ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជំរុញ​ឲ្យ​មាន​ប្រាក់​បៀវត្សរ៍​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី


សមាជិក​ក្រុម​បាល់​ទាត់​ជាតិ​ស្ត្រី​របស់​ស.រ.អ អ្នកនាង Margaret Purce និង​អ្នកនាង Megan Rapinoe ឈរ​នៅក្បែរ​លោកប្រធានាធិបតី Joe Biden នៅពេល​ដែល​លោក​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទិវា​បៀវត្សរ៍​ស្មើគ្នា​នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោកស្រី Jill Biden ដែល​ជា​ភរិយា​របស់​លោក បាន​លើកឡើង​អំពី​គម្លាត​ប្រាក់​បៀវត្សរ៍​រវាង​បុរស​និង​ស្ត្រី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​បៀវត្សរ៍​ស្មើគ្នា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ជាមួយ​សមាជិក​ក្រុម​បាល់​ទាត់​ជាតិ​ស្ត្រី​របស់​សហរដ្ឋ​អាមេរិក។

លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «រដ្ឋបាល​របស់​ខ្ញុំ​នឹង​ប្រយុទ្ធ​ដើម្បី​ប្រាក់​បៀវត្សរ៍​ស្មើ​គ្នា។ វា​គឺជា​រឿង​យុត្តិធម៌។ វា​គឺជា​រឿង​ភាព​ស្មើ​គ្នា។ វា​គឺជា​រឿង​គោរព​តាម​គុណ​តម្លៃ​របស់​យើង​ក្នុង​នាម​ជា​ជាតិ​មួយ។ ប្រាក់​បៀវត្សរ៍​ស្មើ​គ្នា​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​កាន់តែ​ខ្លាំងក្លា​ជាង​មុន»។

ទិវា​បៀវត្សរ៍​ស្មើ​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទៅ​តាម​កាល​បរិច្ឆេទ​ខុសៗ​គ្នា​ជា​រៀង​រាល់​ឆ្នាំ និង​ជា​ទិវា​ដែល​ធ្វើ​ឡើង​ដើម្បី​ស្វែងយល់​អំពី​ថា​តើ​ស្ដ្រី​អ្នក​ធ្វើការ​ធម្មតា​ត្រូវ​ធ្វើការ​ប៉ុន្មាន​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ស្មើ​នឹង​បៀវត្សរ៍​កាលពី​មួយ​ឆ្នាំ​មុន​របស់​បុរស​ដែល​ជា​អ្នក​ធ្វើការ​ធម្មតា។

ស្ត្រី​អាមេរិកាំង​ដែល​ធ្វើការ​ពេញ​ម៉ោង​ក្នុង​ពេល​មួយ​ឆ្នាំ ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ជា​មធ្យម ៨២ សេន​នៃ​ប្រាក់​មួយ​ដុល្លារ​ដែល​បុរស​ទទួល​បាន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​ច្បាប់​ស្ត្រី (National Women's Law Center)។

ទិន្នន័យ​នេះ​បង្ហាញ​ថា គម្លាត​នៃ​ប្រាក់​បៀវត្សរ៍​នេះ​មាន​កាន់តែ​ធំ​ឡើង​សម្រាប់​ស្ត្រី​ស្បែក​ខ្មៅ និង​ស្ត្រី​ឡាទីន ដោយ​ស្ត្រី​ស្បែក​ខ្មៅ​ទទួល​បាន​បៀវត្សរ៍​តែ ៦៣ សេន ហើយ​ស្ត្រី​ឡាទីន​ទទួល​បាន​បៀវត្សរ៍​តែ ៥៥ សេន​ប៉ុណ្ណោះ នៃ​ប្រាក់​មួយ​ដុល្លារ​ដែល​បុរស​ទទួល​បាន។

ទិន្នន័យ​ដូច​គ្នា​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​គម្លាត​ប្រាក់​បៀវត្សរ៍​រវាង​បុរស​និង​ស្ត្រី​ក្នុង​អាជីព​ការងារ​ប្រហែល ៩៤% នៃ​អាជីព​ការងារ​ទាំង​អស់។

អ្នកស្រី Cecilia Rouse ប្រធាន​ក្រុមប្រឹក្សា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក Biden កំពុង​ចាត់​វិធានការ​ដើម្បី​កាត់​បន្ថយ​គម្លាត​ប្រាក់​បៀវត្សរ៍​រវាង​បុរស​និង​ស្ត្រី​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​គាំទ្រ​លើ​សំណើ​ច្បាប់​បៀវត្សរ៍​ស្មើ​គ្នា​ដែល​បាន​ស្នើ​ឡើង​នៅ​ក្នុង​សភា​កាលពី​ខែ​មុន និង​ការ​ជំរុញ​ឲ្យ​មាន​ពេល​ឈប់​សម្រាក​សម្រាប់​គ្រួសារ​ដោយ​នៅ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ផងដែរ៕

XS
SM
MD
LG