ កាលពីថ្ងៃទី​១ ខែ​មេសា ឆ្នាំ២០១៥។
លោក​ Muhammadu Buhari ដែល​ជា​អតីត​​មេ​បញ្ជាកា​រ​យោធា​បាន​ថ្លែង​ការណ៍​ក្រោយ​ពេល​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​ប្រទេស​នីហ្សេរីយ៉ា​ កាលពីថ្ងៃទី​១ ខែ​មេសា ឆ្នាំ២០១៥។

លោក​ Muhammadu Buhari​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ដោយ​បាន​ទម្លាក់​ប្រធានាធិបតី​កាន់​អំណាច​ លោក Goodluck​ Jonathanនៅ​ក្នុង​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​មួយ។ ឥឡូវ​នេះ​ វា​ឈាន​ចូល​ចំណុច​មួយ​ទៀត​ដែល​មាន​ការ​លំបាក​សម្រាប់​លោក នោះ​គឺ​ការ​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ដែល​លោក​បាន​សន្យា​នា​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ពាក្យ ​«ផ្លាស់ប្តូរ»​ គឺ​ជា​ពាក្យ​ដែល​គេ​បាន​បោះពុម្ព​ផ្សាយ​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ធំៗ​ និង​ត្រូវ​បាន​គេ​ស្រែក​ឡើង​នៅ​អំឡុង​ពេល​ដើរដង្ហែ​ក្បួន​ ឬ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​លោក ​Buhari និង​គណបក្ស​សមាជ​សម្រាប់​ការ​រីក​ចម្រើន​ទាំង​អស់​គ្នា ​(All Progressives Congress) ​ស្រែកស្វាគមន៍។ ហើយ​ពាក្យ​នោះ​ពិត​ជា​មាន​ប្រសិទ្ធភាព។ ​លោក​ Buhari​ ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ច្រើន​ជាង​លោក ​Jonathan រហូត​ដល់​ទៅ​២​លាន​កន្លះ។ ​ចំណែក​លោក​ Jonathan បាន​ធ្វើ​យុទ្ធនាការ​របស់ខ្លួនដោយ​ផ្តោត​លើ​គំនិត​នៃ​ការ​បន្ត​«របៀបវារៈ​កំណែ​ទម្រង់»។

អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក​ Chris Ngwodo ​និយាយ​ថា​ ពាក្យ​ស្លោក​របស់​ប្រធានា​ធិបតី​ដែល​ជាប់​ឆ្នោត​ថ្មី​តែ​មិន​ទាន់​ចូល​កាន់​តំណែងនេះ​ គឺ​ជា​ឧបករណ៍​វោហាស័ព្ទដ៏​មាន​ឥទ្ធិពល​មួយ។

«យើង​គ្មាន​ចម្ងល់​អ្វី​អំពី​ការ​អះអាងឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ​ ទាក់​ទិន​នឹង​ការ​ដាក់​ទន្ទឹម​គ្នា​រវាង​ប្រធានាធិបតី​កាន់​អំណាច​ និង​ប្រធានាធិបតី​កើត​ចេញ​ពី​ការ​បោះឆ្នោត។ គ្មាន​អ្វី​ត្រូវ​ជំទាស់​ទេ។ លោក​ Buhari​ ពិត​ជាតំណាង​ឲ្យ​ការ​ចាក​ចេញ​របស់​លោក (Jonathan) ទាំង​ក្នុង​ទម្រង់​បែប​បទ ទាំង​សារៈសំខាន់ ​និង​ចរិកលក្ខណៈ​ផង​ដែរ»។

នៅ​ពេលនេះ​ លោក​ Buhari​ ត្រូវ​តែ​បំពេញ​តាម​ពាក្យ​សន្យា​របស់​លោកក្នុង​ការ​កម្ទេច​ក្រុម​ឧទ្ទាម​ Boko Haram​ ដែល​បាន​បង្ក​ព្យុះភ្លៀង​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​ ក្នុង​ការ​ស្វះស្វែង​របស់​ក្រុម​នោះ​ដើម្បីដាក់​ឲ្យ​មាន​ច្បាប់​អ៊ីស្លាម​ដ៏​តឹង​រឹង​មួយ។ លោក​ក៏​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ទៅលើ​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​និង​ការ​អនុវត្ត​គោល​ការណ៍​សុខភាព​សាកល​ផង​ដែរ។

ក៏​ប៉ុន្តែ​ លោក​ Chuba Ezekwesili​ ដែល​ជា​អ្នក​ស្រាវជ្រាវ​វិភាគ​មួយ​នៃ​ក្រុម​មួយ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Nigeria Economic Summit Group​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​លោក Buhari ​ចូល​កាន់​តំណែង​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ​ លោក​នឹង​ទទួល​បាន​ការ​គ្រប់គ្រង​រដ្ឋាភិបាល​មួយ​ដែល​ខ្ចីបុល​គេ​ដើម្បី​បង់​ថ្លៃ​វិក័យបត្រ​ ហើយ​លោក​នៅ​តែ​មិន​ទាន់​បាន​អនុម័ត​ថវិកា​សម្រាប់​ឆ្នាំ​២០១៥​នៅ​ឡើយ។ ការ​សន្យា​ចំណាយ​ក្នុង​វិស័យ​សង្គម​ផ្សេងៗដូចជា​គោល​ការណ៍​សុខភាព​សាកល​ជាដើម​ ប្រហែល​ជា​ត្រូវ​ផ្អាក​មួយ​រយៈ​សិន។

