ប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីក្នុងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា បានសម្ដែងការសាទរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានស្ដីបន្ទោសមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបរាជ័យក្នុងការស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋរងគ្រោះ។
ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋក្រីក្រទាំងនោះដាក់មន្ទិលសង្ស័យអំពីប្រសិទ្ធភាពរបស់អាជ្ញាធរ តើពិតជាអាចស្វែងរកដំណោះស្រាយសមរម្យមួយសម្រាប់ពួកគាត់បានដែរឬយ៉ាងណា?
កាលពីថ្ងៃច័ន្ទម្សិលមិញ ថ្លែងក្នុងពិធីសម្ពោធន៍យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ ២០១៤-២០១៨ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរិះគន់មន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលចំពោះបរាជ័យក្នុងការដោះស្រាយទំនាស់ដីធ្លីនៅក្នុងប្រទេសនិងបានបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋរងគ្រោះឡើងមកទីក្រុងភ្នំពេញធ្វើការតវ៉ា និងស្វែងរកអន្តរាគមន៍ពីរូបលោក។
លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំឭកដល់មន្ត្រីអាជ្ញាធរទាំងអស់ត្រូវធ្វើយ៉ាងណា ពន្លឿនការស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ ឬត្រូវលាលែងពីតំណែង ប្រសិនបើមន្ត្រីទាំងនោះនៅតែមិនអាចដោះស្រាយជម្លោះដីធ្លីបាន។
កំពុងអង្គុយជុំៗគ្នាជាមួយប្រជាពលរដ្ឋក្នុងស្រុកជាមួយគ្នា លោកសួន វិច្ឆិកាគឺជាតំណាងប្រជាពលរដ្ឋចំនួន៤១៦គ្រួសារទៀតមកពីខេត្តក្រចេះ។
ប្រជាពលរដ្ឋទាំងនេះកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ដែលស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ។ កន្ទេល មុង ភួយសម្លៀកបំពាក់របស់ពួកគាត់នៅរប៉ាត់រប៉ាយស្ទើរពាសពេញ ក្រោយសាលាឆទាននៃវត្តនេះ។
លោកសួន វិច្ឆិកាថ្លែងថា លោកអបអរសាទរនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីដែលបានជំរុញឲ្យអាជ្ញាធរខេត្តក្រចេះស្វែងរកដំណោះជូនដល់ប្រជាពលរដ្ឋរងគ្រោះ។
លោកបន្ថែមថា ភ្លាមៗក្រោយពីមានប្រតិកម្មពីនាយករដ្ឋមន្ត្រីនៅយប់ថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមអាជ្ញាធរសុរិយោដីថ្នាក់ជាតិបានស្កាត់ជួបចរចាជាមួយប្រជាពលរដ្ឋនិងបានចេញលិខិតអញ្ជើញតំណាងប្រជាពលរដ្ឋមួយចំនួនដើម្បីទៅធ្វើការដោះស្រាយជម្លោះដីធ្លីនៅក្នុងសាលាស្រុកស្នួល។ ក៏ប៉ុន្តែលោកបញ្ជាក់ថាការសន្យាបែបនេះប្រជាពលរដ្ឋធ្លាប់បានឮជាច្រើនដងមកហើយ។
«អ្វីដែលគាត់ហៅថា ជានីតិវិធីហ្នឹង ហេតុអ្វីបានគាត់បណ្តោយឲ្យប្រជាពលរដ្ឋមានបញ្ហារហូតជាង២ឆ្នាំមកនេះ រហូតដល់ម្សិលមិញ សម្តេចគាត់ហៅមកសួរហើយគាត់បានឆ្លើយបង្វៀងថា មិនទាន់បានដោះស្រាយ។ នេះបានបង្ហាញថា អាជ្ញាធរខេត្តហ្នឹងបានឃុបឃិតគ្នារវាងក្រុមហ៊ុន អាជ្ញាធរថ្នាក់ក្រោមទាក់ទងហ្នឹងរឿងដីធ្លី ដោយធ្វើអ្វីមិនស្របតាមគោលនយោបាយ ហើយគេបានភូតកុហក់សម្តេច»។
ក្រឡេកមកមើលប្រជាពលរដ្ឋក្នុងសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំងវិញ ពួកគេកំពុងមានជម្លោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ខេឌីស៊ី (K.D.C) របស់អ្នកស្រីជា ខេងអភិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ជម្លោះនេះកើតឡើងនិងបន្តរ៉ាំរ៉ៃតាំងតែពីឆ្នាំ២០០២មកម្ល៉េះ ដោយក្រុមហ៊ុនបានឈូសឆាយដីអ្នកភូមិ១៤០ហិកតា។ នេះបើតាមញត្តិរបស់ក្រុមអ្នកតវ៉ាកន្លងមក។
ហើយកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋក្រីក្រទាំងនោះបានសម្រេចដើរដង្ហែក្បួនថ្មើរជើងចេញពីខេត្តកំពង់ឆ្នាំងមកទីក្រុងភ្នំពេញ ក៏ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ចហាមឃាត់ នឹងវាយបង្ក្រាបយ៉ាងចាស់ដៃកាលពីសប្ដាហ៍មុននេះ។
សព្វថ្ងៃនេះ ក្រុមប្រជាពលរដ្ឋមកពីសហគមន៍ឡពាងបានប្រមូលផ្តុំគ្នាស្នាក់នៅជាមួយសហគមន៍បឹងកក់។ នៅព្រឹកថ្ងៃអង្គារនេះ បណ្ដាញសហគមន៍ជនរងគ្រោះក្នុងជម្លោះដីធ្លីឡពាង បឹងកក់ និងបុរីកីឡាបានជួបជុំគ្នាធ្វើសន្និសីទកាសែតលើកំណាត់ផ្លូវក្នុងតំបន់បឹងកក់។
ក្រុមអ្នកតវ៉ាដែលមកពី៣តំបន់ខាងលើនេះបានស្រែកទាមទារឲ្យអាជ្ញាធរដោះលែងតំណាងប្រជាពលរដ្ឋមកពីសហគមន៍ឡពាងចំនួន៥នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ ឲ្យមានសេរីភាពឡើងវិញ។
អ្នកតវ៉ាស្រែកទាមទារក្រុមនៅក្នុងតំបន់បឹងកក់។
អ្នកស្រីអ៊ុំ សូភី តំណាងប្រជាពលរដ្ឋសហគមន៍ឡពាង ថ្លែងថា អ្នកស្រីក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែរ បានសប្បាយចិត្តឃើញលោកនាយករដ្ឋមន្ត្រីចេញមុខដោយផ្ទាល់បញ្ជាឲ្យអាជ្ញាធរស្វែងរកដំណោះស្រាយជូនដល់ក្រុមប្រជាពលរដ្ឋរងគ្រោះ។
ក៏ប៉ុន្តែអ្នកស្រីព្រួយបារម្ភថា ប្រសាសន៍របស់លោកប្រមុខរដ្ឋាភិបាលអាចនឹងមិនមានប្រសិទ្ធភាព។ រហូតមកទល់បច្ចុប្បន្ននេះគ្មានអាជ្ញាធរណាចេញមុខដើម្បីមកស្វែងដំណោះស្រាយជូនដល់ពួកគាត់ឡើយ ខណៈពេលដែលអ្នកភូមិឡពាង៥នាក់នៅបន្តជាប់ឃុំនៅឡើយ។
«ខ្ញុំប្រជាពលរដ្ឋឡពាងស្វាគមន៍នឹងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកាលពីយប់មិញ ក៏ប៉ុន្តែសូមលោកយកប្រសាសន៍និយាយទៅឲ្យមានន័យ ពិតជាធ្វើឲ្យអាជ្ញាធរជួយដោះស្រាយដល់ពួកយើងខ្ញុំ។ ហើយខ្ញុំសង្ឃឹមថា លោកនឹងដឹងឮចាប់ពីថ្ងៃនេះតទៅ។ សម្រាប់សហគមន៍ឡពាង ទាមទារជាដាច់ខាតដោះលែងសកម្មជនរបស់យើង និងដីធ្លីរបស់យើង»។
អ្នកស្រីឆាយ គឹមហ៊ន ជាតំណាងប្រជាពលរដ្ឋសហគមន៍ក្រីក្រនៅបុរីកីឡាដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនផានអ៊ីមិចដ៏មានអំណាចគ្រប់គ្រងដោយអ្នកស្រីស៊ុយ សុផាន។
ជម្លោះដែលមានអាយុកាលជាងមួយទសវត្សរ៍រវាងក្រុមហ៊ុននិងប្រជាពលរដ្ឋសហគមន៍បុរីកីឡាកើតឡើងដោយសាររដ្ឋាភិបាលបានសម្រេចផ្ដល់ដីតំបន់បុរីកីឡាទៅឲ្យក្រុមហ៊ុនហ៊ុនផានអ៊ីមិចសម្រាប់អភិវឌ្ឍន៍។ ក្រុមហ៊ុនបានសន្យាថានឹងសង់អាគារចំនួន១០ដើម្បីទុកជាថ្នូរសម្រាប់ប្រជាពលរដ្ឋដែលនឹងត្រូវបណ្តេញចេញពីលំនៅដ្ឋាន ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះមានតែអាគារ៨ប៉ុណ្ណោះត្រូវបានសាងសង់។ នេះបើយោងតាមសម្តីរបស់អ្នកស្រីឆាយ គឹមហ៊ន។
អ្នកដឹកនាំរូបនេះនិយាយថា អ្នកស្រីនឹងប្រជាពលរដ្ឋជាង១៥០គ្រួសារទៀតដែលនៅមិនទាន់ទទួលបានសំណង នឹងរង់ចាំមើលប្រសិទ្ធភាពនៃប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ អ្នកស្រីប្រាប់ថា អាជ្ញាធរបានសន្យាថា នឹងស្វែងរកដំណោះស្រាយជូនដល់ក្រុមប្រជាពលរដ្ឋក្នុងរយៈពេល២សប្តាហ៍ក្រោយទៀតបន្ទាប់ពីមានការបើកវេទិកាសាធារណៈរវាងជនរងគ្រោះនិងអាជ្ញាធរ។
«វិវាទដីធ្លីមិនគិតថា នៅទីក្រុងភ្នំពេញ ឬខេត្ត គឺត្រូវឲ្យគាត់ដោះស្រាយឲ្យស្អាត បញ្ចប់ឲ្យសា្អត បើបានខ្ញុំជឿជាក់ថា គាត់ពិតជាមិនដឹងរឿងមែន។ ក៏ប៉ុន្តែប្រសិនបើនៅបន្តឲ្យអ្នកបុរីកីឡា បឹងកក់ និងអ្នកផ្សេងៗទៀតជួបបញ្ហាខ្ញុំអត់ជឿគាត់ទេ បានន័យថា គាត់ដឹងតែម្ខាងហ្នឹង»។
មិនខុសអ្វីនឹងអ្នកស្រីឆាយ គឹមហ៊នដែរ អ្នកស្រីទេព វន្នីគឺជាតំណាងក្រុមអ្នកតវ៉ាសហគមន៍បឹងកក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ាឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
ក្រុមហ៊ុននេះបានទទួលសិទ្ធិសម្រាប់អភិវឌ្ឍន៍តំបន់បឹកកក់ក្នុងរយៈពេល៩៩ឆ្នាំក្នុងទឹកប្រាក់វិនិយោគ៧៩លានដុល្លារ។
ប្រជាពលរដ្ឋប្រមាណជាង៤ពាន់គ្រួសារបានរងការប៉ះពាល់ ហើយក្នុងនេះជាង ៣ពាន់គ្រួសារបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាននៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមបូមខ្សាច់លុបបឹងកក់។ បឹងនេះដែលជាកន្លែងសម្រាប់ជម្លៀសទឹកដ៏មួយស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ។ នេះបើយោងតាមអ្នកស្រីទេព វន្នី។
អ្នកស្រីបន្តថា អ្នកស្រីនឹងប្រជាពលរដ្ឋប្រហែលជិត៤០គ្រួសារទៀតនៅមិនបានសំណង ហើយកំពុងរង់ចាំមើល ថាតើអាជ្ញាធរនឹងអាចធ្វើបានតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីបានដល់កម្រិតណាក្នុងការបញ្ចប់ជម្លោះដីធ្លីក្នុងសហគមន៍បឹងកក់។
«ប្រសិនបើការប្តេជ្ញារបស់គាត់កាលពីម្សិលមិញនេះជារឿងថ្មីមួយទៀតដើម្បីបម្រើប្រជាពលរដ្ឋ ចង់បម្រើប្រទេសជាតិ ខ្ញុំត្រេកអរ ហើយខ្ញុំសប្បាយចិត្ត។ ក៏ប៉ុន្តែអ្នកស្រីអះអាងថា ប្រជាពលរដ្ឋសហគមន៍បឹងកក់នឹងទុកឲ្យពេលវេលាជាអ្នកកំណត់ ថាតើប្រសាសន៍របស់នាយករដ្ឋមន្ត្រីអាចនឹងធ្វើឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តតាមឬយ៉ាងណា។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ដែលបានឃ្លាំមើលការតវ៉ារបស់ក្រុមសហគមន៍ឡពាង បានថ្លែងថា នាយករដ្ឋមន្ត្រីគួរដាក់ទណ្ឌកម្មធ្ងន់លើមន្ត្រីអាជ្ញាធរថ្នាក់ក្រោមដែលមិនបានស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ។
«ប្រសិនបើប្រជាពលរដ្ឋលោកឈប់តវ៉ា លោកទទួលបានដីធ្លី អាហ្នឹងបានចប់។ បើនៅតែមានការតវ៉ាបានន័យថា តំបន់ហ្នឹងនៅតែមានជម្លោះ។ អញ្ចឹងលោកគួរចាត់វិធានការ ឬដាក់វិន័យលើអាជ្ញាធរណាដែលមិនធ្វើការដោះស្រាយជូនរាស្រ្ត។ អាហ្នឹងបានមានប្រសិទ្ធភាព។ បើលោកស្រែក តែអាជ្ញាធរមូលដ្ឋានមិនព្រមធ្វើ វានឹងអត់ប្រសិទ្ធភាព ហើយវាប៉ះពាល់ដល់កត្តិយសរបស់លោកទៀត»។
យោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc)ចេញផ្សាយនៅឆ្នាំ២០១៤ បានឲ្យដឹងថា វិបត្តិនៃជម្លោះដីធ្លីដ៏រុំារ៉ៃក្នុងប្រទេសកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០០រហូតដល់ឆ្នាំ ២០១៣ បានធ្វើឲ្យមនុស្សយ៉ាងតិច៧សែន៧ម៉ឺននាក់រងការប៉ះពាល់៕