ក្រុមមន្ត្រីក្រុងបារម្ភថា ការតវ៉ាប្រមូលផ្តុំដែលប្រជែងគ្នានេះអាចបង្កឲ្យមានអំពើហិង្សា ដូចទៅនឹងការតវ៉ាកាលពីចុងសប្តាហ៍កន្លងទៅក្នុងក្រុង Charlottesville រដ្ឋVirginia ដែលបានបណ្តាលឲ្យស្រី្តម្នាក់ស្លាប់ ក្នុងហេតុការណ៍អ្នកតវ៉ាជនជាតិស្បែកសប្រកាន់ពូជសាសន៍ម្នាក់ បានបើករថយន្តបុករះលើហ្វូងក្រុមបាតុករផ្សេងទៀត។ ប៉ូលិសក្រុងបូស្តុនបានព្រមានភាគីទាំងសងខាងកុំឲ្យបង្កជាអំពើហិង្សា។
កាលពីថ្ងៃសៅរ៍កន្លងទៅ មានការតវ៉ាប្រឈមដាក់គ្នារវាងបាតុករពីរក្រុមក្នុងក្រុងបូស្តុន។ នៅឯជ្រុងផ្លូវម្ខាងទៀត មានក្រុមសេរីនិយមមួយក្រុមធំ កំពុងគាំទ្រភាពចម្រុះជាតិសាសន៍ និងកំពុងតែស្រែកបញ្ចេញកំហឹង។ អ្នកតវ៉ាឈ្មោះ James Patinស្រែកតវ៉ាថា៖ «ទាំងនេះគឺជាក្រុមហ្វាស៊ីសស្តាំនិយមជ្រុល ដែលមិនគួរមាននៅក្នុងសហគមន៍យើងទេ»។
អ្នកតវ៉ាម្នាក់ទៀតឈ្មោះថា Kate Losey បានស្រែកថា៖ «ខ្ញុំចេញមកតវ៉ានៅថ្ងៃនេះ ដើម្បីប្រាប់ក្រុមណាស៊ីសឲ្យត្រឡប់ចូលទៅរូងរបស់គេវិញទៅ»។
ក្រុមអ្នកតវ៉ាប្រឆាំងដាក់គ្នារាប់រយនាក់នេះមកពីក្រុមផ្សេងគ្នា ប៉ុន្តែពួកគេគាំទ្ររឿងដូចគ្នា។ ឥឡូវនេះប៉ូលិសមិនបារម្ភពីពួកគេទេ ប៉ុន្តែបារម្ភថាតើពេលណាពួកគេដើរទៅដល់ទិសដៅរបស់គេ ហើយថាតើនឹងមានរឿងអ្វីកើតឡើងនៅពេលពួកគេជួបក្រុមតវ៉ាផ្សេងទៀតដែលមានទស្សនៈផ្ទុយពីខ្លួននោះ។
ក៏ប៉ុន្តែនេះគឺជាអ្វីដែលពួកគេបានឃើញនៅពេលពួកគេទៅដល់សួន Boston Common។ នៅទីនោះមានក្រុមស្តាំនិយមជ្រុលប្រហែល៣០នាក់ ប្រមូលផ្តុំគ្នាដែល ត្រូវបានគេហៅថាជាការនិយាយដោយសេរី។ ពួកគេបដិសេធថាជាក្រុមណាស៊ីស ក្រុម KKK ឬជាក្រុមពួកស្បែកសប្រកាន់ជាតិសាសន៍ឬហៅថា White Supremacist ហើយបាននិយាយថា ពួកគេមកប្រមូលផ្តុំតវ៉ានៅថ្ងៃនេះដើម្បីការពាររដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាក៏ពួកអ្នកតវ៉ាទាំងពីរក្រុមនេះមិនអាចស្តាប់គ្នាបាន ថាក្រុមណានិយាយពីអ្វីឡើយ។ ប៉ូលិសព្យាយាមបំបែកក្រុមទាំងពីរឲ្យចេញពីគ្នា។
