តំណាងប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់មួយភាគតូចក្នុងសហគមន៍បុរីកីឡា បានបន្តការតវ៉ាទាមទារសំណងសមស្របពីអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជនមួយ បន្ទាប់ពីមានប្រជាពលរដ្ឋមួយភាគធំបានព្រមទទួលយកសំណងពីសាលារាជធានីភ្នំពេញ។
ការបន្តតវ៉ារបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើង ក្រោយឱសានវាទរបស់សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧ មករា បានផុតសុពលភាពកាលពីដើមខែមករា។ សាលារាជធានី និងអាជ្ញាធរខណ្ឌ៧មករា បានចេញសេចក្តីជូនដំណឹង ព្រមានជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលក្រាញននាលរស់នៅក្នុងសហគមន៍បុរីកីឡាដ៏ចម្រូងចម្រាសនេះ ឲ្យមកទទួលសំណងគោលនយោបាយ ហើយចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ដើម្បីបញ្ចៀសការប្តឹងផ្តល់ដល់តុលាការដែលនឹងធ្វើឲ្យពលរដ្ឋបានប្រយោជន៍ទទួលបានសំណង។
ការសែតដែលផ្សាយជាភាសាខ្មែរ និងអង់គ្លេសភ្នំពេញបុស្តិ៍ (Phnom Penh Post) បានរាយការណ៍កាលពីសប្តាហ៍មុនថា ពលរដ្ឋម្នាក់គឺអ្នកស្រី ង៉ូវ ណារី បានយល់ព្រមទទួលយកសំណងជាប្រាក់ចំនួន ១៦.០០០ ដុល្លារពីអាជ្ញាធរ បន្ទាប់ពីតវ៉ាស្វែងរកសំណងសមរម្យមួយពីក្រុមហ៊ុន និងអាជ្ញាធរអស់ពេលជាយូរឆ្នាំមកហើយ។
អ្នកស្រី ស ស៊ន វ័យ ៥៨ ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួន៩គ្រួសារដែលបដិសេធមិនព្រមចាកចេញពីទីកន្លែងរស់នៅចាស់ក្នុងសហគមន៍បុរីកីឡា បានប្រាប់ VOA កាលពីថ្ងៃសុក្រថា ក្នុងចំណោមពលរដ្ឋ១១គ្រួសារ កាលពីសប្តាហ៍មុនមាន២គ្រួសារ ក្នុងនោះគឺគ្រួសាររបស់អ្នកស្រី ង៉ូវ ណារី បានព្រមទទួលយកសំណងពីអាជ្ញាធររាជធានី តែសម្រាប់អ្នកស្រីក៏ដូចជាអ្នកឯទៀត បានច្រានចោលការផ្តល់សំណងពីអាជ្ញាធរ ក្រោយការជួបពិភាក្សាគ្នា បន្ទាប់ពីការផុតកាលបរិច្ឆេទនៃការទទួលយកសំណងពីអាជ្ញាធរ។
អ្នកស្រីបានរៀបរាប់ថា៖
«ពួកមីងមានអ្នកខ្លះចុះមក គេប្រាប់ថា នេះជាឱកាសចុងក្រោយហើយ ហើយក៏វាហួសឱសានវាទរបស់គេដែរ រួចអីចឹងគេនឹងរំលំអគារហ្នឹង ឈូសឆាយអគារហ្នឹងអីចឹង។ បើសិនជាយើងអត់យកគ្រាន់ថា គេអត់មានកំណត់ពេលវេលាថ្ងៃណា ខែណា ការបញ្ជាក់យើងថា ឥឡូវខែបី ឬមួយក៏ខែបួន អីចឹង អត់ទេ ហើយថ្ងៃនេះ ថ្ងៃនោះក៏អត់ទេ គ្រាន់តែគេប្រាប់ថា គេនឹងឈូសអគារហ្នឹងហើយ បើយើងអត់ទទួលយកសំណងទេ ជាឱកាសចុងក្រោយហ្នឹងសម្រាប់ពួកខ្ញុំដែលចុះមក ខាងសាលាក្រុងហ្នឹងគាត់ប្រាប់អីចឹង»។
