ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​នឹង​រៀបចំ​ការបោះឆ្នោត​សំខាន់​មួយ​ ប៉ុន្តែ​ភាពឈឺចាប់​របស់ Brexit ទំនង​ជា​នឹង​បន្ត​កើតឡើង


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ឈរថតជាមួយស្លាក «សម្រេច Brexit ឲ្យបាន» នៅក្រុងឡុងដ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ឈរថតជាមួយស្លាក «សម្រេច Brexit ឲ្យបាន» នៅក្រុងឡុងដ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

មេដឹកនាំ​នយោបាយ​ចក្រភព​អង់គ្លេស​កំពុង​ជំរុញ​លើក​ចុងក្រោយ​ឲ្យ​មាន​ការបោះឆ្នោតនានា​នៅមុន​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ដែល​ត្រូវ​បាន​គ្របដណ្តប់​ដោយ​បញ្ហា​នៃ​ការចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប​ ឬ​ហៅ​កាត់​ថា Brexit។ ក្រុមអ្នកវិភាគ​ជាច្រើន​បាន​និយាយ​ថា ​គោលនយោបាយ​របស់​គណបក្ស​នានា​កំពុង​បង្ក​ការ​ភាន់ច្រឡំ​អំពី Brexit និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​នាពេល​អនាគត​របស់​ចក្រភព​អង់គ្លេស​ជាមួយ​នឹង​សហភាពអ៊ឺរ៉ុប​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប។ ​

ឧស្សាហកម្ម​នេសាទ​រួម​ចំណែក​ច្រើន​បំផុត​តែ០,១ភាគរយ​ប៉ុណ្ណោះ​ដល់​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស។ ក៏ប៉ុន្តែ​វា​គឺ​ជា​និមិត្តរូប​សំខាន់​បំផុត​សម្រាប់​ពួកអ្នកបោះឆ្នោត​ជា​ច្រើន​ដែល​គាំទ្រ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអ៊ឺរ៉ុប​ហៅ​កាត់​ថា Brexit ជា​អ្នក​ដែល​ចង់​គ្រប់គ្រង​ដែនទឹក​ និង​រាំងខ្ទប់​មិន​ឲ្យ​ទូកនេសាទ​របស់​អ៊ឺរ៉ុប​ចូល​មក​នេសាទ​បាន។

លោក Boris Johnson នាយក​រដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​ ឱកាស​ដែល​ត្រូវ​ក្រឡេក​មើល​ទៅលើ​យុទ្ធសាស្រ្ត​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​គ្រប់គ្រង​ឧស្សាហកម្ម​ដ៏​សំខាន់​នេះ​ឡើង​វិញ​ បន្ទាប់​ពី​យើង​បញ្ចប់​រឿង Brexit នៅ​ខែមករា‍»។

ប៉ុន្តែ៣ភាគ៤​នៃ​ទិន្នផល​នេសាទ​របស់​អង់គ្លេស​គឺ​ សម្រាប់​នាំចេញ​ ដែល​ភាគច្រើន​នាំ​ចេញ​ទៅ​សហភាពអ៊ឺរ៉ុប​ ដូច្នេះ​របាំង​ពាណិជ្ជកម្ម​នានា​អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​នេះ។ ការដោះដូរ​ពាណិជ្ជកម្ម Brexit ត្រូវ​បាន​គេ​មិន​អើពើ​ទាល់​តែ​សោះ​ នេះបើ​យោង តាម​បាយការណ៍​ថ្មី​មួយ​ ដែល​ព្រមាន​ថា​ គោលនយោបាយ​របស់​គណបក្ស​ទាំងអស់​ហាក់​ដូចជា​នាំ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ ​នៅពេល​និយាយ​ដល់​បញ្ហា Brexit។

