ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អានសុន្ទរកថាជាងកន្លះម៉ោងកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងពិធីប្រារព្ធខួបថ្ងៃ៧មករា ដែលជាថ្ងៃប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្ត្រីម្នាក់ក្នុងវ័យ៤៨ឆ្នាំ មានមាឌតូចស្តើង គឺអ្នកស្រី អ៊ុយ ណាវី មកពីសហគមន៍បុរីកីឡា រត់ចូលប្រុងទៅជិតវេទិកា ដើម្បីប្រគល់ឯកសារពាក់ព័ន្ធរឿងទំនាស់ដីធ្លីរបស់សហគមន៍អ្នកស្រីដែលរងការបណ្តេញចេញ ដើម្បីគម្រោងអភិវឌ្ឍទីក្រុង។
អ្នកស្រីបានឲ្យដឹងថា អ្នកស្រីគ្រាន់តែចង់ផ្ញើរឯកសារពាក់ព័ន្ធនានា ឲ្យបានទៅដល់ដៃ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យលោកបានដឹងលឺ និងឆាប់ដោះស្រាយបញ្ហាដែលនៅសេសសល់ជូនក្រុមគ្រួសារនិងសាច់ញាតិរបស់អ្នកស្រី។
ប៉ុន្តែជាអកុសល ភ្លាមៗក្រោយអ្នកស្រីរត់ចូលទៅកាន់វេទិកា កងកម្លាំង២រូបបានក្រៀកអ្នកស្រីចេញទៅក្រៅកម្មវិធី។ អ្នកស្រី ណាវី បានប្រាប់ VOA ថាអ្នកស្រីត្រូវបានគេហៅទៅសាកសួរនៅសាលាខណ្ឌ៧មករា អស់រយៈពេលប្រមាណ៣ម៉ោងដើម្បីជួបចចារនឹងលោក លឹម សុភា អភិបាលរងខណ្ឌដែលបានព្រមានអ្នកស្រីមិនឲ្យអុកឡុកនៅកម្មវិធីធំៗបែបនេះទៀត។
អភិបាលរងខណ្ឌ ៧មករា រូបនេះបានបដិសេធមិនផ្តល់អត្ថាធិប្បាយដល់ VOA ដោយប្រាប់ថាលោកកំពុងតែប្រជុំ នៅរសៀលថ្ងៃអាទិត្យនេះ។
កាលពី៦ឆ្នាំមុន គឺឆ្នាំ២០១២ ក្រុមហ៊ុនផានអ៊ីម៉ិចនិងអាជ្ញាធររាជធានីភ្នំពេញបានដាក់កម្លាំងមានសមត្ថកិច្ចនិងសន្តិសុខក្រុមហ៊ុនទៅឈូសឆាយផ្ទះប្រជាពលរដ្ឋនៅតំបន់បុរីកីឡាចំនួន៣៨៧គ្រួសារ។ ប្រជាពលរដ្ឋមួយចំនួននៅបន្តរស់ក្នុងអគារចាស់ៗដែលគេទុកឲ្យនៅទំនេរចោល។ នៅខែធ្នូ ចុងឆ្នាំ២០១៧ អាជ្ញាធរក្រុងភ្នំពេញការបង្ខំឲ្យប្រជាពលរដ្ឋដែលនៅសល់ប្រមាណ១០% ចាកចេញពីប្លុកបុរីកីឡា ដោយដាក់គោលនយោបាយសំណងលើទំនាស់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាសហគមន៍បុរីកីឡាចាប់ពី៣.០០០ដុល្លារទៅ៥.០០០ដុល្លារ ឬផ្ទះល្វែងតូចមួយនៅភូមិអណ្ដូង ភ្នំបាត និងភូមិសំបុកចាប ស្ថិតនៅជាយរាជធានីភ្នំពេញ។
ក្នុងពិធីរំលឹកថ្ងៃ៧មករាលើកទី៣៩ឆ្នាំនៃការចាកចេញពីរបបផ្តាច់ការកំម្មុយនីស្តមហាជនជាង៤ម៉ឺននាក់ រួមទាំងក្រុមសហគមន៍បុរីកីឡា ៥នាក់ត្រូវបានអញ្ចើញឲ្យចូលរួម។ ក្រុមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន កាន់អំណាចជិត៤០ ឆ្នាំក្រោយរបបប្រល័យពូជសាសន៍ ប្រារព្ធពិធីនេះជាង ២ម៉ោងដោយមើលសិល្បៈច្រៀងអបអរដល់សមិទ្ធិផលក្រោមការដឹកនាំរបស់លោក៕