ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រាជធានី​ទុក​ពេល​ពីរ​សប្តាហ៍​ឲ្យ​ពលរដ្ឋ​សេសសល់​ក្នុង​សហគមន៍​បុរី​កីឡា​ចាក​ចេញ


រូបឯកសារ៖ អ្នក​សហគមន៍​បុរី​កីឡា​ឈរមើល​ការ​វាយកំទេច​អគារ​នៅ​ថ្ងៃ​ចន្ទ ទី​០៥ ខែ​សីហា​ឆ្នាំ ២០១៦​ ហើយ​ពួកគេ​និយាយថា​វា​​​បណ្ដាល​ឲ្យ​រង្គើរ​លំនៅ​ដ្ឋាន​​ប្រជាពលរដ្ឋ​ពួកគេ​កំពុង​រស់នៅ​ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកភ្លើង​ផងដែរ​។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ អ្នក​សហគមន៍​បុរី​កីឡា​ឈរមើល​ការ​វាយកំទេច​អគារ​នៅ​ថ្ងៃ​ចន្ទ ទី​០៥ ខែ​សីហា​ឆ្នាំ ២០១៦​ ហើយ​ពួកគេ​និយាយថា​វា​​​បណ្ដាល​ឲ្យ​រង្គើរ​លំនៅ​ដ្ឋាន​​ប្រជាពលរដ្ឋ​ពួកគេ​កំពុង​រស់នៅ​ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកភ្លើង​ផងដែរ​។​ (ឡេង ឡែន/VOA)

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​ឱសានវាទ​ចំនួន​ពីរ​សប្តាហ៍​ឲ្យ​ប្រជាពលរដ្ឋជាប់​គាំង​ក្នុង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​សហគមន៍បុរីកីឡា​ ទទួល​យក​សំណង​គោល​នយោបាយ​ ​និង​ចាកចេញ​ពី​លំនៅដ្ឋាន។​ អាជ្ញាធរ​រាជធានី​ក៏​នឹង​ត្រៀម​ចាត់​វិធានការ​តាម​តុលាការ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា។​ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ​និង​តំណាង​ពលរដ្ឋ​រស់​នៅ​សហគមន៍​បុរី​កីឡា។

សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ​ធ្វើ​ឡើង​ មុន​ពីរ​សប្តាហ៍​ ​នៃ​ការ​ឈាន​ដល់ខួប​៦​ឆ្នាំសម្រាប់​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ​ក្នុង​សហគមន៍​បុរីកីឡា។​ កាល​ពី​ខែ​មករា​ ​ឆ្នាំ​២០១៧​ ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​បុរីកីឡា​ ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​កង​សន្តិ​សុខខណ្ឌ​ ៧​មករា​ ​នៅ​ពេល​ពួកគេ​គ្រោង​ចូល​រស់​នៅ​អគារ​សេសសល់ក្នុង​សហគមន៍​នេះ​វិញ។​ ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ ​បាន​កើត​ឡើង​ចំ​ថ្ងៃ​ដែល​អតីត​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ប្រារព្ធ​ខួប​ប្រាំ​ឆ្នាំ​នៃ​ការ​បណ្តេញដោយ​បង្ខំ។

សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ និង​ចុះ​ហត្ថ​លេខា​ដោយ​ អភិបាល​រង​រាជធានី​លោក​ មាន ចាន់យ៉ាដា​ ហើយ​ VOA​ ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ជាង​ ​៩០​ភាគរយ​ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ បាន​ព្រម​ទទួល​យក​សំណង​ ហើយ​នៅ​មាន​គ្រួសារ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​អញ្ជើញ​មក​ទទួល​សំណង។

អគារធំ​នៃ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)
អគារធំ​នៃ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)

​សាលា​រាជធានី​ភ្នំពេញ​ ​បានសរសេរ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖​

​«ចំពោះ​មុខ​ ​ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​សូមជម្រាប​ជូនដំណឹង​ជា​លើក​ចុង​ក្រោយ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​មិន​ទាន់​អញ្ជើញ​មក​ទទួល​យក​សំណង​គោល​នយោបាយ​ ទៅ​តាម​លទ្ធផល​ដែល​បាន​វាយ​តម្លៃ​ សូម​មេត្តា​រួសរាន់​ទំនាក់ទំនង​ជាមួយ​រដ្ឋបាល​ខណ្ឌ ៧​មករា​ ​រៀងរាល់​ម៉ោង​ធ្វើការ​ ដើម្បី​ទទួល​យក​សំណង​គោល​នយោបាយ​ដោយ​ទុក​រយៈពេល​ ០២​ (ពីរ)​ សប្តាហ៍​ គិតចាប់​ពី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ រហូត​ដល់​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ជា​កំហិត។​ ផុត​កំណត់​រយៈ​ពេល​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ និង​យន្តការ​តុលាការ​ ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ផល​ប្រយោជន៍​ និង​បញ្ឈប់​រាល់​ដំណោះស្រាយ ដោយ​ចាត់​ទុក​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​បាន​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួល​យក​សំណង​គោលនយោបាយ​របស់​ខ្លួន»។

