ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាជ្ញាធរ​ខណ្ឌ​៧មករា​​ពន្យារ​ពេល​ពីរ​សប្តាហ៍​ទៀត​​​ឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា​ចាកចេញ​


រូប​ឯកសារ៖ ក្រុម​សន្តិសុខ​ខណ្ឌ៧មករា​តតាំង​ជាមួយ​អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​​ឲ្យ​ចេញ​ពី​អគារ​​ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)
រូប​ឯកសារ៖ ក្រុម​សន្តិសុខ​ខណ្ឌ៧មករា​តតាំង​ជាមួយ​អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​​ឲ្យ​ចេញ​ពី​អគារ​​ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

​អាជ្ញាធរ​ភ្នំពេញ​ទុក​ពេល​ពីរ​សប្តាហ៍​បន្ថែម​ទៀត​ក្នុង​ការ​​បង្ខំ​​ឲ្យ​ប្រជា​ពលរដ្ឋ​ចាក​ចេញ​ពី​ប្លុក​បុរីកីឡា​ក្រោយ​ពី​ឱសានវាទ​ចំនួន​ពីរ​សប្តាហ៍​បាន​កន្លង​ផុត​ទៅ។ ​​​

អាជ្ញាធរ​ខណ្ឌ៧​មករា​នៃ​រាជធានី​ភ្នំពេញ​បាន​ទុក​ពេលបន្ថែម​ទៀតឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​សហគមន៍​បុរី​កីឡាហើយជាប់​គាំង​ក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជា​មួយ​ក្រុម​ហ៊ុន​ឯកជន រើ​លំនៅដ្ឋាន​របស់​ពួក​គេ​ បន្ទាប់​ពី​ឱសានវាទ​ចាស់​របស់​សាលា​រាជធានី​ភ្នំពេញបាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​មក​ហើយ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា។

កាលពី​ថ្ងៃ​ទី៨​ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ អភិបាល​រង​រាជធានី​លោក​ មាន ចាន់យ៉ាដា​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ជាង​៩០​ភាគរយ​ ​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ ​បាន​យល់​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​និង​ចាកចេញ​ ​ក៏​ប៉ុន្តែ​មាន​គ្រួសារ​មួយ​ចំនួន​តូច​ ​ដែល​មិន​ទាន់​អញ្ជើញ​មក​ទទួល​សំណង។​ ​អភិបាល​រង​រាជធានី​រូប​នេះ​បាន​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋានរបស់​ពួកគេ ​គឺចេញ​ពី​ទី​តាំង​មាន​ទំនាស់ពី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ រហូត​ដល់​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​ ជា​កំហិត​ ជាមួយ​នឹង​សំណង​គោល​នយោបាយ។​

ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល លោក​ ​មាន ចាន់យ៉ាដា​ ​បាន​ឲ្យ​ដឹង​ថា​ ​បើ​ផុត​កំណត់​រយៈពេល​ខាង​លើ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ និង​យន្ត​ការ​តុលាការ​ ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​ផល​ប្រយោជន៍​ និង​បញ្ឈប់​រាល់​ដំណោះ​ស្រាយ​ ​ដោយ​ចាត់​ទុក​ថា​ បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​នៅ​សេសសល់​បាន​បោះបង់​ ​សិទ្ធិ​ក្នុង​ការ​ទទួល​យក​សំណង​គោល​នយោបាយ​របស់​ខ្លួន។​

