ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Brexit នាំ​ឲ្យ​មាន​ភាព​តានតឹង​រវាង​​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថ្លែងពីគោលជំហររបស់រដ្ឋាភិបាលរបស់លោកជាមួយនឹងសហភាពអឺរ៉ុប បន្ទាប់ពី Brexit នៅមហាវិទ្យាល័យ Old Naval College នៅក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថ្លែងពីគោលជំហររបស់រដ្ឋាភិបាលរបស់លោកជាមួយនឹងសហភាពអឺរ៉ុប បន្ទាប់ពី Brexit នៅមហាវិទ្យាល័យ Old Naval College នៅក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ទូទាំង​ចក្រភព​អង់គ្លេស​​ ការ​បែកបាក់​គ្នា​អំពី Brexit នឹង​មិន​អាច​ត្រូវ​ផ្សះផ្សា​បាន​ដោយ​ងាយ​ទេ។

កិច្ចចរចា​ជា​ផ្លូវការ​មិន​ទាន់​ចាប់​ផ្តើម​ធ្វើ​នៅ​ឡើយ​ទេ​អំពី​ទំនាក់​ទំនង​ក្នុង​ពេល​អនាគត​រវាង​ចក្រភព​អង់គ្លេស​និងសហភាព​អឺរ៉ុប ក៏​ប៉ុន្តែ​មាន​កំណើន​ភាព​តានតឹង​រួច​ស្រេច​ហើយ​នៅ​ក្រោយ​ការ​ចាកចេញ​ជា​ផ្លូវការ​របស់​អង់គ្លេស​ពីប្លុកនេះ​កាលពី​ថ្ងៃ​សុក្រ​ ទី​៣១ ខែ​មករា។

សហភាព​អឺរ៉ុប​និយាយ​ថា​ អង់គ្លេសនឹង​ត្រូវ​ធ្វើតាម​ស្តង់ដាររបស់​សហភាព​អឺរ៉ុប​ដើម្បី​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​និយាយ​ទទូច​ថា​ខ្លួននឹង​មិន​ធ្វើ​ដូច្នេះ​ទេ។ កិច្ច​ចរចា​ជា​ផ្លូវ​ការ​នឹង​មាន​ធ្វើ​យ៉ាង​ហោច​ណាស់​មួយ​ខែ​ទៀត ដោយ​បន្សល់ទុក​ពេល​វេលា​មាន​តម្លៃ​បន្តិច​បន្តួច​ដើម្បី​ធ្វើការ​ចរចា​គ្នា​ឱ្យ​មាន​កិច្ចព្រមព្រៀង​ថ្មី​មួយ។

នៅ​ពេល​ថ្ងៃ​ស្រឡះ​ល្អ​គេ​អាច​មើល​ឃើញ​ច្រាំង​ថ្ម​ចោត​ពណ៌​ស​នៅ Dover ពី​ប្រទេស​បារាំង។ ​ភូមិសាស្ត្រ​គ្មាន​ការ​ផ្លាស់ប្តូរ​ទេ។ ក៏ប៉ុន្តែ​ក្នុង​ន័យ​ជា​ច្រើន ចម្ងាយរវាង​ប្រទេស​អង់គ្លេស​និង​ប្រទេស​ជិត​ខាង​ខ្លួន​ក្នុង​ទ្វីប​អឺរ៉ុប​ដីគោក​មាន​ភាព​ធំជាង​មុន​កាលពី​យប់​ថ្ងៃ​សុក្រ ទី៣១​ ខែ​មករា។​ នៅ​ពេល​នេះ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ហើយ ក៏ប៉ុន្តែ​នៅ​ក្រោយ​ភាព​ច្របូកច្របល់​ខាង​នយោបាយ​បី​ឆ្នាំ​កន្លះ​មក​នោះ ​ ជនជាតិ​អង់គ្លេស​ច្រើន​នាក់​ហាក់​ដូចជា​មាន​ការ​នឿយ​ហត់​នឹង​ Brexit។

អ្នកស្រី Lindsey Wheeler ដែល​ជា​បុគ្គលិក​ធនាគារ​និយាយ​ថា៖ «ខ្ញុំ​មិន​និយាយ​កុហក​ទេ​ ខ្ញុំ​មិន​ចង់​ឱ្យ​អង់គ្លេស​ចាកចេញ​ទេ។​ ខ្ញុំ​បាន​បោះឆ្នោតឱ្យ​អង់គ្លេស​ឋិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​តទៅ​ទៀត ក៏ប៉ុន្តែ​យើង​នៅតែ​ត្រូវ​ចេញ​ដដែល។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​គ្មាន​មហន្តរាយ​ទេ។»

រូប​នាឡិកា​រាប់​បញ្ច្រាស​អំពី​ Brexit បាន​ត្រូវ​បញ្ចាំង​ទៅលើ​ថ្ម​ច្រាំង​ចោត​ពណ៌​ស​នៅ​ Dover កាលពី​យប់​ថ្ងៃ​សុក្រ​និង​ទៅលើ​និវាសដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ Boris Johson នៅ​អាគារ​លេខ​១០ ផ្លូវ Downing ផង​ដែរ។​ ក្រុមអ្នកគាំទ្រ​ Brexit បាន​អបអរ​សាទរ​នៅ​កណ្តាល​ក្រុង​ឡុងដ៍។​ លោក Nigel Farage ដែល​ជា​មេដឹកនាំ​គណបក្ស Brexit និយាយ​ថា៖ «យើង​គួរ​អបអរ​សាទរ​ការ​ពិត​ជាក់ស្តែង​ដែល​បាន​ត្រូវ​ធ្វើ​ឱ្យមាន​សេរីភាព​ពី​ការ​បង្ខិត​បង្ខំ​របស់​សហភាព​អឺរ៉ុប។​ ជា​ថ្មីម្តង​ទៀត​យើង​នឹង​អាច​រក​ឃើញ​ឋានៈ​របស់​យើង​នៅ​ក្នុង​ពិភពលោក»។

ការ​ស្វែង​រក​ឋានៈ​នេះ​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ។ នៅ​ពេល​នេះ​ចក្រភព​អង់គ្លេស​កំពុង​ឋិត​ក្នុង​អន្តរកាល ​ហើយ​ប្រទេស​នេះ​បាន​ទុក​ពេល​ឱ្យ​ខ្លួនឯង​តែ១១ខែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើការ​ចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ជា​មួយ​សហភាព​អឺរ៉ុប។ការណ៍​នេះ​នឹង​កើត​មាន​ឡើង​នៅ​ដំណាច់​ខែ​ធ្នូ​ នៅ​ពេល​ដែល​អ្វី​ដែល​ហៅ​ថា​កំហឹង​ថ្មី​អំពី Brexit នឹង​កើត​មានបាន។

លោក​ Charlie Ries ដែល​ជា​អនុប្រធាន​ខាង​កិច្ចការ​អន្តរជាតិ​នៃ​សាជីវកម្ម​ RAND និយាយ​ថា៖ «មនុស្ស​ច្រើន​នាក់​មាន​ជំនឿ​ថាមាន​ការ​ជជែក​ដេញដោល​គ្នា​បី​ឆ្នាំ​កន្លះ​អំពី Brexit គឺ​អំពី​ Brexit បែប​ណា​ដែល​ពួក​គេ​នឹង​មាន ​និង​អំពី​គួរ​មាន​ឬ​មិន​គួរមាន Brexit និង​អំពី​ការ​ធ្វើ​ឱ្យ​សម្រេច Brexit។​ គេ​មិនទាន់​បាន​ធ្វើ Brexit ទេ។ ជា​ការ​ពិត​ជាក់ស្តែង​ ទំហំ​ពិតប្រាកដ​នៃ​ទំនាក់ទំនង​ថ្មី​រវាង​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​ទើប​តែ​ចាប់​ផ្តើម»។

ការ​បញ្ជាក់​ដំបូង​ៗ​លើកឡើង​ថា​អឺរ៉ុប​នឹង​ទាមទារ​ឱ្យ​មាន​ការ​ចូលទៅ​នេសាទ​ត្រី​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​អង់គ្លេស​និង​ការ​ធានារ៉ាប់រង​ថា​ចក្រភព​អង់គ្លេស​មិន​បន្ថយ​ស្តង់ដារ​ខាង​ពលកម្ម​និង​ខាង​បរិស្ថាន​របស់​សហភាព​អឺរ៉ុប​ជា​ថ្នូរ​នឹង​ការ​ចូល​ទៅ​ក្នុង​ផ្សារ​តែ​មួយ​នៃ​សហភាព​អឺរ៉ុប។​ ចក្រភព​អង់គ្លេស​បាន​បដិសេធ​ការ​សម្រប​តាម​យ៉ាង​ជិតស្និទ្ធ​បែប​នេះ។

លោក​ Dominic Raad ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​បាន​ថ្លែង​ថា៖ «យើង​នឹង​មិន​មាន​ការ​សម្រប​តាម​ដោយ​កម្រិត​ខ្ពស់​ជាមួយ​សហភាព​អឺរ៉ុប​ទេ​ គឺ​ការ​សម្រប​តាម​ខាង​នីតិបញ្ញត្តិ​ជាមួយ​បទ​បញ្ញត្តិ​របស់​ពួក​គេ។ ក៏​ប៉ុន្តែ​យើង​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ ហើយ​យើង​រំពឹង​ថា​សហភាព​អឺរ៉ុប​នឹង​ធ្វើ​តាម​ការ​ប្តេជ្ញា​របស់​ពួក​គេ​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​បែប​កាណាដា»។

ក៏ប៉ុន្តែ​នយោបាយ​តឹង​តែង​នេះ​នឹង​ធ្វើ​ឱ្យ​ចក្រភព​អង់គ្លេស​មាន​ភាព​តានតឹង​ខ្លាំង​ឡើងៗ​ជា​មួយ​ Scotland ដែល​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត​អំពី​ឯករាជ្យ​ដើម្បី​ឱ្យ​ខ្លួន​អាច​ខិតខំ​ព្យាយាម​ចូល​រួម​ជា​ថ្មី​ក្នុង​សហភាព​អឺរ៉ុប។

ហើយ​នៅ​ទូទាំង​ចក្រភព​អង់គ្លេស ការ​បែកបាក់​គ្នា​អំពី Brexit នឹង​មិន​អាច​ត្រូវ​ផ្សះផ្សា​បាន​ដោយ​ងាយ​ទេ។

ច្រាំង​ថ្ម​ចោត​ពណ៌ស​នៅ​ Dover បាន​ក្លាយ​ទៅជា​កន្លែង​ដែល​សារ​លម្អៀង​និង​សារ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​បាន​ត្រូវ​បញ្ចាំង​ឆ្ពោះ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ដីគោក។​មាន​ភាព​តានតឹង​ខ្លាំង​ឡើងៗ​ជា​មួយ​អ្វី​ដែល​ទំនង​ជា​ឆ្នាំ​ច្របូកច្របល់​មួយ​នៅ​ពេល​ខាង​មុខ​នេះ៕​

ប្រែសម្រួល​លោក ឈឹម សុមេធ

XS
SM
MD
LG