ទោះបីជាយ៉ាងនេះក្តី អ្នកស្រីបានបញ្ជាក់ VOA ឲ្យដឹងនៅល្ងាចថ្ងៃច័ន្ទនេះថា មានប្រជាពលរដ្ឋបួនគ្រួសារបានទទួលផ្ទះនៅភូមិអណ្តូង ស្ថិតនៅជាយរាជធានី និងមួយគ្រួសារទៀត បានយល់ព្រមទទួលសំណងប្រាក់ប្រមាណ២ម៉ឺនដុល្លារអាមេរិកពីសាលារាជធានី។ អ្នកស្រីថា ក្រុមពលរដ្ឋទាំងនេះមិនស្ថិតក្នុងចំណោមពលរដ្ឋប្រាំបួនគ្រួសារនោះទេ គឺពលរដ្ឋក្នុងចំណោមពលរដ្ឋ៣២គ្រួសារផ្សេងទៀត ដែលមានវិវាទជាមួយក្រុមហ៊ុន។
អ្នកស្រីបានថ្លែងបន្តថា ក្រុមប្រជាពលរដ្ឋដែលមិនព្រមចេញពីលំនៅដ្ឋានចាស់ក្នុងសហគមន៍បុរីកីឡា នៅទទូចសុំឲ្យក្រុមហ៊ុនរបស់អ្នកស្រី ស៊ុយ សុផាន សង់អគារ២បន្ថែមទៀត ដើម្បីបង្គ្រប់ឲ្យបានចំនួន១០អគារ ដូចអ្វីដែលក្រុមហ៊ុនបានសន្យាកាលពីពេលកន្លងមក ឬក៏ក្រុមហ៊ុន និងអាជ្ញាធរត្រូវធ្វើយ៉ាងណាផ្តល់សំណងជាប្រាក់សមរម្យដើម្បីទិញផ្ទះក្នុងអគារថ្មីក្នុងសហគមន៍បុរីកីឡាចាស់ ដែលបានសង់រួច។ អ្នកស្រីមានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋ និងអ្នកស្រីមិនទាន់ដឹងថា នឹងមានការប្រឈមបែបណាជាមួយនឹងអាជ្ញាធរ ចំពោះការមិនចាកចេញពីលំនៅដ្ឋានចាស់ ផ្លាស់ទៅលំនៅដ្ឋានថ្មីក្នុងភូមិអណ្តូងដែលមិនមានលក្ខណៈអំណោយផលខាងសេដ្ឋកិច្ចនិងសង្គម។
VOA ព្យាយាមសុំការអធិប្បាយពីអ្នកស្រី ង៉ូវ ណារី ដែលព្រមទទួលយកសំណងគោលនយោបាយ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃច័ន្ទនេះ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ អភិបាលរងរាជធានីលោក មាន ចាន់យ៉ាដា បានចេញសេចក្តីជូនដំណឹងលើកទីមួយ ដោយបានបញ្ជាក់ឲ្យដឹងថា មានប្រជាពលរដ្ឋជាង ៩០ភាគរយ ដែលពាក់ព័ន្ធនឹងជម្លោះជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច បានព្រមទទួលយកសំណង ហើយនៅមានគ្រួសារមួយចំនួនតូចតែប៉ុណ្ណោះ ដែលមិនទាន់អញ្ជើញមកទទួលសំណង។ សេចក្តីជូនដំណឹងលើកទីមួយនោះ បានផ្តល់ពេលពីរសប្តាហ៍ដល់អ្នកដែលនៅសេសសល់ឲ្យមកទទួលសំណងគោលនយោបាយ។ ក្រោយការចេញសេចក្តីជូនដំណឹងដដែលនោះ ប្រជាពលរដ្ឋដែលនៅសេសសល់ នៅតែមិនព្រមរើចេញពីអគារបុរីកីឡាចាស់ ហើយទោះបីអាជ្ញាធរខណ្ឌ៧ មករាទុកពេលឲ្យប្រជាពលរដ្ឋទាំងនោះចាកចេញក្នុងរយៈពេលពីរសប្តាហ៍ទៀត ជាមួយនឹងសំណងគោលនយោបាយក៏ក្រុមប្រជាពលរដ្ឋដែលចង់បានផ្ទះនៅក្នុងសហគមន៍បុរីកីឡាដដែល មិនព្រមចាកចេញពីផ្ទះ និងទីជម្រកក្នុងអគារចាស់ក្នុងប្លុកបុរីកីឡា។
គោលនយោបាយសំណងសម្រាប់ទំនាស់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាសហគមន៍បុរីកីឡាគឺ៣.០០០ដុល្លារ ៥.០០០ដុល្លារ ឬផ្ទះល្វែងតូចមួយនៅភូមិអណ្ដូង ភ្នំបាត និងភូមិសំបុកចាប ស្ថិតនៅជាយរាជធានីភ្នំពេញ។