អ្នកស្រី​ ​ស ស៊ន​ ​វ័យ​ ៥៨​ ឆ្នាំ​ ​តំណាង​ប្រជា​ពល​រដ្ឋ​ចំនួន​១១​គ្រួសារ​ ​ដែល​បដិសេធ​មិន​ព្រម​ចាក​ចេញ​ ​ពី​ទី​កន្លែង​រស់​នៅចាស់​ក្នុង​សហគមន៍​បុរីកីឡា​ ​បាន​ប្រាប់​ ​VOA​ ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ អភិបាល​រង​ខណ្ឌ​៧មករា​មួយ​រូប ​បាន​ប្រាប់​ក្រុម​ប្រជា​ពល​រដ្ឋ​ថា​ កាល​កំណត់​របស់​សាលា​រាជធានី​បាន​ផុត​ទៅ​ហើយ​ ដូច្នេះ​សាលា​ខណ្ឌ​ទុក​ពេល​ឲ្យ​ពីរ​សប្តាហ៍​ទៀត​ ឲ្យ​ពលរដ្ឋ​មក​ទទួល​សំណង​គោល​នយោបាយ។ តំណាង​ប្រជា​ពលរដ្ឋ​រូប​នេះ​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ចង់​បាន​តែ​ផ្ទះ​នៅ​ក្នុង​សហគមន៍​បុរី​កីឡា​ដដែល​ ដូច​ការ​សន្យា​របស់​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច តែ​អាជ្ញាធរ​បាន​លើកឡើង​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ចាក​ចេញ​ ហើយ​មិន​អាច​និយាយ​រឿង​ការ​សង់​ផ្ទះ​ទៀត​បាន​ឡើយ។

«ពួក​ខ្ញុំ​ថា​ ចង់​បាន​តែ​ផ្ទះ​នៅ​បុរី​កីឡា​ទេ​ ហើយ​ក្រុមហ៊ុន​សង់​១០​អគារ​ ក្រុមហ៊ុន​សង់​បាន​តែ​៨អគារ។ ​អីចឹង​ ម៉េច​បាន​ជា​ក្រុមហ៊ុន​ចេះ​តែ​ត្រូវ​រហូត​ ពួក​ខ្ញុំ​ចេះ​តែ​ឲ្យ​ខុស?​ ថា ​ខ្វះ​នេះ​ ខ្វះ​នោះ​ លក្ខណៈ​សម្បតិ្ត​អញ្ចេះអញ្ចុះ?​ គាត់​ថា​ មិន​បាច់​និយាយ​រឿង​១០​អគារ​អីទេ​ និយាយ​តែ​ពី​រឿង​ដែល​យើង​ទៅ​យក​គោល​ការណ៍​ទៅ​បាន​ហើយ។ គេ​លែង​ឲ្យ​និយាយ​ហើយ។ ​ហើយ​ចេញ​ទៅវិញ​ កុំឲ្យ​និយាយ​ថា​ គេ​ឈូស​អគារ​អី។​ គេ​រំលំ​អគារ​អី។ ​ គេ​អត់​ទេ។​ ប៉ុន្តែគេ​ត្រូវ​ធ្វើ​ផ្លូវ។ ​បើ​គេ​ធ្វើ​ផ្លូវ​ប៉ះ​អគារ​ គេ​វាយ​ហើយ​ ហើយ​យើង​កុំ​តវ៉ា។ ​បើ​យើង​តវ៉ា​ គេ​ប្តឹង​ពួក​យើង​ទៅ​តុលាការ​ហើយ។​ ម្សិល​មិញ​ម៉ោង​៣​ គេ​ចុះ​មក​វាស់​ផ្លូវ​មែន»។​

រូប​ឯកសារ៖ អ្នកស្រី​ ឃិន លីដា ​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​បុរី​កីឡា​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុមហ៊ុន​ Phanimex ប្រាប់ ​VOA ថា​៖ ​«​គេ​មកយក​ញញូ អេស្កាតវេទ័រ​ វាយ​រំលំ​អគារមក អត់​មាន​ប្រាប់​អី» នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)
រូប​ឯកសារ៖ អ្នកស្រី​ ឃិន លីដា ​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​បុរី​កីឡា​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុមហ៊ុន​ Phanimex ប្រាប់ ​VOA ថា​៖ ​«​គេ​មកយក​ញញូ អេស្កាតវេទ័រ​ វាយ​រំលំ​អគារមក អត់​មាន​ប្រាប់​អី» នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)