«ភាគ​ច្រើន​នៃ​ថវិកា​របស់​យើង​ត្រូវ​បាន​ចំណាយ​ផ្ទួនៗ​ ដែល​ការ​ចំណាយ​នោះ​គឺ​ដើម្បី​បើក​ប្រាក់​ខែ។ ដូច្នេះ​ បើសិនជា​យើង​ឈាន​ដល់​កម្រិត​មួយ​ដែល​យើង​ខ្ចី​ប្រាក់​ធនាគារ​ពិភពលោក​ដើម្បី​បើក​ប្រាក់​ខែ​សម្រាប់​ឆ្នាំ​២០១៥​នោះ​ វា​សបញ្ជាក់​ថា​ យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏ធ្ងន់​ធ្ងរមួយ​ហើយ»។

មួយ​ភាគ​ធំ​នៃ​ការ​ធ្វើ​យុទ្ធនាការ​របស់​លោក​ Buhari ​បាន​ផ្តោត​លើ​ការ​កម្ចាត់​ក្រុម​ Boko Haram ក៏​ប៉ុន្តែ​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ ប្រហែល​ជា​មាន​សកម្មភាព​តិច​តួច​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ កង​យោធា​នីហ្សេរីយ៉ា​ដែល​មាន​ជំនួយ​ពី​ទាហាន​ស៊ីឈ្នួលអន្តរជាតិ​មក​ពី​ប្រទេស​ជិតខាង​ បាន​បណ្តេញ​ក្រុមសកម្មប្រយុទ្ធ​ Boko Haram ឲ្យ​ចេញ​ពី​ទីក្រុង​ស្ទើរ​តែ​ទាំង​អស់​នៅ​ប៉ែក​ឦសានដែល​ពួក​នោះ​បាន​លុកលុយ។

អ្នកស្រី​ Dawn Dimowo​ អ្នក​វិភាគ​ម្នាក់​នៃ​ក្រុម​ផ្តល់​ប្រឹក្សា​មួយ​ឈ្មោះ​ Africa Practice​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ មាន​ប្រសាសន៍​ថា​ វា​អាស្រ័យ​លើ​លោក​ Buhari តែ​ម្នាក់​គត់ក្នុង​ការ​គិតគូរ​រក​វិធី​បំបាត់​ក្រុម​នោះ​ចោល។

«ខ្ញុំ​មិន​ដឹង​ថា​ តើ​វា​មាន​ន័យ​ថា​ជា​ការ​បង្កើត​ក្រុម​មួយ​ទៀត​ដែល​ស្រដៀង​ទៅ​នឹង​គណៈកម្មការ​មួយ​ឈ្មោះ​ គណៈកម្មការ​ដីសណ្ត​នីហ្សេរីយ៉ា​ ឬ​យ៉ាង​ណា​នោះ​ទេ ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់​លាក់​ណា​មួយ​ក្នុង​តំបន់​នោះ​នៅ​ក្នុង​ប្រទេស​ ឬ​អ្វីមួយ​ដែល​ស្រដៀង​នឹង​នេះ ឬ​អ្វី​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​ចម្លែក​នានា​របស់​ពលរដ្ឋ​ក្នុង​តំបន់នោះ​ ឬ​មាន​បរិយាកាស​មិន​អំណោយផលមួយដែល​អាច​ធ្វើ​ឲ្យមនោគម​ជ្រុល​និយម​រីក​ដុះ​ដាលដល់​ចំណុច​មួយ​ដែលអាច​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​នោះ​មាន​លទ្ធភាព​គ្រប់​គ្រង​ផ្នែក​ណា​មួយ​នៃ​ប្រទេស»។

អ្នក​ស្រី​ Dimowo​ មាន​ប្រសាសន៍​បន្ថែម​ថា​ ដំណោះ​ស្រាយ​ណា​មួយ​ក៏​ដោយ​ត្រូវ​ផ្តោត​ទៅ​លើ​បញ្ហាសង្គម​និង​សេដ្ឋកិច្ច ដែល​ជា​កម្លាំង​ជំរុញ​ការ​វាយឈ្លប​ពួក​ឧទ្ទាម។ ក៏​ប៉ុន្តែ​ថវិកា​មាន​តិចតួច​ប៉ុណ្ណោះ។ ដូច្នេះ​ការ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ ប្រហែល​ត្រូវ​រង់​ចាំ​សិន៕

ប្រែសម្រួលដោយ នៀម ឆេង

XS
SM
MD
LG