ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស២៧នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង Boston ក្រោយ​មនុស្ស​រាប់​ពាន់​នាក់​​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​ក្រុម​រើស​អើង​ពូជសាសន៍


ប៉ូលិស​​នាំ​បាតុករ​ប្រឆាំង​នៅក្បែរ​ហ្វូង​ «សេរីភាព​សារព័ត៌មាន​» រៀបចំ​ដោយ​សកម្មជន​អភិរក្ស​កាល​ពី​ថ្ងៃទី​១៩ សីហា ២០១៧។
ប៉ូលិស​​នាំ​បាតុករ​ប្រឆាំង​នៅក្បែរ​ហ្វូង​ «សេរីភាព​សារព័ត៌មាន​» រៀបចំ​ដោយ​សកម្មជន​អភិរក្ស​កាល​ពី​ថ្ងៃទី​១៩ សីហា ២០១៧។

ប៉ូលិស​ទីក្រុង​ Boston បាន​ថ្លែង​ថា ពួក​គេ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​២៧នាក់​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ថ្ងៃ​ធ្វើ​បាតុកម្ម​មួយ​នៅ​ក្នុង​ទីក្រុង Boston រដ្ឋ Massachusetts កន្លែង​ដែល​មនុស្ស​ប្រមាណ​៤ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ មួយ​សប្តាហ៍​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​ពួក​ស្បែក​ស ដែល​យល់​ថា​ខ្លួន​ល្អ​ដាច់​គេ​ ឬ​ហៅ​ថា white supremacists នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia ដែល​បាន​បង្ក​ឲ្យ​មាន​មនុស្ស​៣នាក់​ស្លាប់​បាត់​បង់​ជីវិត។

ស្នងការ​ប៉ូលិស​លោក William Evans បាន​ថ្លែង​ថា មនុស្ស​២១នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​វាយ​តប់​ជាមួយ​នឹង​ប៉ូលិស។ មនុស្ស​៣នាក់​បាន​ពាក់​អាវ​ក្រោះ​ការ​ពារ​គ្រាប់​កាំភ្លើង​ ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​មាន​ប្រដាប់​ដោយ​អាវុធ នេះ​បើ​យោង​តាមស្នងការ​រូប​នោះ​។

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រមូល​ផ្តុំបញ្ចេញ​មតិ​ដោយ​សេរី​មួយ​ត្រូវ​បាន​បញ្ចប់​ ហើយ​ក្រុម​មួយ​ផ្សេង​ទៀត​ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​បាតុកម្ម​បាន​ចាប់​ផ្តើម​បែក​ហ្វូង​គ្នា​ ធ្វើ​ឲ្យ​កក​កុញ​ពេញ​ផ្លូវ​នៅ​ក្បែរ​តំបន់ Boston Common។ វីដេអូ​ព័ត៌មាន​បាន​បង្ហាញ​ថា ក្រុម​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ឯក​សណ្ឋាន​ការ​ពារ​ក្រុម​បាតុករ​ បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ក្រុម​ដែល​ប្រឆាំង​នឹង​ក្រុម​បាតុករ​នោះ ខណៈ​ពេល​ដែល​ក្រុម​មន្ត្រី​ប៉ូលិស​ប៉ុនប៉ង​ប្រមែ​ប្រមូល​ពួកគេ​ឲ្យ​ដើរ​តាម​ទិស​ដៅ​តែ​មួយ។

អ្នក​សារព័ត៌មាន​មួយ​រូប​របស់​ VOA បាន​ថ្លែង​ថា ភ្ញៀវ​នៅ​សណ្ឋាគារ​ដែល​អ្នកស្រី​ស្នាក់​នៅ​ត្រូវ​បាន​ស្នើ​ឲ្យ​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​ ដោយ​សារ​តែ​ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កកកុញ​តាម​ដង​ផ្លូវ​ Washington និង​ដង​ផ្លូវ Tremont។ អ្នក​សារព័ត៌មាន​របស់​ VOA រូប​នេះ​បាន​ថ្លែង​ថា អ្នកស្រី​បាន​ឃើញ​ក្រុម​បាតុករ​ប្រមាណ១០០នាក់​តាម​បង្អួច​សណ្ឋាគារ​ ហើយ​ពួកគេ​បាន​ស្រែក​ថា «ដង​វិថី​របស់​ពួកយើង»។

ក្រុម​សកម្ម​ជន​ឆ្វេង​និយម​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​បញ្ចេញ​មតិ​ដោយ​សេរី របស់​ក្រុម​ស្តាំ​និយម ដែល​គ្រោង​ធ្វើ​ឡើង​កាលពី​ខែ​កក្កដា ដោយ​ក្រុម​មួយ​ហៅ​ខ្លួន​ឯង​ថា «ក្រុម​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​ក្រុង​ Boston» ឬ «Boston Free Speech»។

លោក John Medlar អ្នក​រៀប​ចំ​មួយ​រូប​នៃ​ក្រុម​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​ក្រុង​ Boston បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ថា ការ​ប្រមូល​ផ្តុំ​នេះ​មិន​ស្វាគមន៍​ពួក​ស្បែក​ស ដែល​គិត​ថា​ខ្លួន​ល្អ​ដាច់​គេ​ឬ​ក្រុម white supremacists នោះ​ទេ។ លោក​បាន​ថ្កោល​ទោស​ក្រុម​ដែល​រើសអើង​ពណ៌​សម្បុរ​ទាំង​នោះ​ ដូច​ជា​ក្រុម Ku Klux Klan ឬ​ KKK ជា​ដើម៕

XS
SM
MD
LG