គោល​នយោបាយ​សំណង​សម្រាប់​ទំនាស់​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​បុរី​កីឡា​មាន​ចាប់​ពី​៣.០០០​ដុល្លារទៅ​៥.០០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​តូច​មួយ​នៅ​ភូមិ​អណ្ដូង​ ភ្នំបាត ​និង​ភូមិ​សំបុក​ចាប​ ​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។

ក្រៅ​ពី​នេះ​ កាល​ពី​ពេល​កន្លង​មក​ មាន​ការ​ចាប់​ឆ្នោត​ដើម្បី​ដោះស្រាយ​ទំនាស់រវាង​ក្រុមហ៊ុន​ និង​ប្រជា​ពលរដ្ឋ។​ គ្រួសារ​ខ្លះ​ចាប់​ឆ្នោត​បាន​ផ្ទះ​ល្វែង​នៅ​បុរី​កីឡា​ ដោយ​តម្រូវ​តាម​ចំនួន​បន្ទប់​ដែល​នៅ​សល់​នៅ​អគារ​ទី៨​ ហើយ​នៅ​ជាន់​លើ​គេ។​ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់​អ្នកស្រី​ ស៊ុយ សុផាន​ បាន​សន្យា​ថា ​នឹង​សាងសង់​អគារ​ចំនួន​១០​នៅ​នឹង​កន្លែង​សម្រាប់​ជា​សំណង ​ប៉ុន្តែ​អ្នកស្រី​សង់​បាន​តែ​ចំនួន​៨​អគារ​ប៉ុណ្ណោះ ​ក៏​ប្រកាស​ក្ស័យធន។​

អ្នកស្រី​ ​ស ស៊ន​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា​ ​ប្រជា​ពល​រដ្ឋ​ ដែល​បដិសេធ​មិន​យក​ផ្ទះ​ទំហំ​ទទឹង​បួន​ម៉ែត្រ​ និង​បណ្តោយ​៥ម៉ែត្រ​នៅ​ភូមិ​អណ្តូង​ ​ទទូច​សុំ​ឲ្យ​បាន​ផ្ទះនៅ​ក្នុង​សហគមន៍​បុរីកីឡា ដោយ​ហេតុ​ថា ​ពួក​គេ​មិន​អាច​ទៅ​រស់​នៅ​ទីតាំង​ដែល​មិន​មាន​អំណោយ​ផល​ខាង​សេដ្ឋកិច្ច​ និង​សង្គម​បាន​ទេ។​ អ្នក​ស្រី​មាន​ប្រសាសន៍​បន្ថែមថា​ ​ប្រជា​ពល​រដ្ឋ​នឹង​នៅ​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​ ​ពេល​ដែល​កាល​កំណត់​ថ្មី​នៃ​ការ​រើ​ចេញ​ពីលំនៅ​ដ្ឋាន​ចូល​មក​ដល់។​

«ពួក​មីង​ប្តេជ្ញា​ទាំង​អស់​គ្នា​ថា​ នឹង​ប្រឈម​មុខ​ ព្រោះ​អី​ពួក​មីង​អត់​អាច​យក​អ្វី​ដែល​ជា​សំណងតិចតួច​ហើយ​បង្ខិត​បង្ខំ​ពួកមីង​ឲ្យ​ទៅ​យក​អីចឹង​ទេ​ ដោយសារ​សំអាង​លើ​កិច្ច​សន្យា​របស់​រដ្ឋាភិបាល​ដែល​ថា​ អភិវឌ្ឍ​នៅ​នឹងកន្លែង។ ​អីចឹង ​ពួក​ខ្ញុំ​អត់​ចេញ​ទេ។ ​ពួក​ខ្ញុំ​ប្តេជ្ញា​ទាំង​អស់​គ្នា​អីចឹង។​ ដូចៗ​គ្នា​ចឹង​ថា​ ​សុខ​ចិត្ត​ប្រឈម​មុខ​ជាមួយ​នឹងតុលាការ​ម្តង​ទៀត»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ ដែល​បាន​ឃ្លាំ​មើល​ជម្លោះ​ដីធ្លី​ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ​មក​ហើយ​នេះ​ ​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​មុនៗ​ថា​ ​ការ​ចរចា​គួរតែ​មាន​បន្ត​ទៀត​រវាង​ប្រជា​ពលរដ្ឋ​ អាជ្ញាធរ​ ​និង​ក្រុមហ៊ុន​ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ណាមួយ​ ​នៅ​ពេល​ដែល​ឱសានវាទ​មក​ដល់​ ហើយ​ប្រជា​ពល​រដ្ឋ​មិន​ព្រម​ចាក​ចេញ។​

