អតីតអ្នកភូមិបុរីកីឡាដែលមិនទាន់ទទួលបានសំណងគ្រប់គ្រាន់ ក្រោយពីត្រូវបានបណ្ដេញចេញពីលំនៅដ្ឋានដោយបង្ខំបានប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌ៧មករា ក្នុងថ្ងៃដែលពួកគេប្រារព្ធខួប៥ឆ្នាំនៃការបណ្ដេញចេញដោយបង្ខំនោះ។
ការប៉ះទង្គិចគ្នានេះកើតមានឡើងនៅព្រឹកថ្ងៃអង្គារ ទី៣ ខែមករា ខណៈពេលអតីតអ្នកភូមិបុរីកីឡាជាង៣០នាក់ដែលត្រូវបានបណ្ដេញចេញឲ្យទៅរស់នៅតំបន់ជាយក្រុង គ្រោងចូលរស់នៅក្នុងអគារបុរីកីឡាចាស់វិញ ដើម្បីទាមទារសំណងបន្ថែម។
ក្រុមអ្នកភូមិទាំងនេះបានប្រមូលផ្ដុំគ្នានៅខាងមុខអគារបុរីកីឡាចាស់ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីប្រារព្ធខួប៥ឆ្នាំនៃការបណ្ដេញចេញដោយបង្ខំ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ក្រោយបញ្ចប់ការប្រារព្ធខួប ពួកគេបាននាំគ្នាចូលទៅរស់នៅអគារចាស់ដែលមិនមានចាក់សោ ដើម្បីទាមទារសំណងបន្ថែមពីក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានបណ្ដេញពួកគេឲ្យទៅរស់នៅក្នុងតំបន់ជាយក្រុង ដែលគ្មានទឹកប្រើប្រាស់ គ្មានសាលារៀន គ្មានមន្ទីរពេទ្យ និងគ្មានហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់សមស្របជាដើម។
ក្រោយពេលអតីតអ្នកភូមិបុរីកីឡាយកសម្ភារៈមួយចំនួនចូលទៅនៅក្នុងអគារនោះបានបន្តិច ក្រុមសន្តិសុខដែលដឹកនាំដោយលោក ប្រាក់ ហាក់ ជាប្រធាន បានបំបែក និងបណ្ដេញពួកគេ ដោយចាប់ទាញ និងរុញច្រានពួកគេចេញពីអគារចាស់មកខាងក្រោម។
ការរុញច្រានរហូតឈានដល់មានការប្រតាយប្រតប់គ្នានេះ ដោយសារមានការចោទប្រកាន់ទៅវិញទៅមកថា ប្រធានសន្តិសុខ និងអតីតអ្នកបុរីកីឡាទាំងនោះបានជេរគ្នាទៅវិញទៅមក។
ទោះជាយ៉ាងណា ការប្រតាយប្រតប់គ្នារវាងអតីតអ្នកបុរីកីឡា និងកងសន្តិសុខទាំងនោះ មិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ។
អ្នកស្រី គឹម សារ៉ាន់ អតីតអ្នកបុរីកីឡាម្នាក់ទៀតដែលត្រូវបានសន្តិសុខខណ្ឌរុញច្រានឲ្យចេញពីអគារ ប្រាប់ថា អ្នកស្រីត្រូវបានប្រធានកងសន្តិសុខវាយ ក្រោយពីរងការចោទប្រកាន់ថា អ្នកស្រីបានជេរប្រធានកងសន្តិសុខរូបនោះ។
អ្នកស្រីបានអំពាវនាវឲ្យរដ្ឋាភិបាលរកដំណោះស្រាយផ្ដល់ជាសំណងបន្ថែម និងបញ្ឈប់ការប្រើប្រាស់កងកម្លាំងដើម្បីបង្ក្រាបលើប្រជាពលរដ្ឋ។
«គ្រាន់តែទាមទារសំណងបន្ថែម ភូមិអណ្ដូងផ្ទះមួយ ប្រាក់៥ពាន់ ឬក៏បន្តការរស់នៅភ្នំបាត១ម៉ឺនដុល្លារតែប៉ុណ្ណោះ បែរជាប្រើអាជ្ញាធរមកវាយ ដាក់កងកម្លាំងគំរាមកំហែងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ តើយុត្តិធម៌ស្ថិតនៅកន្លែងណា? តើលទ្ធិប្រជាធិបតេយ្យស្ថិតនៅកន្លែងណា? តើគោរពច្បាប់ថ្ងៃ២៣តុលា នៅកន្លែងណា?»។