គោល​នយោបាយ​សំណង​សម្រាប់​ទំនាស់​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​បុរី​កីឡា​គឺ​៣.០០០​ដុល្លារ​ ៥.០០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​តូច​មួយ​នៅ​ភូមិ​អណ្ដូង​ ភ្នំបាត ​និង​ភូមិ​សំបុក​ចាប​ ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។

គ្រួសារ​ខ្លះ​ចាប់​ឆ្នោត​បាន​ផ្ទះល្វែង​នៅ​បុរី​កីឡា​ ដោយ​តម្រូវ​តាម​ចំនួន​បន្ទប់​ដែល​នៅ​សល់​នៅ​អគារ​ទី៨​ ហើយ​នៅ​ជាន់​លើ​គេ។ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ របស់​អ្នកស្រី​ ស៊ុយ សុផាន​ បាន​សន្យា​ថា ​នឹង​សាងសង់​អគារ​ចំនួន​១០​នៅ​នឹង​កន្លែង​សម្រាប់​ជា​សំណង ​ប៉ុន្តែ​អ្នកស្រី​សង់​បាន​តែ​ចំនួន​៨​អគារ​ប៉ុណ្ណោះ ក៏​ប្រកាស​ក្ស័យធន។

អ្នកស្រី​ ស ស៊ន​ វ័យ​ ៥៨​ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ១១​គ្រួសារ​ ដែល​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ទី​កន្លែង​រស់នៅចាស់​ក្នុង​សហគមន៍​បុរីកីឡា​ បាន​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រុម​ប្រជាពលរដ្ឋ​នៅ​បន្ត​ទាមទារ​ឲ្យ​បាន​ផ្ទះ​សម្បែង​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា​នេះ​ដដែល​ ដោយ​សារ​តែ​ទី​តាំង​ថ្មី មិន​មាន​អំណោយ​ផល​ខាង​សេដ្ឋកិច្ច​និង​ការ​អប់រំ។​ អ្នក​ស្រី​បាន​បន្ត​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​មាន​លក្ខណៈ​សម្បត្តិ​ជាច្រើន​ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​បាន​សំណង​ជា​ផ្ទះ​នៅ​ក្នុង​សហគមន៍​នេះ​តែ​ម្តង។

អ្នក​ស្រី​បញ្ជាក់​ថា៖​

«ទី​មួយ​យើង​រស់​នៅ​អចិន្ត្រៃយ៍​ អាជ្ញាធរ​ទទួល​ស្គាល់​ដឹង​ឮ​ អីចឹង​វា​ត្រូវ​តែ​បាន​ផ្ទះ​ នៅ​បុរីកីឡា។ អីចឹង​ហើយ​បាន​ពួក​ខ្ញុំ​ សៀវភៅ​សន្សំ​ប្រាក់​របស់​សហគមន៍​អីចឹង​ គាត់​អត់​ព្រម​ចេញ​ទេ​ គាត់​ចង់​បាន​នៅ​បុរីកីឡា​ ទោះបី​ផ្ទះ​ខ្ពស់​ ពួក​គាត់​ចង់​បាន​រស់​នៅ​បុរី​កីឡា​ដែរ​ គាត់​សំណូមពរ​អីចឹង​ ព្រោះ​អី​នៅ​បុរី​កីឡា​ វា​មាន​កន្លែង​រកស៊ី​ ទោះបី​គាត់​ទៅ​លាង​ចាន​ ធ្វើ​អី​ អនាម័យ​ឲ្យ​គេ​អីចឹង គាត់​បាន​ហូប​ដល់​តែ​ទៅ​ទួល​សម្បូរណ៍​ ភូមិ​អណ្តូង​ហ្នឹង​ វា​ឆ្ងាយ​ផ្សារ​ ហើយ​អត់​មាន​កន្លែង​រកស៊ី​អី​ទេ​ ហើយ​សាលារៀន​ក៏​ឆ្ងាយ​ មន្ទីរ​ពេទ្យ​ ទឹក​ភ្លើង​អី​ ក៏​ពិបាក​ ​ឮ​គាត់​ គាត់​ត្អូញត្អែរ​អីចឹង»។

អ្នកស្រី​បាន​លើក​ឡើង​បន្ត​ទៀត​ថា​ ក្រុម​ប្រជាពលរដ្ឋ​នឹង​នៅ​ប្រឈម​ជាមួយ​អាជ្ញាធរ​ បើ​ទោះ​បី​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​រើ​របស់របរ​ល្អៗ​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ។

«ពួក​ខ្ញុំ​ប្រហែល​ជា​នៅ​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​ ប៉ុន្តែ​អ្នក​ខ្លះ​ ឃើញ​រើ​ឥវ៉ាន់​ខ្លះ​របស់​ល្អៗ​ រើចេញ​ខ្លះ​ហើយ»។

