ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រំដែន​អង់គ្លេស​អឺរ៉ុប នឹង​ច្របូក​ច្របល់​និង​ខ្វះ​អាហារ​បើ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម


រូបឯកសារ៖ រថយន្ត​ដឹកទំនិញ​រង់ចាំ​ដើម្បី​បើក​ឡើង​លើ​សាឡាង​នៅ​កំពង់ផែ Dover នៃ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ រថយន្ត​ដឹកទំនិញ​រង់ចាំ​ដើម្បី​បើក​ឡើង​លើ​សាឡាង​នៅ​កំពង់ផែ Dover នៃ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋាភិបាល​អង់គ្លេស​បាន​ព្រមាន​ថា នឹង​មាន​រថយន្ត​ដឹក​ទំនិញ​៧ពាន់​គ្រឿង​នៅ​ឯ​កំពង់ផែ Dover បើ​ចក្រភព​អង់គ្លេស​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប។

របាយ​ការណ៍​ថ្មី​មួយ​ឲ្យ​ដឹង​ថា​ ​ចក្រភព​អង់គ្លេស ​នឹង​ប្រឈម​នឹង​ការ​បង្អាក់​ចរាចរណ៍​ធ្ងន់​ធ្ងរ​នៅ​ឯ​កំពង់ផែ​ខ្លួន ​ហើយ​នឹង​មាន​ការ​ខ្វះ​ម្ហូប​ ប្រសិន​បើ​អង់គ្លេស​ខកខាន​មិន​បាន​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​សហភាព​អឺរ៉ុប ​មុន​ដំណាច់​ឆ្នាំ​នេះ​ទេ។ ​ សេចក្តី​រាយ​ការណ៍​នេះ ​ក៏​បាន​ព្រមាន​ដែរ​ថា ផល​ប៉ះពាល់​ខាង​សេដ្ឋ​កិច្ច​បណ្តាល​មក​ពី​គ្មាន​កិច្ច​ព្រមព្រៀង​ Brexit ​(ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប)​ នឹង​មាន​ទំហំ​បីដង​ធំ​ជាង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា។​

ចក្រភព​អង់គ្លេស ​បាន​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី៣១ ​មករា​ហើយ​រយៈ​ពេល​អន្តរកាល​បច្ចុប្បន្ន​ មាន​កំណត់​នឹង​ចប់​នៅ​ថ្ងៃ​ទី៣១​ ខែធ្នូ។​

រដ្ឋាភិបាល​អង់គ្លេស​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ ទី២៣​ ខែកញ្ញា​ថា​ ​ធុរកិច្ច​ភាគ​ច្រើន​ដែល​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​អឺរ៉ុប​ ត្រូវ​ប្រុង​ប្រៀប​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដែល​នឹង​មាន។​

របាយ​ការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​មក​ពី​មហា​វិទ្យាល័យ​ Kings College ​ក្នុង​ក្រុង ឡុងដ៍​ នៅ​ក្នុង​កម្មវិធី​ទ្វីប​អឺរ៉ុប​មាន​ការ​ផ្លាស់​ប្តូរ ​ព្រមាន​ថា៖ ​«ផល​ប៉ះពាល់​ជា​បន្ទាន់​និង​ជាក់​ស្តែង​បំផុត​នៃ​ការ​គ្មាន​កិច្ច​ព្រមព្រៀង​ជា​មួយ​សហភាព​អឺរ៉ុប ​នឹង​ឃើញ​មាន​នៅ​ឯ​ព្រំដែន​ ដោយ​មាន​រថយន្តបន្ត​កន្ទុយ​គ្នា ​និង​ការ​ខ្វះ​ម្ហូប​អាហារ»។​

ផល​ប៉ះពាល់​នេះ​ នឹង​បង្ហាញ​រូបរាង​នៅ​កំពង់ផែ​ Dover​ ដែល​នៅទី​នោះ​រថយន្ត​ដឹក​ទំនិញ​ ប្រមាណ​៤​លាន​គ្រឿង​ នឹង​ប្រើ​នាវា​ចម្លង​និង​ផ្លូវ​រទេះ​ភ្លើង​ក្រោម​ដី​នៅ​អឺរ៉ុប​ គឺ ​Eurotunnel ​ដើម្បី​ឆ្លង​ទៅ​មក​ពីទី​ក្រុង​ Calais ​ប្រទេស​បារាំង​ជា​រៀង​រាល់​ឆ្នាំ។ ​ទោះ​ណា​ជា​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ក៏​ដោយ ​ក៏​ចក្រភព​អង់គ្លេស ​នឹង​ចាក​ចេញ​ពី​សហភាព​ទីផ្សារ​និង​គយ​តែ​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ន័យ​ថា​ ​ការ​ឆែកឆេរ​ថ្មីៗ​ និង​របាំង​ពាណិជ្ជ​កម្ម​ជា​ការ​ចៀស​មិន​រួច​ទេ។ ​ដោយ​មិន​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ ​គេ​នឹង​ឃើញ​មាន​ការ​បង្អាក់​កាន់​តែ​ខ្លាំងដោយ​ចក្រភព​អង់គ្លេស ​និង​សហភាព​អឺរ៉ុប​ នឹង​ដាក់​កំហិត​តារាង​ពន្ធ​គយ​លើ​ទំនិញ​រៀងៗ​ខ្លួន។​