លោក ប្រាក់ ហាក់ ប្រធានកងសន្តិសុខខណ្ឌ៧មករា លើកឡើងថា លោកបានដឹកនាំកងសន្តិសុខទៅតាមការបញ្ជាពីអភិបាលខណ្ឌ ដើម្បីបណ្ដេញអតីតអ្នកភូមិបុរីកីឡាចេញពីអគារចាស់នោះ ប៉ុន្តែលោកថា អតីតអ្នកភូមិទាំងនេះរឹងរូសមិនព្រមចាកចេញ ទើបបណ្ដាលឲ្យមានការចាប់ទាញ និងរុញច្រានដូច្នេះ។
«គាត់មករំខានពួកខ្ញុំ។ បានន័យថាខ្ញុំចុះសណ្ដាប់ធ្នាប់ ហើយគាត់យកឥវ៉ាន់ឡើងអគារដែលគេទទួលបានផ្ទះហើយ បានន័យថាអគារនេះមានម្ចាស់ហើយ តែគាត់មកចូលនៅ។ តាមបញ្ជាលោកអភិបាលគឺឲ្យខ្ញុំចុះឲ្យគាត់អញ្ជើញទៅវិញ។ ខ្ញុំគ្រាន់តែធ្វើតាមបញ្ជា ឲ្យគាត់អញ្ជើញចុះ អញ្ជើញដោយមាត់ ហើយបើមិននេះទេ មានតែលើកឥវ៉ាន់គាត់ចុះ។ បើគាត់មិនចុះ មានតែរុញឲ្យគាត់ចុះ»។
អ្នកស្រី ខៀវ ឡៃ អតីតអ្នកបុរីកីឡាដែលរងការបណ្តេញចេញដោយបង្ខំ ឲ្យទៅរស់នៅសហគមន៍ភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីបានមករស់នៅបុរីកីឡាតាំងពីឆ្នាំ១៩៨០ ប៉ុន្តែនៅឆ្នាំ២០១២ អ្នកស្រី និងពលរដ្ឋជាង១៤០គ្រួសារទៀត ត្រូវបានក្រុមហ៊ុន និងអាជ្ញាធរបណ្ដេញចេញដោយផ្ដល់សំណងតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្តថា ការរស់នៅតំបន់ភ្នំបាតធ្វើឲ្យគ្រួសាររបស់អ្នកស្រី និងគ្រួសារដែលត្រូវបានបណ្ដេញចេញផ្សេងទៀត រងនូវបញ្ហាប្រឈមជាច្រើន ទាំងសុវត្ថិភាពក្នុងការរស់នៅ និងគ្មានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
អ្នកស្រី ខៀវ ឡៃ បន្ថែមថា ប្រជាពលរដ្ឋទាំង១៤០គ្រួសារដែលត្រូវបានបណ្ដេញចេញដោយបង្ខំ នឹងប្រមូលគ្នាមករស់នៅក្នុងអគារបុរីកីឡាចាស់វិញ ប្រសិនបើក្រុមហ៊ុនមិនផ្ដល់សំណងបន្ថែមក្នុងមួយគ្រួសារពី៥ពាន់ ទៅ១ម៉ឺនដុល្លារ ដើម្បីឲ្យពួកគេដោះស្រាយជីវភាពទេនោះ។
«នៅហ្នឹង អត់មានទឹកស្អាត រចនាសម្ព័ន្ធអីទាំងអស់ ហើយឈឺថ្កាត់។ ហើយរាល់ថ្ងៃរស់ដោយសារសប្បុរសជន។ បើសប្បុរសជនមានជំនួយមក ពួកខ្ញុំបានហូប។ បើសប្បុរសជនអត់ជំនួយមក ពួកខ្ញុំអត់អីហូបទេ ដើរសុំទានគេអស់ហើយកូនៗនៅវត្ត សុំទានគេទាំងអស់»។
គោលនយោបាយសំណងសម្រាប់ទំនាស់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាសហគមន៍បុរីកីឡាគឺ៣.០០០ដុល្លារ ៥.០០០ដុល្លារ ឬផ្ទះល្វែងតូចមួយនៅភូមិអណ្ដូង ភ្នំបាត និងភូមិសំបុកចាប ស្ថិតនៅជាយរាជធានីភ្នំពេញ។
គ្រួសារខ្លះចាប់ឆ្នោតបានផ្ទះល្វែងនៅបុរីកីឡា ដោយតម្រូវតាមចំនួនបន្ទប់ដែលនៅសល់នៅអគារទី៨ ហើយនៅជាន់លើគេ។
ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បានសន្យាថា សង់អគារចំនួន១០នៅហ្នឹងកន្លែងសម្រាប់ជាសំណង ប៉ុន្តែអ្នកស្រីសង់បានតែចំនួន៨អគារប៉ុណ្ណោះ ក៏ប្រកាសក្ស័យធន។
លោក អំ សំអាត ប្រធានផ្នែកការិយាល័យស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានឃ្លាំមើលសកម្មភាពនៃការប្រារព្ធខួប និងការរុញច្រាននោះ លើកឡើងថា ការបន្តការតវ៉ារបស់អតីតអ្នកភូមិបុរីកីឡា កើតឡើងដោយសារក្រុមហ៊ុនផានអ៊ីមិច មិនបានគោរពតាមកិច្ចសន្យា ហើយរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើការរស់នៅរបស់ពួកគេ។
លោកបន្តថា គោលការណ៍នៃការអភិវឌ្ឍគឺធ្វើឡើងដើម្បីឲ្យជីវភាពប្រជាពលរដ្ឋបានប្រសើរ មិនមែនអភិវឌ្ឍន៍ឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនោះទេ។
«ជាកាតព្វកិច្ចរបស់អាជ្ញាធរ និងរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍កន្លែងដែលគាត់រស់នៅហ្នឹងឲ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឲ្យមានមុខរបរសម្រាប់គាត់ ដើម្បីផ្គត់ផ្គង់ ឬក៏ដើម្បីកូនរបស់គាត់ហ្នឹងបានរៀនសូត្រ។ បើសិនជាមិនមានហេដ្ឋារចនាសម្ព័ន្ធ មិនមានមុខរបរទេ ដូចពួកគាត់លើកឡើងអញ្ចឹង កូនត្រូវបាត់បង់ការសិក្សា។ គាត់ត្រូវដើររើសអេតចាយ ឬក៏ដើរស៊ីឈ្នួលគេ ឬក៏ធ្វើចំណាកស្រុកដើម្បីជីវភាព។ អាហ្នឹងផ្ទុយពីការអភិវឌ្ឍហើយ។ បើសិនជាការអភិវឌ្ឍដើម្បីធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ អញ្ចឹងគេមិនហៅការអភិវឌ្ឍទេ គឺជាការធ្វើបាបរាស្ត្រ»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធររាជធានីភ្នំពេញ បានដាក់កម្លាំងមានសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុន ទៅឈូសឆាយផ្ទះប្រជាពលរដ្ឋនៅតំបន់បុរីកីឡាចំនួន៣៨៧គ្រួសារ។
អ្នកបុរីកីឡាមួយចំនួន ត្រូវបានអាជ្ញាធរដឹកទៅទម្លាក់ចោលនៅតំបន់ទួលសំបូរ និងភ្នំបាត ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយអ្នកខ្លះបានទទួលសំណងដី៤គុណ៥ម៉ែត្រ។
បច្ចុប្បន្នមានពលរដ្ឋបុរីកីឡាជាច្រើនគ្រួសារដែលមិនទាន់ទទួលសំណង បន្តរស់នៅលើគំនរសំរាម ក្រោមកៅស៊ូតង់ហាលថ្ងៃ ហាលភ្លៀង និងក្រោមជណ្ដើរអគារនៅបុរីកីឡា ដើម្បីទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សង់អគារស្នាក់នៅពីរបន្ថែមទៀតទៅតាមកិច្ចសន្យាដែលក្រុមហ៊ុននេះបានព្រមព្រៀងជាមួយរដ្ឋាភិបាល៕