ក្បួន​យុទ្ធសាស្រ្ត​របស់​គណបក្ស​អភិរក្សនិយម​គឺ​ត្រូវ​បញ្ចប់​បញ្ហា Brexit។ ប៉ុន្តែ​ចក្រភព​អង់គ្លេស​មិន​ទាន់​បាន​ចរចា​អំពីទំនាក់ទំនង​របស់​ខ្លួន​នាពេលអនាគត​ជាមួយ​នឹង​សហភាពអ៊ឺរ៉ុប​នៅ​ឡើយ​ទេ​ និង​ទំនង​ជា​នឹង​អាច​ប្រើ​ពេល​ច្រើន​ឆ្នាំ។

អ្នកស្រី Jill Rutter មក​ពី​កម្មវិធី​ចក្រភព​អង់គ្លេស​នៅក្នុង​ការផ្លាស់ប្តូរ​របស់​អ៊ឺរ៉ុប​បាន​និយាយ​ថា៖ «ចំណុច​មួយ​ក្នុង​ចំណោម​ចំណុចនានា​ដែល​គណបក្ស​អភិរក្សនិយម​បាន​លើកឡើង​គឺ​ថា​ យើង​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ល្អ​មួយ​ជាមួយ​នឹង​សហភាព​អ៊ឺរ៉ុប​នៅមុន​ខែធ្នូ ឆ្នាំ២០២០។ យើង​នឹង​មិន​សុំ​ពន្យាពេល​ទៀត​ទេ។ វាមិន​សមហេតុ​សមផល​ទេ​ចំពោះ​ពលរដ្ឋ​ស្ទើរ​តែ​ទាំងអស់។ វា​មិន​ច្បាស់​ថាតើ​គណបក្ស​អភិរក្ស​និយម​នឹង​ដើរ​តាម​វិធីណា​នោះ​ទេ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាក់ទំនង​នេះ»។

លោក Jeremy Corbyn មេដឹកនាំ​គណបក្ស​ពលកម្ម​ដែល​ជា​គណបក្សប្រឆាំង​ បាន​ព្យាយាម​ផ្តោត​លើ​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​សុខភាព​ជាដើម។ លោក Jeremy Corbyn មេដឹនាំ​គណបក្ស​ពលកម្ម​បាន​ថ្លែង​ថា៖ «តើអ្នក​មិន​ចង់​បាន​រដ្ឋាភិបាល​មួយ​ដែល​ផ្តល់​តម្លៃ​ដល់​អ្នករាល់គ្នា​នៅក្នុង​សង្គម​របស់​យើង​ទេឬ?‍»។ លោក Corbyn បាន​សន្យា​ថា​ នឹង​ធ្វើ​ការចរចា​ឡើងវិញ​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង Brexit ប្រសើរមួយ​ ហើយ​បន្ទាប់​មក​រៀប​ចំ​ធ្វើ​ប្រជាមតិ។

អ្នកស្រី Jill Rutter នៃ​កម្មវិធី​ចក្រភព​អង់គ្លេស​នៅក្នុង​ការផ្លាស់ប្តូរ​របស់​អឺរ៉ុប​បាន​ថ្លែង​ថា៖ «ពួកគេ​និយាយ​អំពី​ភាព​មិន​ពេញលេញ​ជាមួយ​នឹង​បទបញ្ញត្តិ​នៃ​ប្លុកពាណិជ្ជកម្ម Single Market។ ខ្ញុំ​គិត​ថា ​សហភាព​អ៊ឺរ៉ុប​ប្រហែល​គួរតែ​សួរ​ថាតើ​មាន​រឿង​អ្វីកើត​ឡើង​ពីព្រោះ​ថា ​ពួកគេ​ពិត​ជា​ មិន​ចូលចិត្ត​ទេ ​នៅពេល​ដែល​អតីត​នាយករដ្ឋមន្រ្តី​លោកស្រី Theresa May និយាយ​ថា​លោកស្រី​ចង់​ជ្រើសរើស​និង​បញ្ចូល​ច្បាប់ណា​ដែល​លោកស្រី​ចង់​បាន»។

គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​បាន​បញ្ជាក់​ថា ​ពួកគេ​នឹង​លុប​ចោល Brexit ហើយ​អាច​នឹង​មាន​ឥទ្ធិពល​ប្រសិន​បើ​គ្មាន​គណបក្ស​ណា​មួយ​មាន​សំឡេង​ភាគច្រើន។

