ជាលើកដំបូងក្នុងពេលជិតពីរទសវត្សរ៍កន្លងមកនេះ ការអនុញ្ញាតរបស់សភាសហរដ្ឋអាមេរិកដែលបញ្ជាក់ថាត្រឹមត្រូវសម្រាប់ការធ្វើសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រទេសអ៊ីរ៉ាក់ និងការប្រឡូកនៅក្នុងប្រទេសស៊ីរីរហូតដល់ប្រទេសយេម៉ែន ក៏ដូចជាការវាយប្រហារសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani ផងដែរ កំពុងស្ថិតក្នុងការពិចារណា។
លោក Gregory Meeks ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក បាននិយាយថា៖ «ក្នុងពេល ២០ ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តបន្ទាប់បានបកស្រាយនិងបកស្រាយឡើងវិញនូវអត្ថបទនៃសេចក្តីសម្រេចនោះដើម្បីប្រើវាប្រឆាំងនឹងក្រុមនានានៅក្នុងប្រទេសផ្សេងៗ។ ដំណើរការនេះស្ទើរតែបានកាត់ផ្តាច់សភាចេញពីការទទួលខុសត្រូវជាមូលដ្ឋានរបស់ខ្លួននៅក្នុងការសម្រេចអំពីបញ្ហាសង្គ្រាមនិងសន្តិភាព»។
នៅក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក សភាមានអំណាចប្រកាសសង្គ្រាម ក៏ប៉ុន្តែច្បាប់ឆ្នាំ ២០០១ និងឆ្នាំ ២០០២ ដែលអនុញ្ញាតឲ្យមានការប្រើកម្លាំងយោធា បានផ្តល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតីនៅក្នុងការប្រឡូកនឹងសង្គ្រាមនៅក្រៅប្រទេស។
លោក Jim McGovern សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Massachusetts បាននិយាយថា៖ «ប្រធានាធិបតីសហរដ្ឋអាមេរិកនីមួយៗកាន់តែចាត់វិធានការតែម្នាក់ឯង និងបានប្រាប់សភាតិចតួចបំផុតអំពីសកម្មភាពយោធា។ ប្រធានាធិបតីនីមួយៗនិងមេធាវីរបស់ខ្លួន បានយកច្បាប់អនុញ្ញាតឲ្យប្រើកម្លាំងយោធាដែលមានអាយុកាល ២០ ឆ្នាំមកហើយនេះ មកធ្វើជាសំអាងបញ្ជាក់ហេតុផលត្រឹមត្រូវនៅក្នុងចាត់វិធានការរបស់ពួកគេ។ ប្រសិនបើយើងមិនធ្វើអ្វីនោះទេ នោះយើងមិនគួរភ្ញាក់ផ្អើលនឹងលទ្ធផលនៃវិធានការទាំងនោះឡើយ»។
ការជជែកដេញដោលនេះ ដែលត្រូវបានធ្វើឡើងជាថ្មីកាលពីដើមខែមីនា គឺបានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងជាថ្មីរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់។ សេតវិមានបានផ្តល់សញ្ញាថា ខ្លួនចង់ធ្វើការជាមួយសភាដើម្បីលុបចោលច្បាប់អនុញ្ញាតទាំងនេះ ហើយដាក់ជំនួសវិញដោយគោលការណ៍មួយដែលមានលក្ខណៈចង្អៀតជាងនេះ។
អ្នកស្រី Rebecca Ingber សាស្ត្រាចារ្យមហាវិទ្យាល័យច្បាប់ Cardozo នៃសាកលវិទ្យាល័យ Yeshiva បាននិយាយថា៖ «គោលការណ៍ថ្មីនេះគួរដាក់បញ្ចូលនូវផលវិបាកជាក់លាក់ដូចជាការកាត់បន្ថយការផ្ដល់ថវិកាដោយទុកពេលខ្លីជាងមុនជាដើម ដោយមានការជូនដំណឹងតាំងពីដំបូងដល់ប្រធានាធិបតីនិងមន្ត្រីអង្គនីតិប្រតិបត្តិថា ប្រសិនបើពួកគេមិនអាចទទួលបានការគាំទ្រពីសភាចំពោះវិធានការរបស់ពួកគេទេ នោះថវិកាដែលត្រូវផ្ដល់ឲ្យអាចផុតកំណត់»។
កិច្ចខិតខំប្រឹងប្រែងកាលពីលើកមុនៗដើម្បីលុបចោលច្បាប់អនុញ្ញាតទាំងនេះ មានការជំទាស់ពីប្រធានាធិបតីទាំងមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ក៏ដូចជាមានការរិះគន់ពីគណបក្សសាធារណរដ្ឋថា ការធ្វើដូចនេះអាចរារាំងដល់ការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការគំរាមកំហែងរបស់ពួកភេរវជន។
លោក Michael McCaul សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Texas បានថ្លែងថា៖ «យើងមានគោលដៅដូចគ្នា។ យើងប្រហែលជាមានវិធីខុសគ្នាបន្តិចបន្តួចដើម្បីដោះស្រាយបញ្ហានេះ។ យើងក៏គួរជៀសវាងផងដែរនូវការនិយាយបែបជំទាស់ថា «មានសង្គ្រាមរហូត» ពីព្រោះវាអាចនាំឲ្យយើងយល់ថា ការប្រឆាំងនឹងភេរវកម្មជាបន្តរបស់យើងគឺខុសច្បាប់និងមិនចាំបាច់»។
ក្នុងនាមជាសមាជិកព្រឹទ្ធសភាកាលពីអតីតកាល លោក Biden បានប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានការត្រួតពិនិត្យរបស់សភាច្រើនជាងមុនលើអំណាចធ្វើសង្គ្រាមរបស់ប្រធានាធិបតី។ ហើយឥឡូវនេះ នៅពេលដែលលោកកាន់តំណែងជាប្រធានាធិបតី គេយល់ឃើញថា សភាអាចមានការគ្រប់គ្រងជាថ្មីលើការទទួលខុសត្រូវដ៏សំខាន់បំផុតមួយរបស់ខ្លួននេះ។
លោក Bob Bauer ដែលជាអតីតមេធាវីសេតវិមាន បាននិយាយថា៖ «ខ្ញុំយល់ថា នេះជាបញ្ហាចម្បងមួយនៅក្នុងការនិយាយដោយស្មោះត្រង់ជាមួយសាធារណជនអាមេរិកាំង និងការធ្វើឲ្យប្រធានាធិបតីទទួលខុសត្រូវចំពោះហេតុផលដែលខ្លួនចង់បង្ហាញ»។
សេចក្តីព្រាងច្បាប់ដើម្បីលុបចោលច្បាប់អនុញ្ញាតឲ្យមានការប្រើកម្លាំងយោធាទាំងនេះ ត្រូវបានស្នើឡើងក្នុងព្រឹទ្ធសភារួចហើយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