ប្រធានសភាអង់គ្លេស លោក John Bercow បានទប់ស្កាត់រដ្ឋសភា មិនឱ្យបោះឆ្នោតជាថ្មីទៀតលើសំណើដកប្រទេសអង់គ្លេសចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ឬហៅកាត់ថា Brexit ។ ការទប់ស្កាត់នេះ គឺជាបរាជ័យចុងក្រោយបំផុតសម្រាប់លោកនាយករដ្ឋមន្ត្រី Boris Johnson ដែលខំប្រឹងប្រែង ដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប។
ក្រុមតំណាងរាស្ត្រអង់គ្លេស មិនបានគាំទ្រផែនការរបស់លោក Johnson ក្នុងការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបនោះទេ ហើយលោក Bercow មានប្រសាសន៍ថា ការប៉ុនប៉ងបោះឆ្នោតជាថ្មី «នឹងមិនត្រូវបានលើកយកមកពិភាក្សានៅថ្ងៃនេះទេ ដោយសារការធ្វើបែបនេះ នឹងមានលក្ខណៈច្រំដែលនិងឥតរបៀបរៀបរយ»។
កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី Boris Johnson បានធ្វើកិច្ចព្រមព្រៀង Brexit មួយ ជាមួយប្រទេសទាំង២៧ទៀតដែលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែ ក្រុមតំណាងរាស្ត្រអង់គ្លេស បានបោះឆ្នោតពន្យារការគាំទ្ររបស់ពួកគេ ចំពោះកិច្ចព្រមព្រៀងនោះ រហូតដល់ពេលមានការអនុម័តច្បាប់ ដែលចែងអំពីលក្ខខណ្ឌនានា ក្នុងការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប ក្រោយពីប្រទេសនេះ បានចូលជាសមាជិកនៃប្លុកនេះ អស់រយៈពេល៤៦ឆ្នាំមកហើយ។
រហូតមកដល់ពេលនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេថាតើរដ្ឋាភិបាលអង់គ្លេស មានសំឡេងឆ្នោតគាំទ្រឬពេលគ្រប់គ្រាន់ ដើម្បីអនុម័តច្បាប់ មុនពេលដែលអង់គ្លេសគ្រោងចាកចេញពីសហភាពអឺរ៉ុបត្រឹមថ្ងៃទី៣១ខែតុលានេះ៕