ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​របស់ Brexit អាស្រ័យ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ចក្រភព​អង់គ្លេស


នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ជិះត្រាក់ទ័របុកគំនរស្នោរ ដោយមានស្លាក «បញ្ចប់ Brexit» ជាប់ត្រាក់ទ័រ នៅរោងចក្រមួយ នៅក្រុង Uttoxeter ប្រទេសអង់គ្លេស។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ជិះត្រាក់ទ័របុកគំនរស្នោរ ដោយមានស្លាក «បញ្ចប់ Brexit» ជាប់ត្រាក់ទ័រ នៅរោងចក្រមួយ នៅក្រុង Uttoxeter ប្រទេសអង់គ្លេស។

អ្នកបោះឆ្នោត​នៅ​ចក្រភព​អង់គ្លេស​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដែល​ជា​ការបោះឆ្នោត​ទូទៅ​មួយ​ដែល​ប្រហែល​ជា​នឹង​នាំ​មក​នូវ​ដំណោះស្រាយ​ដែលគេ​ទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ​ ពាក់ព័ន្ធ​នឹង​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប ឬ Brexit ដែល​ពួកគេ​បាន​អនុម័ត​នៅក្នុង​ការ​ធ្វើ​ប្រជាមតិ​មួយ​កាល​ពី​ឆ្នាំ២០១៦។

យុទ្ធនាការ​របស់​នាយករដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​លោក Boris Johnson គឺ ​ផ្តោត​លើ​កិច្ចប្រឹងប្រែង​ដែល​មាន​សរសេរ​ពាក្ស​ស្លោក​ថា «បញ្ចប់ Brexit‍»។ លោក​បាន​ថ្លែង​ថា ការ​ឈ្នះ​សំឡេង​ភាគច្រើន​របស់​គណបក្ស​អភិរក្សនិយម​របស់​លោក​នៅក្នុង​សភានឹងអនុញ្ញាត​ឲ្យ​លោក​ជំរុញ​ទៅ​មុខ​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ចាកចេញ​មួយ​ពី​សហភាពអ៊ឺរ៉ុប​ ហើយ​និង​អាច​បញ្ចប់​បញ្ហា Brexit បាន​នៅត្រឹម​ថ្ងៃទី៣១ខែមករា។

គណបក្ស​ដែល​ជា​គូប្រជែង​របស់​លោក Boris Johnson គឺ​ គណបក្ស​ពលករឬ Labour Party។ មេដឹកនាំ​គណបក្ស​ពលករ​លោក Jeremy Corbyn បាន​ថ្លែង​ថា​ ប្រសិនបើ​លោក​ឈ្នះឆ្នោត​ នោះ​ចក្រភព​អង់គ្លេស​នឹង​មាន​ការ​ធ្វើ​ប្រជាមតិ​ថ្មី​មួយ​ ដើម្បី​ប្រមូល​មតិ​របស់​ពលរដ្ឋ​ថាតើ​ពួកគេ​នៅ​តែ​ចង់ចាក​ចេញ​ពី​សហភាពអ៊ឺរ៉ុប​ ឬ​នៅ​ធ្វើ​ជា​សមាជិក​របស់​ប្លុក​មួយ​នេះ​ដដែរ។

លោក Johnson បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​កាល​ពី​ខែកក្កដា​ បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្រ្តី​លោកស្រី Theresa May បរាជ័យ​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​កិច្ចប្រឹងប្រែង​របស់​លោកស្រី​ដើម្បី​ទទួល​បាន​ការអនុម័ត​ពី​សភា​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ជាមួយ​សហភាពអ៊ឺរ៉ុប។ នៅ​អំឡុងពេល​កាន់​អំណាច​លោកស្រី May ក៏​បាន​ព្យាយាម​ផងដែរ​ដើម្បី​ពង្រឹង​ជំហរ​ចរចា​របស់​លោកស្រី​លើ​បញ្ហា Brexit តាមរយៈ​ការអំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោតមុន​កាល​កំណត់​មួយ​ ប៉ុន្តែ​សំណើ​នេះ​បាន​ប៉ះពាល់​ដល់​គណបក្ស​អភិរក្សនិយម។ លទ្ធផល​បោះឆ្នោត​ផ្លូវការ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ព្រឹកថ្ងៃ​សុក្រ​ស្អែក​នេះ៕

XS
SM
MD
LG