ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​គិត​ពី​ការ​បិទ​ប្រទេស​លើក​ទី២ ​ពេល​ជំងឺ​កូវីដ១៩​កើន​ឡើង


លោក Matt Hancock រដ្ឋ​មន្ត្រី​សុខាភិបាល​ចក្រភព​អង់គ្លេស​ថ្លែង​អំពី​វីរុស​កូរ៉ូណា កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ២០២០។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេសលោក​ Matt Hancock​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ រដ្ឋាភិបាល​កំពុងគិត​ពី​ការ​បិទ​ប្រទេស​ជា​លើក​ទី២​ នៅ​ពេល​ដែល​ករណី​ជំងឺ​កូវីដ១៩​ថ្មីបន្ត​កើន​ឡើងខ្លាំង​នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​ប្រទេស​អង់គ្លេស។

រដ្ឋមន្ត្រី​ Hancock ​បាន​ធ្វើ​អត្ថាធិប្បាយនេះ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ នៅ​ពេលវិធានការ​បិទ​សកម្មភាព​សង្គម​ថ្មី​ បានត្រូវ​អនុវត្ត​រួច​ស្រេច​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស​អង់គ្លេស។

លោក​ Hancock ​បាន​ថ្លែង​ថា ​ចំនួន​នៃ​ករណី​ឆ្លង​ចេះ​តែ​កើន​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ហើយ​ចំនួន​មនុស្ស​ព្យាបាល​នៅ​មន្ទីរពេទ្យ ​និង​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើន​ឡើង​ពីរ​ដង​នៅ​រៀង​រាល់​៨​ថ្ងៃ។

លោករដ្ឋ​មន្ត្រី​សុខាភិបាល​ បាន​និយាយថា ​ការ​បិទ​ប្រទេស​ទាំង​មូល​គឺ​បន្ទាត់​ការពារ​ចុង​ក្រោយ​ ហើយ​រដ្ឋាភិបាល​ចង់​ដាក់​ប្រទេស​នៅ​ដាច់​ពី​គេ ​បិទ​តំបន់​ដូច​ជា​រដ្ឋាភិបាល​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ។​ តែ​លោក​ថ្លែង​ថា ​រដ្ឋាភិបាល​នឹង​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ការពារ​ជីវិត​និង​ជីវភាព​រស់​នៅ»។

លោក​ Hancock​ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អង់គ្លេស​អនុវត្ត​តាម​បញ្ញត្តិ​មិន​ត្រូវ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​លើស​ពី​៦​នាក់​ ធ្វើ​តាម​ការ​កំណត់​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​របស់​គេ​ និង​ឲ្យ​ស្ថិតនៅ​ដាច់​ដោយ​ឡែក​ពី​គេ​ប្រសិន​បើ​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន។

តាម​តួលេខ​ពី​សាកលវិទ្យាល័យ​ Johns Hopkins​ ប្រទេស​អង់គ្លេស​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩​ច្រើន​ជាង​គេ​ទី​៥​ក្នុង​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ប្រេស៊ីល ឥណ្ឌា និង​ម៉ិកស៊ិក។

គិតមក​ត្រឹម​ថ្ងៃ​សុក្រ​ ប្រទេស​អង់គ្លេស​មាន​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួនជាង​៤១.៧០០នាក់ និង​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុប​ជាង​៣៨៤.០០០​នាក់៕

XS
SM
MD
LG