ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ប្រារព្ធ​ខួប​ឯករាជ្យ​លើក​ទី​២៤១​របស់​សហរដ្ឋ​អាមេរិក


កាំជ្រួច​ត្រូវ​បាន​គេ​បាញ់​ដើម្បី​ប្រារព្ធ​ខួប​បុណ្យ​ឯករាជ្យ​ជាតិ កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Denve រដ្ឋ Colorado។

ពលរដ្ឋ​អាមេរិកាំង​កំពុង​ប្រារព្ធ​បុណ្យ​ឯករាជ្យ ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សហព័ន្ធ​ដែល​កត់​សម្គាល់​ជាថ្ងៃ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក​ចេញពី​ចក្រ​ភព​អង់គ្លេស។នៅពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​រាប់​លាននាក់​ប្រារព្ធ​ថ្ងៃ​កំណើត​លើក​ទី២៤១​របស់​ប្រទេស​អាមេរិក​ដោយ​មាន​ការ​បាញ់​កាំជ្រួច ការ​ដង្ហែ​ក្បួន អាំងសាច់​នៅ​ខាង​ក្រៅ ហើយ​និង​សកម្មភាព​ផ្សេង​ទៀត​ ទីភ្នាក់​ងារ​ពង្រឹង​ច្បាប់​កំពុង​ចាត់​វិធាន ការ​តាម​របៀប​ថ្មី​និងប្រពៃណី​ដើម្បី​ធ្វើ​ឲ្យពួក​អ្នកចូលរួម​ពិធីបុណ្យ​នោះ​មានសុវត្ថិភាព។

នៅទីក្រុង Boston ភាគ​ឦសាន្ត​នៃ​រដ្ឋ Massachusetts ដែល​នៅ​ទី​នោះ​សង្គ្រាម​ បដិវត្តន៍​អាមេរិក​បាន​ចាប់​ផ្តើម ​ប៉ូលិសដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក Drone ជា​លើក​ទី​មួយ​ដើម្បី​ពិនិត្យ​មនុស្ស​៥សែន​នាក់​ដែ​ត្រូវគេ​រំពឹង​ថា​នឹង​ប្រមូល​ផ្តុំ​គ្នាដើម្បី​មើល​ការ​បាញ់​កាំជ្រួច​នៅ​ក្នុង​ទីក្រុង​នោះ។

ប៉ូលិស​ក្នុង​ទីក្រុង​ញូវយ៉ក​ដាក់​រថយន្ត​ធំៗ​ដែល​ផ្ទុក​ទៅ​ដោយ​ដីខ្សាច់​នៅជិត​កន្លែង​ដែល​មានមនុស្ស​ច្រើន​ក្នុង​អំឡុង​នៃការ​បាញ់​កាំជ្រួច​ហើយ​និង​ពិធី​ផ្សេង​ទៀត។ ពួក​មន្ត្រី​និយាយ​ថា ​រថយន្ត​ធំៗ​នោះ​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្លាប់​រង្គាល​នៅ​បុណ្យBastilleកាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅក្នុង​ប្រទេស​បារាំង​នៅពេល​មនុស្ស​៨៦​នាក់​បាន​ត្រូវ​ពួក​ភេរវជន​សម្លាប់​ដោយ​ការ​បើក​រថយន្ត​ ត្រាក់​ចូល​ក្នុង​ហ្វូងមនុស្សក្នុង​អំឡុង​នៃ​ការ​បាញ់​កាំជ្រួច​នៅ​ក្នុង​ទីក្រុង Nice ។

​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ​ពួក​អាជ្ញាធរ​ក៏​កំពុង​ប្រុងប្រៀប​រៀបចំ​ការវាយ​ប្រហារ​ដែល​ទាក់​ទិន​នឹង​រថយន្ត​ត្រាក់​ក្នុង​ពិធី​នៃ​ការ​ដើរ​ក្បួន​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​ហើយ​និង​ការ​បាញ់​កាំជ្រួច​នៅ​ទីលាន​ National Mall។ ក្រសួង​ឧទ្យាន​ជាតិ ​បាន​ដាក់​របង​នៅ​ជុំវិញ​ទីលាន National Mall ហើយ​នឹង​បង្កើត​ចំណុច​ឆែកឆេរ​ខាង​សន្តិសុខសម្រាប់​មនុស្សដែល​ចូល​ក្នុង​តំបន់​នោះ។

លោក​ប្រធានា​ធិបតី​ត្រាំ ​ប្រារព្ធថ្ងៃ​ឈប់​សម្រាក​ដោយ​ការ​អាំង​សាច់​ជាមួយ​ក្រុម​គ្រួសារ​កងទ័ព ​បន្ទាប់​មក​មើលការ​បាញ់​កាំជ្រួចជាមួយ​ក្រុម​គ្រួសារ​លោក​ និង​បុគ្គលិក​សេតវិមាន៕

XS
SM
MD
LG