មនុស្សរាប់ម៉ឺននាក់បានដើរដង្ហែក្បួនក្នុងទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យដើម្បីតវ៉ានឹងការកាត់ក្តីលើសកម្មជនលទ្ធិប្រជាធិបតេយ្យបីនាក់ ដែលដឹកនាំចលនាឆ័ត្រកាលពីឆ្នាំ២០១៤។
លោក Joshua Wong លោក Nathan Law និងលោក Alex Chow ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលពី៦ទៅ៨ខែកាលពីថ្ងៃព្រហស្បតិ៍ ចំពោះតួនាទីរបស់ពួកគេនៅក្នុងការប្រមូលផ្តុំចលនាឆ័ត្រ ដែលជាការធ្វើបាតុកម្មដែលស្នើឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យនៅទីក្រុងនេះ។
ការកាត់ទោសពួកគេបានធ្វើឲ្យមានការខឹងសម្បាពីសំណាក់អង្គការសិទ្ធិមនុស្សនិងក្រុមសកម្មជនដែលបានចូលរួមជាមួយនឹងជនស៊ីវិលនៅក្នុងការដើរដង្ហែរក្បួននេះកាលពីថ្ងៃអាទិត្យ ដែលចេញដំណើរពីសង្កាត់ Wan Chai ទៅកាន់តុលាការកំពូលដើម្បីតវ៉ានឹងការកាត់ទោសដាក់ពន្ធនាគារនេះ។
អ្នករៀបចំការដើរដង្ហែរក្បួននេះមិនបានប៉ាន់ស្មានពីតួលេខអ្នកចូលរួមនោះទេ ប៉ុន្តែប៉ូលិសបាននិយាយថា មនុស្ស២២.០០០នាក់បានចូលរួមក្នុងការដើរដង្ហែក្បួននេះ ដែលធ្វើឲ្យការប្រមូលផ្តុំគ្នានេះគឺជាការប្រមូលផ្តុំគ្នាដ៏ធំបំផុតនៅក្នុងទីក្រុងហុងកុង ចាប់តាំងពីការប្រមូលផ្តុំចលនាឆ័ត្របានចាប់ផ្តើមមក។
លោក Wong លោក Law លោក Chow និងសកម្មជនជាច្រើនទៀតត្រូវបានគេប្រាប់កាលពីខែមីនាថា ពួកគេនឹងត្រូវចាប់ខ្លួនចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការតវ៉ារបស់សិស្សនិស្សិតក្នុងចលនាឆ័ត្រកាលពីឆ្នាំ២០១៤ ហើយនឹងត្រូវចោទប្រកាន់ពីបទបង្កការរំខានដល់សាធារណជន។
លោក Wong ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នាមួយកាលពីខែមិថុនា មុនពេលដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើទស្សនកិច្ចទៅទីនោះ។ ការប្រមូលផ្តុំគ្នារបស់ពួកគេកាលពីពេលនោះគឺដើម្បីទាមទារឲ្យដោះលែងលោក Liu Xiaobo ជ័យលាភីពានរង្វាន់ណូបែលដែលបានទទួលមរណភាពទៅហើយកាលពីពេលថ្មីៗនេះ។
សិស្សរាប់ម៉ឺននាក់បានចូលរួមតវ៉ានៅតាមដងផ្លូវកាលពីឆ្នាំ២០១៤ នៅក្នុងការតវ៉ាដែលគេស្គាល់ថាជាចលនាឆ័ត្រ ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញសម្រាប់ទីក្រុងហុងកុង៕