ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​ Amnesty៖ ការ​ឆ្លើយ​តប​របស់​ពិភពលោក​ទៅ​នឹង​អំពើ​ហិង្សា​គឺ «គួរ​ឲ្យ​អាម៉ាស់»


ស្រ្តី​ម្នាក់​ដើរ​កាត់​អគារ​បាក់​បែក​មួយ​ក្នុង​តំបន់​ Douma នៃ​ទីក្រុង​ Damascus ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

អង្គការ​សិទ្ធិ​មនុស្ស​ Amnesty​ International​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋាភិបាលរបស់​ប្រទេស​នៅ​ក្នុង​ពិភពលោក​បាន​បរាជ័យ​ក្នុង​ការ​ការពារ​ជន​ស៊ីវិល​ឲ្យ​ផុត​ពី​អំពើ​ហិង្សា​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋ​និង​ក្រុម​ប្រដាប់​អាវុធ​ ហើយ​បាន​ហៅ​ការ​ឆ្លើយ​តប​ជា​សកល​ថា​ «គ្មាន​ប្រសិទ្ធភាព​និង​គួរ​ឲ្យ​អាម៉ាស់​មុខ»។​

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ហៅ​ឆ្នាំ​ ២០១៤​ថាជា​ឆ្នាំ​ «ដ៏​មហន្តរាយ»​ មួយ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក។​

សេចក្តី​រាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ ជន​ស៊ីវិល​រាប់​លាន​នាក់​រង​ទុក្ខ​វេទនា​ដោយសារ​អំពើ​ហិង្សា​និង​បទ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​សាហាវ​ពី​ប្រទេស​ ស៊ីរី​ រហូត​ដល់​ អ៊ុយក្រែន​ ពី​តំបន់​ Gaza​ ទៅ​ដល់​ Nigeria​ នៅ​ពេល​ដែល​ជន​ជម្លៀស​លំនៅដ្ឋាន​នៅ​ជុំ​វិញ​ពិភពលោក​បាន​កើន​ឡើង​លើស​ពី​ ៥០​ លាន​នាក់​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ជា​លើក​ទី​មួយ​ ចាប់​តាំង​ពី​ចុង​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។​

អង្គការ​នេះ​បាន​រិះគន់​ការ​ឆ្លើយតប​របស់​សហភាព​អឺរ៉ុបទាក់​ទង​នឹង​រឿងជន​ភៀស​ខ្លួន​ស៊ីរី​ ចំនួន​៤​លាន​នាក់​ដែល​ត្រូវ​ជម្លៀស​ចេញ​ដោយ​សារ​ជម្លោះ​ នៅ​ក្នុង​វិបត្តិ​ជន​ភៀស​ខ្លួន​ដ៏​អាក្រក់​បំផុត​ក្នុង​ពិភពលោក។​ របាយការណ៍​នោះ​និយាយ​ថា​ នៅ​ចុង​ឆ្នាំ​២០១៤​ មាន​ជន​ភៀស​ខ្លួន​ស៊ីរី​តែ១៥ម៉ឺន​នាក់​ប៉ុណ្ណោះ​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប​ ក្នុង​ពេល​ដែល​ជន​ភៀស​ខ្លួន​៣៤០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ​ មេឌីទែរ៉ាណេ​ នៅ​ពេល​ដែលព្យាយាម​ធ្វើ​ដំណើរ​ដ៏​ត្រដាប​ត្រដួស​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប៕

XS
SM
MD
LG