កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសជាហត្ថលេខីដែលនៅមានវត្តមាននៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលជាកិច្ចព្រមព្រៀងដាក់កំហិតមិនឲ្យប្រទេសអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរនោះ សុទ្ធតែមានក្តីបារម្ភដូចគ្នាថា រដ្ឋាភិបាលក្រុងតេរ៉ង់ឥឡូវនេះបានស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិតកំណត់ដែលខ្លួនអាចស្តុកបាន។
ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានប្រកាសថា ប្រទេសជាហត្ថលេខីទាំងអស់តែងតែមានជំហរជាក់ច្បាស់ដូចគ្នាចំពោះការប្តេជ្ញាចិត្តទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺអាស្រ័យទៅលើការអនុវត្តពេញលេញរបស់អ៊ីរ៉ង់អនុលោមតាមកិច្ចព្រមព្រៀង និងបានជំរុញឲ្យសាធារណៈរដ្ឋឥស្លាមមួយនេះបញ្ឈប់សកម្មភាពនានា ដែលប៉ះពាល់ដល់កិច្ចព្រមព្រៀង។
សេចក្តីថ្លែងការណ៍រួមគ្នារវាងប្រទេសទាំងបីរួម និងសហភាពអ៊ឺរ៉ុបក៏បានបញ្ជាក់ទៀតថា ពួកគេកំពុងពិចារណាអំពីជំហានបន្ទាប់ៗទៀត បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនមានស្តុកជាតិអ៊ុយរ៉េញ៉ូមលើសពីចំនួន៣០០គីឡូក្រាម ដែលការប្រកាសនេះក៏ត្រូវបានអះអាងដោយទីភ្នាក់ងារឃ្លាំមើលថាមពលបរិមាណូរបស់អង្គការសហប្រជាជាតិផងដែរ។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានលើកឡើងថា ការស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីចំនួនកំណត់នេះ គឺមិនមែនជាការរំលោភបំពានទៅលើផែនការសកម្មភាពទូលំទូលាយរួមគ្នានោះទេ ពីព្រោះថា កិច្ចព្រមព្រៀងនេះមានលក្ខខណ្ឌដែលអនុញ្ញាតឲ្យភាគីមួយអាចឆ្លើយតបទៅវិញបាន នៅពេលណាមានភាគីផ្សេងទៀតដកខ្លួនចេញពីកិច្ចព្រមព្រៀង។
លោក Zarif បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់នឹងប្តេជ្ញាចិត្តអនុវត្តតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ប្រសិនបើអង់គ្លេសបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុបអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនទៅតាមកិច្ចព្រមព្រៀង។
អ៊ីរ៉ងបានព្យាយាមស្វែងរកការគាំទ្រពីភាគីអ៊ឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសារជាថ្មីកាលពីឆ្នាំមុន ដែលទណ្ឌកម្មនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មប្រេងរបស់ខ្លួន។ ចំណែកឯប្រទេសរុស្ស៊ី និងចិន ដែលជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥នេះដែរនោះ ក៏បានប្រឆាំងទៅនឹងការបំពានស្តុកជាតិអ៊ុយរ៉ាញ៉ូមលើសកម្រិតរបស់អ៊ីរ៉ង់នេះផងដែរ៕