ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​​អឺរ៉ុប​យល់​ស្រប​គ្នា​ថា ​ការ​ពន្យារ​ពេល​ចាក​ចេញ​របស់​អង់គ្លេស​ជា​រឿង​ចាំ​បាច់


លោក Boris Johnson នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​និយាយ​ជាមួយ​កូន​សិស្ស​ក្នុង​ពេល​លោក​ទស្សនា​សាលា​បឋម​សិក្សា​មួយ​នៅ​ទីក្រុង Milton Keynes ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២៥ តុលា ២០១៩។
លោក Boris Johnson នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​និយាយ​ជាមួយ​កូន​សិស្ស​ក្នុង​ពេល​លោក​ទស្សនា​សាលា​បឋម​សិក្សា​មួយ​នៅ​ទីក្រុង Milton Keynes ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២៥ តុលា ២០១៩។

សហភាព​អឺរ៉ុប​បាន​យល់​ស្រប​គ្នា​ថា​ សំណើ​របស់​ចក្រភព​អង់គ្លេស​សុំ​ពន្យារ​ពេល​ថ្ងៃ​កំណត់​ចុង​ក្រោយ​សម្រាប់​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​នេះ​ដែល​មាន​ប្រទេស​២៨​ជា​សមាជិក​នោះ​ជា​ការ​ចាំបាច់ ក៏​ប៉ុន្តែ​សហភាព​អឺរ៉ុប​មិន​ទាន់​បាន​កំណត់​រយៈ​ពេល​នៃ​ការ​ពន្យារ​ពេល​នេះ​នៅ​ឡើយ​ទេ។

មន្ត្រី​សហភាព​អឺរ៉ុប​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ បន្ទាប់​ពី​រដ្ឋ​ឯ​ទៀតៗ​ចំនួន​២៧​នៃ​សហភាព​អឺរ៉ុប​បាន​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​នៅក្នុង​ក្រុង​ប៊្រុចសែល​ ក៏​មាន​កិច្ច​ព្រម​ព្រៀង​គ្នា​ទាំង​ស្រុង​អំពី​សេចក្តី​ត្រូវ​ការ​ឱ្យ​មាន​ការ​ពន្យារ​ពេល​នេះ។

ការ​ប្រជុំ​គ្នា​នេះ​បាន​ធ្វើ​ឡើង​តិច​ជាង​មួយ​សប្តាហ៍​មុន​ពេល​កំណត់​ចុង​ក្រោយ​បង្អស់​សម្រាប់​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា។

ពួក​ប្រេសិត​នៃ​សហភាព​អឺរ៉ុប​បាន​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​រយៈ​ពេល​នៃ​ការ​ពន្យារ​ពេល​លើក​ទី​បី ក៏​ប៉ុន្តែ​ពួក​អ្នក​ការ​ទូត​បាន​និយាយ​ថា​ ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​កំណត់​ថ្ងៃ​ខែ​មួយ​ពីព្រោះ​វា​អាច​មាន​ឥទ្ធិពល​លើ​ព្រឹត្តិការណ៍​នយោបាយ​ក្នុង​ប្រទេស​អង់គ្លេស។

មន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា ​ពួក​ប្រេសិត​ EU ​នឹង​បន្ត​ធ្វើការ​តទៅ​ទៀត​នៅ​ដំណាច់​សប្តាហ៍​នេះ​ហើយ​នឹង​ជួប​ប្រជុំ​គ្នា​ទៀត​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​ នៅ​ដើម​សប្តាហ៍​ក្រោយ។ ចក្រភព​អង់គ្លេស​បាន​សុំពន្យារ​ពេល​បី​ខែ​ហួស​ពី​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃទី​៣១ ខែ​តុលា​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ Boris Johnson ខិត​ខំ​ប្រឹង​ប្រែង​បញ្ចុះ​បញ្ចូល​ពួក​សមាជិក​សភា​ឱ្យ​យល់​ព្រម​ដល់​កិច្ច​ព្រម​ព្រៀង ​Brexit៕

XS
SM
MD
LG