ការរឹបអូសមហានាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនៅក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រប្រទេសហ្ស៊ីប្រាល់តា ដែលជានាវាជាប់សង្ស័យថារត់ពន្ធប្រេងអ៊ីរ៉ង់២លានបារ៉ែល បានបង្កើនភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងតេហេរ៉ង់។
ពួកមន្ត្រីអ៊ីរ៉ង់បាននិយាយថា ការរឹបអូសក្នុងសប្តាហ៍នេះដោយពួកទាហាន Marines អង់គ្លេសនូវកប៉ាល់មួយគ្រឿងដែលហាក់ដូចជាធ្វើដំណើរទៅកាន់ប្រទេសស៊ីរីបានត្រូវធ្វើឡើងតាមការស្នើសុំដោយស.រ.អា.។ ការរឹបអូសមហានាវាដឹកប្រេងនេះបានត្រូវស្វាគមន៍យ៉ងលឿនដោយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន។
លោក Bolton បានសរសេរនៅលើ Twitter ថា៖ «មានដំណឹងល្អណាស់គឺអង់គ្លេសបានឃាត់ឃាំងមហានាវាដឹកប្រេងឈ្មោះ Grace 1 ដែលមានដឹកប្រេងអ៊ីរ៉ង់ទៅកាន់ប្រទេសស៊ីរីជាការរំលោភលើការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប។ ប្រទេសអាមេរិកនិងពួកសម្ព័ន្ធមិត្តរបស់យើងនឹងបន្តរារាំងរបបគ្រប់គ្រងក្រុង តេហេរ៉ង់ និងក្រុង Damas កុំឱ្យបានផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មខុសច្បាប់បែបនេះ»។
ពួកអ្នកការទូតបស្ចិមប្រទេសកំពុងប្រុងប្រៀបសម្រាប់ការសងសឹកដោយអ៊ីរ៉ង់ ដែលទំនងជានឹងមានធ្វើនៅក្នុងច្រកសមុទ្រ Hormuz។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់អ៊ីរ៉ង់រួចស្រេចហើយថាបានបំផ្លិចបំផ្លាញដោយចេតនានូវកប៉ាល់ដឹកប្រេង៦គ្រឿងនៅក្នុងច្រកសមុទ្រ Hormuz នៅក្នុងគោលនយោបាយមួយមានគោលដៅគូសបញ្ជាក់ប្រាប់ពួកប្រទេសអឺរ៉ុប អំពីការបង់ខាតក្នុងការចូលដៃជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅក្នុងការប្រឈមមួយដែលបានបណ្តាលមកពីការសម្រេចរបស់ប្រធានាធិបតី ស.រ.អា. ដូណាល់ ត្រាំ កាលពីឆ្នាំទៅមិញក្នុងការបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥ និងដាក់ទណ្ឌកម្មជាថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានធ្វើប្រតិបត្តិការដាក់មីនក្នុងសមុទ្រប្រឆាំងនឹងនាវាដែលបើកក្នុងច្រកសមុទ្រ Hormuz នោះទេ៕