ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលសំណួរពីអ្នកសារព័ត៌មានអស់រយៈ ពេលមួយម៉ោង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងរបស់លោក ដែលមួយផ្នែកគឺដើម្បីបដិសេធអ្នករិះគន់អភិរក្សនិយមដែលបានព្យាករណ៍ថា លោកដែលជាប្រធានាធិបតីចំណាស់ជាងគេបំផុត នឹងមិនអាចបំពេញភារកិច្ចបាននោះ។
បន្ទាប់ពីការថ្លែងកត់សម្គាល់ខ្លីៗអំពីការឆ្លើយតបរបស់រដ្ឋបាលរបស់លោក ចំពោះការរាតត្បាតរបស់វីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ លោក Biden បានឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានចំនួន ១០ នាក់ ដោយហៅឈ្មោះរបស់ពួកគេក្នុងបញ្ជីរបស់លោក។
នៅថ្ងៃទី ៦៥ នៃការកាន់តំណែងរបស់លោក លោក Biden បានប្រឈមនឹងសំណួរភាគច្រើន ទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ ជាពិសេសអំពីចំណាត់ការរបស់រដ្ឋាភិបាលទៅលើជនចំណាកស្រុកដែលជាកុមារនៅតាមព្រំដែន។
ចំពោះបញ្ហាក្នុងស្រុកជាទូទៅ លោកឆ្លើយដោយមិនព្រាងទុក ប៉ុន្តែបញ្ហាគោលនយោបាយការបរទេសដ៏រសើប រួមទាំងបញ្ហាទាក់ទងនឹងប្រទេសអាហ្វហ្គានីស្ថាន និងចិន លោកហាក់ដូចជាឆ្លើយតាមក្រដាសរបស់លោក។
លោក Biden បានផ្តល់ព័ត៌មានខ្លះក្នុងការឆ្លើយតបនឹងសំណួរអំពីការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ក្នុងពេលជាងបីឆ្នាំខាងមុខ ដោយនិយាយថា លោកពិតជាមានបំណងឈរឈ្មោះបោះឆ្នោតម្តងទៀត នៅឆ្នាំ ២០២៤។ លោកបាននិយាយថា លោកគ្មានយោបល់អ្វីនោះទេ ប្រសិនបើគណបក្សសាធារណរដ្ឋដែលប្រឈមមុខនឹងភាពច្របូកច្របល់ផ្ទៃក្នុង នៅតែមានសភាពបែបនេះរហូតដល់នៅពេលនោះ។
ឆ្លើយតបទៅនឹងសំណួរអំពីការជំរុញរបស់គណបក្សសាធារណរដ្ឋឲ្យមានវិធានការរឹតបន្តឹងដំណើរការបោះឆ្នោត លោក Biden បាននិយាយថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភ គឺថា គំនិតផ្តួចផ្តើមទាំងមូលនេះដែលមិនមានលក្ខណៈតំណាងឲ្យពលរដ្ឋអាមេរិកាំង «ជាជំងឺយ៉ាងធ្ងន់ធ្ងរ»៕