ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថា ខ្លួន​បាន​ស្ដុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​កំណត់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ


រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ថា ខ្លួន​បាន​ស្ដុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​ចំនួន​កម្រិត ដែល​ខ្លួន​បាន​ព្រមព្រៀង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​ដាក់​កម្រិត​មិន​ឲ្យ​ប្រទេស​ខ្លួន​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ​

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បាន​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ពាក់​កណ្ដាល​ផ្លូវការ ISNA ថា «អ៊ីរ៉ង់​បាន​ផ្ទុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើ​កម្រិត​កំណត់​៣០០​គីឡូក្រាម‍...‍»។

ទីភ្នាក់ងារ​ឃ្លាំមើល​ការ​ផលិត​បរមាណូ​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ីរ៉ង់​ពិត​ជា​ផ្ទុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​នោះ​ប្រាកដ​មែន‍។

ការ​ប្រកាស​របស់​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ជឿ​ថា គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ៊ីរ៉ង់​បាន​បំពាន​ទៅ​នឹង​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ចំនួន​៦​ផ្សេង​ទៀត ដោយ​រួម​ទាំង​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​នេះ។ សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​កាល​ពី​ឆ្នាំ​មុន។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ចំណាត់ការ​របស់​អ៊ីរ៉ង់​គឺ​ជា​ «ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ‍» និង​បាន​ជំរុញ​ឲ្យ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​បរមាណូ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ៕

XS
SM
MD
LG