អ្នកតវ៉ាឈ្មោះថា Andrew ដែលអះអាងថាជាអ្នកសេរីនិយមនោះ បានចេញមកដើម្បីគាំទ្រក្រុមអភិរក្សនិយម ប៉ុន្តែលោកនិយាយលោកមិនអាចដើរទៅដល់កន្លែងតវ៉ាបានទេ។ លោកបានស្តីបន្ទោសប៉ូលិសដែលបានដាក់បន្ថែមរបាំងការពារសន្តិសុខរវាងក្រុមទាំងពីរនេះ និងបានបង្អាក់ដល់សេរីភាពនៃការបញ្ចេញមតិរបស់ក្រុមនេះ។
លោក Andrew និយាយថា៖ «វាហាក់ដូចជាពួកប៉ូលិសចង់ឲ្យក្រុមភាគច្រើនស្រែកដាក់ទៅក្រុមភាគតិចជាជាងជួយសម្រួលឲ្យពួកគេហែរក្បួនតវ៉ាទៅដោយសម្រួល»។
បន្ទាប់ពីការតវ៉ាប្រមូលផ្តុំបានបញ្ចប់ ប៉ូលិសបូស្តុនបានចាប់ខ្លួនក្រុមអភិរក្សនិយមប៉ុន្មាននាក់ចេញពីហ្វូងក្រុមអ្នកតវ៉ាដើម្បីរក្សាសុវត្ថិភាព។ ប៉ុន្តែភាពតានតឹងនៃការប្រឈមដាក់គ្នានេះនៅតែកើតឡើង។ នៅក្នុងហេតុការណ៍នេះ មានក្រុមអ្នកតវ៉ាម្នាក់ស្តីបន្ទោសអ្នកគាំទ្រឲ្យមានការប្រមូលផ្តុំបញ្ចេញមតិដោយសេរីនេះ។
អ្នកតវ៉ាទាំងពីរក្រុមបានស្រែកដាក់គ្នាទៅវិញទៅមកយ៉ាងដូច្នេះថា៖ «ឯងដូចសំរាមអញ្ជឹង។ អ្វីដែលឯងបាននិយាយចេញទៅធ្វើឲ្យគ្រួសារយើង មិត្តភ័ក្រ្តយើង និងមនុស្សរាប់លាននាក់ផ្សេងទៀតឈឺចាប់។ អ្នកឯងអន់ណាស់»។
ម្នាក់ទៀតនិយាយថា «យើងគាំទ្រឲ្យមានការបញ្ចេញមតិដោយសេរី។ យើងប្រឆាំងរដ្ឋាភិបាលដែលព្យាយាមបញ្ឈប់ការប្រមូលផ្តុំនេះ។ យើងគ្មានមនោគមវិទ្យាអ្វីនោះទេ»។
បន្ទាប់ពីបំបែកហ្វូងបាតុកររួចមក មានការមន្ទិលសង្ស័យថាតើការតវ៉ាប្រឈមមុខដាក់គ្នានេះបានសម្រេចអ្វីខ្លះ? អ្នកតវ៉ាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា៖ «នេះជាការតវ៉ាដ៏អស្ចារ្យ ប៉ុន្តែយើងដឹងថាវានៅតែមានការប្រកាន់ពូជសាសន៍ជាប្រព័ន្ធ ហើយវាមិនអាចបញ្ឈប់បាន ដោយគ្រាន់តែយើងមកជួបជុំគ្នាស្រែកតវ៉ាប៉ុណ្ណោះទេ»។
ប៉ុន្តែហេតុការណ៍នេះមិនទាន់បានបញ្ចប់ឡើយ។ ការតវ៉ាប្រឈមមុខដាក់គ្នានេះបានប្តូរកន្លែងចេញពីសួនឧទ្យានមួយនេះ។ ក្រុមបាតុករបានបន្តស្រែកថា៖ «គ្មានក្រុមណាស៊ីសណាមួយនៅទីនេះទេ»។ «វាគ្មានអ្វីទាក់ទងជាមួយលោក Trump និងគ្មានអ្វីទាក់ទងជាមួយលោក Obama ទេ»។
រហូតដល់ពេលយប់ មនុស្សរាប់សិបនាក់ត្រូវចាប់ខ្លួន ហើយប៉ូលិសត្រូវឋិតក្នុងឯកសណ្ឋានការពារខ្លួន ហើយវានៅតែជាបញ្ហារបស់ប្រទេស និងនៅតែមានការបែងចែកក្រុម៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា