ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាដែលមិនទាន់ទទួលបានសំណងពីក្រុមហ៊ុនអះអាងថា ក្រុមសន្តិសុខខ័ណ្ឌ៧មករា បានវាយកម្ទេចអគារចាស់មួយខ្នងនៅជាប់នឹងគេហដ្ឋានប្រជាពលរដ្ឋ បង្កឲ្យមានការបារម្ភអំពីសុវត្ថិភាពក្នុងការរស់នៅ។ នេះបើយោងតាមការបញ្ជាក់ពីតំណាងប្រជាពលរដ្ឋដែលកំពុងជាប់គាំងក្នុងទំនាស់ដីធ្លីនៅសហគមន៍បុរីកីឡា។
ការវាយកម្ទេចអគារនេះបានកើតឡើង បន្ទាប់ពីក្រុមប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡាត្រៀមរៀបចំធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលមានគោលដៅទាមទាររកយុត្តិធម៌ដល់សកម្មជនសិទ្ធិមនុស្សកំពុងជាប់ក្នុងពន្ធនាគារ។
អ្នកស្រីស ស៊ន តំណាងប្រជាពលរដ្ឋជាង២០គ្រួសារ បានប្រាប់ VOAថា ការវាយកម្ទេចអគារនេះបានបណ្ដាលឲ្យរង្គើលំនៅដ្ឋានដែលប្រជាពលរដ្ឋកំពុងរស់នៅ ហើយបានធ្វើឲ្យខូចខាតដល់ប្រព័ន្ធផ្គត់ផ្គង់ទឹក ភ្លើងផងដែរ។ អ្នកស្រីថ្លែងថា អាជ្ញាធរខ័ណ្ឌ៧មករា មិនបានជូនដំណឹងជាមុនអំពីការវាយរំលំអគារនេះទេ។
នៅគ្រាដែលសកម្មភាពវាយកម្ទេចអគារកំពុងកើតឡើងនោះ អ្នកស្រីងូវ ណារី ដែលរស់នៅក្នុងសហគមន៍នេះតាំងពីឆ្នាំ១៩៩០ បានប្រាប់ VOA ថា អាជ្ញាធរខ័ណ្ឌកំពុងបង្ហាញសារគំរាមកំហែងដល់ប្រជាពលរដ្ឋ ដែលរង់ចាំដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន Phanimex របស់អ្នកស្រីស៊ុយ សុផាន។
យ៉ាងណាក៏ដោយ លោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការវាយអគារនេះមានបំណងការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយនឹងរក្សាសណ្តាប់ធ្នាប់សហគមន៍។ លោកអះអាងថា អគារនេះចាស់ មានសភាពទ្រុឌទ្រោម និងអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។
ក្រុមប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡាត្រូវគេសង្កេតឃើញថា តែងតែមានភាពសកម្មក្នុងការចូលរួមតវ៉ាក្នុងយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»ដើម្បីឲ្យមានការដោះលែងក្រុមមន្រ្តីសិទ្ធិមនុស្សសមាគមន៍អាដហុកចំនួនបួនរូប និងមន្រ្តីគ.ជ.ប.ដែលកំពុងជាប់ឃុំនៅពន្ធនាគារតាំងពីខែឧសភាកន្លងមក៕