អ្នកស្រីបាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ប្រជាពលរដ្ឋ​ជាង​ ២០​គ្រួសារ​ បាន​បន្ត​រស់​នៅ​ក្នុង​អគារ​ចាស់ៗ​ ដែលបោះបង់​ចោល​ដោយ​ អតីត​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡាដែល​បាន​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន។

រូបឯកសារ៖ ក្រុម​សន្តិសុខ​ខណ្ឌ​ប្រាំពីរ​មករា​ ឈរ​មើល​ការ​វាយកម្ទេច​អគារ​មួយ​ដោយ​មិន​បាន​ប្រាប់​ពី​គោលបំណង​នៃ​ការ​រំលំ​នេះ ខណៈពេល​ដែល​អ្នកនៅ​សហគមន៍​បុរី​កីឡានិយាយ​ថា​ពូកគេ​មិនបាន​ទទួលដំណឹង​ពី​ការ​រំលំ​អគារ​នេះ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។
រូបឯកសារ៖ ក្រុម​សន្តិសុខ​ខណ្ឌ​ប្រាំពីរ​មករា​ ឈរ​មើល​ការ​វាយកម្ទេច​អគារ​មួយ​ដោយ​មិន​បាន​ប្រាប់​ពី​គោលបំណង​នៃ​ការ​រំលំ​នេះ ខណៈពេល​ដែល​អ្នកនៅ​សហគមន៍​បុរី​កីឡានិយាយ​ថា​ពូកគេ​មិនបាន​ទទួលដំណឹង​ពី​ការ​រំលំ​អគារ​នេះ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។

អភិបាលរងរាជធានី​លោក​ មាន​ ចាន់យ៉ាដា​ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ម៉េត មាសភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី។​ VOA​ មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ​ ព្រោះ​ទូរស័ព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​លើក។ VOA​ ក៏​មិន​ទាន់​អាច​ទាក់ទង​អ្នកស្រី​ ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ បាន​ដែរ​ ដោយ​ទូរស័ព្ទ​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។​

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ ផានអ៊ីម៉ិច និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​ និង​សន្តិសុខ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ចំនួន​៣៨៧​គ្រួសារ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ នៅ​បន្ត​រស់​នៅ​ទីនោះ​ ក្នុង​អគារ​ចាស់ៗ​ដែល​គេ​ទុក​ឲ្យ​នៅ​ទំនេរ​ចោល។

លោក​ អំ​ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ការ​ចរចា​គួរតែ​មាន​បន្ត​រវាង​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ និង​ក្រុមហ៊ុន​ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ណាមួយ​ នៅ​ពេល​ដែល​ឱសានវាទ​មក​ដល់​ ហើយ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាកចេញ។

«សង្គម​ស៊ីវិល ​យើង​ឲ្យ​ជជែក​គ្នា ​ពិនិត្យ​ទៅ​លើ​លក្ខខណ្ឌ​ឡើង​វិញ​នៃ​កិច្ចសន្យា​កាលពី​ដើម​មក​រវាង​ប្រជាពលរដ្ឋ​ ជាមួយ​និង​ក្រុមហ៊ុន​ ក៏​ដូច​ជា​អាជ្ញាធរ​ ដើម្បី​ឲ្យ​ការ​ដោះស្រាយ​នឹង​ទៅ​វា​មាន​ ភាព​យុត្តិធម៌​ និង​តម្លាភាព​ ហើយ​ខ្ញុំ​គិត​ថា​ ប្រហែល​ជា​នៅ​តិច​ដែរ​ទេ​ ចំពោះ​អ្នក​បុរីកីឡា​នេះ​ ហើយ​វា​គួរ​ណាស់​តែ​មាន​ការ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ទៅ។ ហើយ​កាលណា​ដាក់​ឱសានវាទ​អីចឹង​ បើ​យើង​មើល​ទៅ​វា​ វា​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ ហើយ​វា​ដូច​ជា​ការ​ ដាក់​គំនាប​ ឬ​ក៏​គំរាម​សម្រាប់​ពួកគាត់​នៅ​ក្នុង​ការ​ទទួល​យក​ ឬ​ក៏​ទៅ​ដោះស្រាយ»។

ប្រជា​ពលរដ្ឋ​បុរី​កីឡា​ជាច្រើន​គ្រួសារ​ដែល​មិន​ទាន់​ទទួល​សំណង​ គឺ​មាន​មួយ​ចំនួនកំពុងរស់​នៅ​លើ​គំនរ​សំរាម​ ហាល​ថ្ងៃ​ ​ហាល​ភ្លៀង​ និង​ក្រោម​ជណ្ដើរ​អគារ​នៅ​បុរីកីឡា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច​ សង់​អគារ​ស្នាក់នៅ​ពីរ​បន្ថែម​ទៀត​ទៅ​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​នេះ​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល។​ អ្នកស្រី​ ស ស៊ន​ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួននៅ​ទីនោះ​ ក៏​កំពុង​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ផង​ដែរ៕​

XS
SM
MD
LG