VOA ព្យាយាម​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខណ្ឌ​៧​មករា​គឺ​លោក​ លឹម​ មុនី​ និងអភិបាល​រង សាលា​រាជធានី​លោក​គឺ​មាន ចាន់យ៉ាដា​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ។​ ​ ​VOA​ ក៏​មិន​អាច​ទទួល​បាន​ការ​អធិប្បាយ​ពី​លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ដែរ​ ​ដោយ​លោក​បាន​ប្រាប់​ VOA ​ឲ្យ​ទាក់​ទង​ទៅ​អ្នកនាំ​ពាក្យ​សាលា​រាជធានីវិញ។ ​លោក​ ​ម៉េត មាសភក្តី​ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ សុំ​មិន​ធ្វើការ​អធិប្បាយ​ ដោយ​លោក​ជាប់​រវល់​ក្នុង​កិច្ច​ប្រជុំ​មួយ។​

«ខ្ញុំ​នៅ​ជាប់​ប្រជុំ​តិច​ណ៎ា សុំទោស​ ចាំ​ទាក់​ទង​គ្នា​នៅ​ពេល​ក្រោយ»។​

VOA​ ​ក៏​មិនទាន់​អាច​ទាក់​ទង​អ្នកស្រី​ ស៊ុយ សុផាន ​ប្រធាន​ក្រុម​ហ៊ុន​ ផានអ៊ីម៉ិច​បាន​ដែរ​ ​ដោយ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា​ អ្នកស្រី​កំពុង​ស្ថិត​នៅ​ប្រទេស​អង់គ្លេស។

«គាត់​ទៅ​អង់គ្លេស។​ គាត់​ទៅ​អង់គ្លេស»។​

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ ​ឆ្នាំ២០១២​ ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​បាន​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​ និង​សន្តិសុខ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ចំនួន​៣៨៧​គ្រួសារ។​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ត​រស់​នៅ​ទីនោះ​ ​ក្នុង​អគារ​ចាស់ៗ​ដែល​គេ​ទុក​ឲ្យ​នៅ​ទំនេរ​ចោល។​

ក្នុងចំណោម​ប្រជា​ពលរដ្ឋ​បុរី​កីឡា​ជាច្រើន​គ្រួសារ​ដែល​មិន​ទាន់​ទទួល​សំណង​នោះ ​មាន​មួយ​ចំនួនកំពុងរស់​នៅ​លើ​គំនរ​សំរាម​ ហាល​ថ្ងៃ​ ​ហាល​ភ្លៀង​ និង​ក្រោម​ជណ្ដើរ​អគារ​ចាស់ៗ​នៅ​បុរី​កីឡា​ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ សង់​អគារ​ស្នាក់នៅ​ពីរ​បន្ថែម​ទៀត​ទៅ​តាម​កិច្ចសន្យា​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល។​ ​

អ្នកស្រី​ ​ស ស៊ន​ ​តំណាង​ប្រជា​ពល​រដ្ឋ​បាន​ឲ្យដឹង​ថា​ ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួននៅ​ទីនោះ​ក៏​កំពុង​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ផង​ដែរ៕

XS
SM
MD
LG