ប៉ុន្តែ​ការស្ទង់មតិ​នានា​បង្ហាញ​ថា​គណបក្ស​អភិរក្សនិយម​របស់​លោក Boris Johnson នឹង​ឈ្នះ​សំឡេង​ភាគច្រើន។ ប៉ុន្តែ​អាច​មាន​ការ​ភ្ញាក់ផ្អើល។ មនុស្ស​ប្រមាណ ជា ៣,៨៥លាននាក់​ទើប​តែ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ហើយ ប្រហែល​ជា២ភាគ៣​នៃ​ពួកគេ​ទាំងនោះ​មាន​អាយុ​ក្រោម៣៥ឆ្នាំ។ ពួកគេ​ហាក់​ដូចជា មិន​បោះឆ្នោត​ឲ្យ​គណបក្ស​អភិរក្ស​និយម​ទេ។

លោក Jason Palmer មន្រ្តី​សហជីព​និសិត្ស​នៃ​សាកលវិទ្យាល័យ Bristol បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា​បញ្ហា​ជាច្រើន​កើត​ចេញ​ពី​ភាពមិន​សប្បាយចិត្ត​នៅក្នុង​បទពិសោធន៍​ដែលធ្លាប់​ឆ្លងកាត់។ ពួកយុវវ័យ​ទាំងនោះ​គិតថា​សំឡេង​របស់​ពួកគេ​គ្មាន​តម្លៃ​នៅ​ក្នុង​នយោបាយ​ ឬ​ក៏​ថា​ពួកគេ​គ្មាន​សំឡេង។ ឧទាហរណ៍​ដូចជា​បទពិសោធន៍​នៅក្នុង​ការ​ធ្វើ​ប្រជាមតិ Brexit កាល​ពី​ឆ្នាំ២០១៦ជាដើម»។

ការភ្ញាក់ផ្អើល​ខ្លាំង​បំផុត​អាច​កើតឡើង​នៅក្នុង​មណ្ឌល​បោះឆ្នោត Uxbridge ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី។ លោក Ali Milani បេក្ខជន​មក​ពី​គណបក្ស​ពលកម្ម​សម្រាប់​មណ្ឌល Uxbridge បាន​ថ្លែងថា៖«យើង​ត្រូវការ​តែ​សំឡេងឆ្នោត​៥ភាគរយ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ​អាសនៈ​នេះ​ ដើម្បី​ដក​តំណែង​នាយករដ្ឋមន្រ្តី​ ដែល​នឹង​ក្លាយ​ជា​រឿង​ដំបូង​កើតឡើង​នៅក្នុង​ប្រវត្តិ​ប្រជាធិបតេយ្យ​របស់​ចក្រភព​អង់គ្លេស»។

អាកាសធាតុ​នៅ​ចក្រភពអង់គ្លេស​ក៍​ជា​បញ្ហា​រាំងស្ទះ​សំខាន់​មួយ​ផងដែរ។ ការព្យាករណ៍​អាកាសធាតុ​ធ្លាក់​ចុះ​ត្រជាក់​អាច​ធ្វើ​ឲ្យ​ពួកអ្នកបោះឆ្នោត​មួយ​ចំនួន​សម្រេច​មិន​ចេញ​ទៅ​បោះឆ្នោត។ តើ​ចក្រភព​អង់គ្លេស​នឹង​បោះឆ្នោត​ផ្លាស់ប្តូរ​ទិសដៅ ឬ​មួយ​ក៏​ការបោះឆ្នោត​នឹង​រុញ​ច្រាន​ប្រទេស​ឲ្យ​ធា្លក់​ចូល​ក្នុង​វិបត្តិនយោបាយ​កាន់​តែ​ជ្រៅ? គេ​នឹង​ដឹង​ចម្លើយ​នេះ​នៅ​ព្រឹក​ថ្ងៃសុក្រនេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG