ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​រាប់​ពាន់​នាក់​តវ៉ា​នឹង​កំណែ​ទម្រង់​តុលាការ​នៅ​ប្រទេស​ប៉ូឡូញ


អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ូឡូញរាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅមុខ​អាគារ​រដ្ឋសភា​ ក្នុង​រដ្ឋធានី​វ៉ាសូវី កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​តវ៉ា​និង​ការ​កែប្រែ​ច្បាប់​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​តុលាការ។

មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​វ៉ាសូវី​ កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ប្រឆាំង​នឹង​កំណែ​ទម្រង់​តុលាការ​ថ្មី​ដ៏​ចម្រូង​ចម្រាប់​របស់​រដ្ឋាភិបាល​ប៉ូឡូញ ​ដែល​ក្រុមប្រឆាំង​មើល​ឃើញ​ថា ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​តុលាការ​ឯករាជ្យ។

ដោយ​ស្រែក​ថា​ «យើង​នឹង​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ‍» និង​បាន​គ្រវី​ទង់ជាតិ​សហភាព​អឺរ៉ុប​និង​ទង់ជាតិ​ប្រទេស​ប៉ូឡូញ អ្នក​តវ៉ា​ប្រហែល​៤៥០០​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ប៉ូឡូញ។ ​នេះ​បើ​យោង​តាម​ប៉ូលិស។​ មាន​ការ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​តូចៗ​ជាច្រើន​ទៀត​នៅ​តាម​បណ្តា​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស។

ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​សប្តាហ៍​មុន​ផ្តល់​ដល់​អ្នក​តំណាងរាស្ត្រ​នូវ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​តែង​តាំង​ចៅក្រម ដែល​នេះ​ជា​វិធានការ​មួយ​ដែល​គណបក្ស​ប្រឆាំង​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា នឹង​ធ្វើឲ្យ​ចៅ​ក្រម​ប្រឈម​នឹង​ឥទ្ធិពល​នយោបាយ។

ការ​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ជា​ការ​តវ៉ា​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់ ​ចាប់​តាំង​ពី​គណបក្ស​ច្បាប់​និង​យុត្តិធម៌​ដែល​អភិរក្ស​និង​ប្រជារាស្ត្រ​និយម​នេះ​ បាន​គ្រប់គ្រង​នយោបាយ​កាល​ពី​ឆ្នាំ​២០១៥​មក ។
ច្បាប់​ថ្មី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សហភាព​អឺរ៉ុប ដោយ​លើក​ឡើង​ថា បាន​បំពាន​ដល់​ភាព​ឯករាជ្យ​របស់​តុលាការ៕

XS
SM
MD
LG