គ្រួសារខ្លះចាប់ឆ្នោតបានផ្ទះល្វែងនៅបុរីកីឡា ដោយតម្រូវតាមចំនួនបន្ទប់ដែលនៅសល់នៅអគារទី៨ ហើយនៅជាន់លើគេ។ ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បានសន្យាថា នឹងសាងសង់អគារចំនួន១០នៅនឹងកន្លែងសម្រាប់ជាសំណង ប៉ុន្តែអ្នកស្រីសង់បានតែចំនួន៨អគារប៉ុណ្ណោះ ក៏ប្រកាសក្ស័យធន។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីអ្នកស្រី ស៊ុយ សុផាន បានទេ នៅថ្ងៃច័ន្ទនេះ ដោយទូរស័ព្ទអ្នកស្រីរោទិ៍ តែមិនមានអ្នកទទួល។ VOA ព្យាយាមសុំការអធិប្បាយពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី តែលោកបានបង្វែរសំណួរទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី ដែលមិនអាចទាក់ទងបានដែរនៅថ្ងៃច័ន្ទដដែលនេះ។
ប្រជាពលរដ្ឋបុរីកីឡាជាច្រើនគ្រួសារដែលមិនទាន់ទទួលសំណង គឺមានមួយចំនួនកំពុងរស់នៅលើគំនរសំរាម ហាលថ្ងៃ ហាលភ្លៀង និងក្រោមជណ្ដើរអគារនៅបុរីកីឡា ដើម្បីទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សង់អគារស្នាក់នៅពីរបន្ថែមទៀតទៅតាមកិច្ចសន្យាដែលក្រុមហ៊ុននេះបានព្រមព្រៀងជាមួយរដ្ឋាភិបាល។ អ្នកស្រី ស ស៊ន តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួននៅទីនោះ ក៏កំពុងធ្លាក់ចុះដុនដាបខ្លាំងផងដែរ។
អ្នកស្រីថ្លែងបន្តថា ពលរដ្ឋដែលជាស្ត្រីបានកំពុងរស់នៅចិញ្ចឹមជីវិត ដោយធ្វើជាកម្មករលាងចាននៅតាមហាងលក់ដូរផ្សេងៗ ខណៈដែលពលរដ្ឋដែលជាបុរសកំពុងរស់នៅចិញ្ចឹមជីវិតដោយធ្វើជាកម្មករសំណង់ និងរើសអេតចាយជាដើម។ អ្នកស្រីបានបន្ថែមទៀតថា ប្រជាពលរដ្ឋខ្លះក៏បានប្រឈមការកាត់ផ្ដាច់អគ្គិសនីអស់រយៈពេលជិតបីខែមកហើយ រហូតមកដល់ពេលនេះ៖
«គាត់នៅក្នុងអគារចាស់ អគារហៅថា អគារ S នៅសល់អគារមួយហ្នឹង គាត់នៅក្នុងហ្នឹងជាមួយពួកមីង ហើយអ្នកខ្លះនៅក្រាមជណ្ដើរ ហើយស្ថានភាពរបស់គាត់រាល់ថ្ងៃយ៉ាប់យ៉ឺនណាស់ ដោយសារពួកគាត់ អត់មាន រកអីបានចឹង ទឹកភ្លើងអីអ្នកខ្លះ គេត្រូវផ្តាច់ទឹក ផ្តាច់ភ្លើង គាត់អត់មានទឹកប្រើរយៈពេលពីរបីខែហ្នឹងហើយ ហើយមីងក៏តទឹកឲ្យគេ ម្ចាស់ទឹកគេដឹង គេផ្តាច់ពីមីងវិញ»។
មន្ត្រីសិទ្ធិមនុស្ស ដែលបានឃ្លាំមើលជម្លោះដីធ្លីដែលមានអាយុកាលច្រើនឆ្នាំមកហើយនេះ ធ្លាប់បានលើកឡើងកាលពីពេលមុនៗថា ការចរចាគួរតែមានបន្តទៀតរវាងប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុន ដើម្បីបញ្ចៀសអំពើហិង្សា និងការប្រឈមមុខដាក់គ្នា៕