ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហ​ភាព​អឺរ៉ុប​មាន​ប្រតិកម្ម​ចម្រុះ​តិច​តួច


បុរស​ម្នាក់​ឈរ​ថត​រូប​នៅ​ទីលាន​នៃ​រដ្ឋ​សភា នៅ​ថ្ងៃ​ដែល​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៣១ មករា ២០២០។
បុរស​ម្នាក់​ឈរ​ថត​រូប​នៅ​ទីលាន​នៃ​រដ្ឋ​សភា នៅ​ថ្ងៃ​ដែល​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៣១ មករា ២០២០។

នៅ​ពេល​អង់គ្លេស​ចាក​ចេញពី​សហ​ភាព​អឺរ៉ុប​ដោយ​អ្នក​ខ្លះ​សោក​ស្តាយ​ផង​សប្បាយ​ផងនោះ ​ជនជាតិ​អឺរ៉ុប​ជាច្រើន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​បញ្ហាដែល​អូសបន្លាយ​យូរ​មក​ហើយ​នេះ​ទេ។

ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​អាច​បណ្តាល​ឱ្យ​មាន​ការ​រញ្ជួយ​ខាង​នយោបាយ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិ ប៉ុន្តែ​វា​មិន​ជា​រឿងធំ​ទេ​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង។​ អ្នក​ជំនួញ​ជនជាតិ​បារាំង​លោកស្រី ​Meriela Masson ​និយាយ​ថា៖ ​«ជា​អកុសល​ខ្ញុំ​មិន​មាន​ពេល​វេលា​ដើម្បី​គិត​អំពី​បញ្ហា​នេះ​ទេ​ ដោយ​សារ​តែ​ការងារ​របស់​ខ្ញុំ​និង​ដោយសារ​បញ្ហា​ជា​ច្រើនដែល​កំពុង​កើត​ឡើង​នៅក្នុង​ប្រទេស​របស់​យើង​ផង​ដែរ»។​

លោកស្រី ​Masson​ ធ្លាប់​ធ្វើការ​នៅ​ទីក្រុង​ឡុងដ៍​ ​ប៉ុន្តែ​អ្នកស្រី​ពិបាក​ស្វែង​យល់​អំពី​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប​នៅ​ពេល​អ្នកស្រីនៅ​ប្រទេស​បារាំង​ជាស្រុក​កំណើត។​

អ្នកស្រី​ថា៖ ​«ខ្ញុំមិន​បាន​តាមដាន​ព័ត៌មាន​ទាក់​ទង​នឹង​ Brexit ​ទេ ​ដូច្នេះ​ខ្ញុំ​គ្មាន​តម្រុយ​អំពី​រឿង​នេះ​ទេ»។

ជនជាតិ​បារាំង​និង​អឺរ៉ុប​ផ្សេង​ទៀត​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ដើម្បី​ដោះស្រាយ ​ដូចជា​ការ​តវ៉ាប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រាក់​សោធនិវត្តន៍​ ​ការ​រីករាល​ដាល​នៃ​មេរោគ​ឆ្លង​ពីប្រទេស​ចិន។​ អ្នកស្រី​ Masson ​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ អារម្មណ៍​ដំបូង​ដែល​ជនជាតិ​អឺរ៉ុប​គិត​អំពី ​Brexit គឺ​ភាព​សោក​សៅ ​ពីព្រោះ​វា​ជា​ចុង​បញ្ចប់​នៃ​អ្វីដែល​យើង​បាន​ធ្វើ​រួម​គ្នា​អស់​រយៈ​ពេល​ជិត​កន្លះ​សតវត្សរ៍​មក​ហើយ»៕

XS
SM
MD
LG