រដ្ឋាភិបាល​អង់គ្លេស​ បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ ទី២៣ ខែ​កញ្ញា​ថា យានយន្ត​ដឹក​ទំនិញ​ធ្ងន់ៗ​ហៅ​ HGVs ​រហូត​ដល់​៦០​ភាគ​រយ ​ប្រហែល​គ្មាន​សំណុំ​ឯកសារ​ត្រឹម​ត្រួវ​ទេ។​

លោក ​Michael Gove ​សមាជិក​ខុទ្ទការល័យ​សភា​បាន​និយាយ​ប្រាប់​ពួក​សមាជិក​សភា​ថា៖ ​«ដូច្នេះ ​អាជ្ញាធរ​ព្រំដែន​បារាំង​ នឹង​បញ្ជូន​ឡាន​ដឹក​ទំនិញ​ទាំង​នោះ​ឱ្យ​ត្រឡប់​ក្រោយ​វិញ ហើយ​នាំ​ឱ្យ​ចរាចរណ៍​កក​ស្ទះ​ពី​ Dover​ ទៅ​ ក្រុង​ Calais។ ហើយ​ក្នុង​កាលៈទេសៈ​បែប​នេះ ​នឹង​មាន​យានយន្ត ​HGVs​ បន្ត​គ្នា​រហូត​ដល់៧​ពាន់​គ្រឿង»។​

លោក​ Jonathan Portes ​សហ​អ្នក​និពន្ធ​នៃ​របាយ​ការណ៍​នេះ​របស់​មហា​វិទ្យាល័យ​ Kings College ​និយាយ​ថា​ ក្រុម​អ្នក​ធ្វើ​ដំណើរ​អង់គ្លេស​ទៅ​កាន់​សហភាព​អឺរ៉ុប​ ក៏​នឹង​មាន​ការ​បង្អាក់​ដែរ។​

លោក ​Portes​ បាន​និយាយ​ប្រាប់​វីអូអេ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែកញ្ញា​ថា៖​ «លោក​អ្នក​នឹង​ត្រូវ​ការ​ការ​ធានា​រ៉ាប់​រង​សុខភាព។ ​គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា តើ​អាជ្ញា​បណ្ណ​បើកបរ​អន្តរជាតិ​នឹង​ប្រើ​ការ​បាន​ឬ​ទេ។​ ​បើ​លោក​អ្នក​ដាក់​ពាក្យ​ដើម្បី​ធ្វើការ​ លោក​អ្នក​ត្រូវ​មាន​ទិដ្ឋាការ»។​

៨០​ភាគ​រយ​នៃ​សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​ជា​សេវា។​ លោក​ Portes​ បាន​ថ្លែង​ថា​ នៅ​ក្រុង​ឡុងដ៍​ ធនាគារ​ និង​សេវា​ហិរញ្ញ​វត្ថុ ​បាន​ប្រុង​ប្រៀប​រួច​ស្រេច​ហើយ​សម្រាប់​ប្រឈម​នឹង​ស្ថានភាព​គ្មាន​កិច្ច​ព្រម​ព្រៀង។​ លោក​បាន​និយាយ​ថា៖​ «ដូច្នេះ​ពួក​គេ​បាន​បញ្ជូន​អង្គភាព​ខាង​ច្បាប់​ និង​បុគ្គលិក​ខ្លះ​ទៅ​កាន់​កន្លែង​ផ្សេងៗ​វិញ​ដើម្បី​ដោះស្រាយ​ស្ថាន​ការណ៍​នេះ»។ ​

ធនាគារ​ JP Morgan Chase ​ជា​ធនាគារ​ចុងក្រោយ​បំផុត​ដែល​ប្រកាស​វិធានការ​បែប​នេះ​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា ​ដោយ​ផ្ទេរ​ធនធាន​ចំនួន​២៣០ ​ពាន់លានដុល្លារ ​ពីក្រុង​ឡុងដ៍​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។​

នៅ​ឆ្នាំ​នេះ សេដ្ឋកិច្ច​អង់គ្លេស​បាន​ចុះថយ​មួយ​ភាគ​ប្រាំ​ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។​ របាយ​ការណ៍​នេះ​ព្រមាន​ថា ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ចដោយសារ​ការ​គ្មាន​កិច្ច​ព្រមព្រៀង ​Brexit​ អាច​មាន​ធំ​ជាង​នេះ។​

សេចក្តី​រាយ​ការណ៍​កត់​សម្គាល់​ថា៖​ «ការ​ខាត​បង់​សរុប​នៃ​សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​ក្នុង​រយៈ​ពេល​យូរ​ នឹង​មានពី​ពីរ​ទៅ​បី​ដង​ច្រើន​ជាង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ១៩​ទស្សន៍​ទាយ​ដោយ​ធនាគារ​កណ្តាល​អង់គ្លេស»៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG