ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ស្វែងរក​ឯកភាព​ប្រទេស G7 ខណៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស់​ស្ថិត​ក្នុង​របៀប​វារៈ


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​អ្នកស្រី Yoko Kamikawa ថតរូប​ជុំគ្នា​នៅ​មុន​អាហារពេល​ល្ងាច​ក្នុង​លក្ខណៈ​ការងារ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស G7 នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​អ្នកស្រី Yoko Kamikawa ថតរូប​ជុំគ្នា​នៅ​មុន​អាហារពេល​ល្ងាច​ក្នុង​លក្ខណៈ​ការងារ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស G7 នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ដោយ​ទើប​ត្រឡប់​មកពី​ដំណើរ​ទស្សនកិច្ច​ដ៏​ដ៏​មមា​ញឹកនៅ​តំបន់​មជ្ឈិម​បូព៌ា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បង្វែរ​កិច្ចការ​ទូត​ដ៏​ប្រញឹក​របស់​លោក​លើ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) ទៅ​អាស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​លោក​បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស G-7 ដែល​ជា​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ឧស្សាហកម្ម​នាំ​មុខ ឱ្យ​មូល​មតិ​គ្នា​លើ​វិធី​ដោះស្រាយ​វិបត្តិ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

នៅ​ពេល​ដែល​លោក Blinken និង​សម​ភាគី​របស់​លោក​នៃ​ក្រុម​ប្រទេស G-7 បាន​ចាប់ផ្ដើម​ការ​ពិភាក្សា​រយៈពេល ២ ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​បាន​និយាយ​ថា​វា​ជា​ការ​សំខាន់​បំផុត​សម្រាប់​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ការ​បង្ហាញ​សាមគ្គី​ភាព​ដូច​ដែល​ក្រុម​ប្រទេស​នេះ​បាន​ធ្វើ​ទាក់ទិន​នឹង​រឿង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​និង​បញ្ហា​ធំៗ​ផ្សេង​ទៀត​ដូច្នេះ​ដែរ និង​នៅ​ក្នុង​ការ​បង្ការ​កុំ​ឱ្យ​ការ​ខ្វែង​គំនិត​គ្នា​ដែល​មាន​ស្រាប់​លើ​តំបន់​ហ្កាហ្សា (Gaza) កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

លោក Blinken បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​អ្នកស្រី Yoko Kamikawa បន្ទាប់ពី​លោក​បាន​ពិភាក្សា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ថា៖ «នេះ​ក៏​ជា​ដំណាក់កាល​ដ៏​សំខាន់​បំផុត​ផង​ដែរ​សម្រាប់​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ការ​រួបរួម​គ្នា​ប្រឈម​នឹង​វិបត្តិ​នេះ និង​នៅ​ក្នុង​ការ​និយាយ​ឱ្យ​បាន​ជាក់​ច្បាស់​ដោយសំឡេង​តែ​មួយ ដូច​ដែល​យើង​ធ្វើ​ដូច្នេះ​ដែរ»។

សង្គ្រាម​ដ៏​មហន្តរាយ​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​មនុស្សធម៌​ធ្ងន់ធ្ងរ​ទាក់ទិន​នឹង​ប្រតិបត្តិការ​យោធា​តបត​របស់​អ៊ីស្រាអែល​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​ក្រុម​ហាម៉ាស់​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​នឹង​ក្លាយជា​ការ​ផ្ដោត​ដ៏​ចម្បង​នៃ​កិច្ច​ប្រជុំ​នេះ។

ប៉ុន្តែ របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នេះ​ក៏​អាច​ផ្ដោត​ផង​ដែរ​លើ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ការ​ភ័យ​ខ្លាច​ដែល​ថា​កូរ៉េ​ខាង​ជើង​អាច​ត្រៀម​លក្ខណៈ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ថ្មី និង​ក្ដី​បារម្ភ​អំពី​ភាព​គឃ្លើន​កាន់តែ​កើនឡើង​របស់​ចិន​នៅ​លើ​ពិភពលោក។

នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន លោក Blinken និង​រដ្ឋមន្ត្រី​ការបរទេស​មកពី​ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និង​អ៊ីតាលី​នឹង​ស្វះស្វែង​រក​ចំណុច​រួម​ដើម្បី​បង្ការ​កុំ​ឱ្យ​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​បន្ថែម​ទៀត​ដល់​សន្តិសុខ​ដែល​រង្គោះរង្គើ​ស្រាប់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ជា​ទូទៅ និង​ស្វះស្វែង​រក្សា​ជំហរ​មូល​មតិ​គ្នា​ដែល​មាន​ស្រាប់​លើ​បញ្ហា​ផ្សេងៗ​ទៀត។

អ្នកស្រី Kamikawa បាន​និយាយ​ថា ប្រទេស​ជប៉ុន «ថ្កោលទោស​យ៉ាង​ខ្លាំង» លើ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ស្វែងរក​វិធី​ឆ្ពោះ​ទៅ​មុខ និង​បាន​បញ្ជាក់​ថា៖​ «សាមគ្គីភាព​រឹងមាំ​រវាង​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​គឺ​មាន​សារៈសំខាន់​ជា​ពិសេស​នៅ​ពេល​នេះ»៕

XS
SM
MD
LG