រដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទី លោក Mark Esper កំពុងជំរុញឲ្យសម្ព័ន្ធមិត្តអង្គការអូតង់ធ្វើការជជែកដេញដោលជាលក្ខណៈអន្តរជាតិ អំពីថាតើត្រូវឆ្លើយតបទៅនឹងប្រទេសអ៊ីរ៉ង់យ៉ាងដូចម្តេច នៅពេលដែលភាពតានតឹងរីកកាន់តែធំឡើងនៅក្នុងតំបន់ឈូងសមុទ្រពែក។
ដោយបាននិយាយនៅក្នុងការពិភាក្សាសម្ងាត់ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមាជិករបស់អង្គការអូតង់ នៅឯទីស្នាក់ការធំរបស់អង្គការអូតង់ ក្នុងទីក្រុងប៊្រុចសែល នៃប្រទេសបែលហ្ស៊ិក លោករដ្ឋមន្រ្តីការពាប្រទេសស្តីទីអាមេរិក Esper បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យប្រឆាំងនឹងអ៊ីរ៉ង់ នៅពេលដែលពិចារណាពីការចូលរួមក្នុងផែនការមុនដំបូង ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៅច្រកសមុទ្រយុទ្ធសាស្រ្ត Hormuz។
លោក Esper ក៏បានជំរុញឲ្យសម្ព័ន្ធមិត្តជួយបង្កើតដំណោះស្រាយខាងការទូតកាន់តែខ្លាំងឡើង ចំពោះអ៊ីរ៉ង់នៅក្នុងការខំប្រឹងប្រែងមួយដើម្បីបញ្ចៀសជម្លោះខាងយោធា។
លោក Esper និយាយទៀតថា៖ «យើងមិនស្វះស្វែងរកជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់ទេ ក៏ប៉ុន្តែ យើងប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីការពារកងទ័ពនិងផលប្រយោជន៍សហរដ្ឋអាមេរិកក្នុងតំបន់»។
លោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ការខំប្រឹងប្រែងការគាំទ្រសម្ព័ន្ធមិត្តដើម្បីបន្ធូបន្ថយការតានតឹងជាមួយអ៊ីរ៉ង់ ដែលចាប់ផ្តើមរីកកាន់តែធំឡើង នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលបានចុះហត្ថលេខាដោយមហាអំណាចពិភពលោក និងអ៊ីរ៉ង់ ហើយបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងលើរដ្ឋាភិបាលអ៊ីរ៉ង់»៕