ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងជួបជាមួយទីប្រឹក្សាអន្តោប្រវេសន៍និងមន្រ្តីខុទ្ទកាល័យកំពូលៗនៅថ្ងៃពុធនេះ (ម៉ោងក្នុងសហរដ្ឋអាមេរិក) ខណៈលោកបញ្ជូនមន្រ្តីសេតវិមានទៅកាន់កន្លែងតាំងទីលំនៅថ្មីនៅរដ្ឋ Texas ស្របពេលមានសម្ពាធកើនឡើងដោយសារកំណើនចំនួនជនចំណាកស្រុកនៅព្រំដែនសហរដ្ឋអាមេរិក។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីនានារួមជាមួយសមាជិកសភាមួយចំនួននឹងធ្វើដំណើរទៅមជ្ឈមណ្ឌលតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួននៅក្រុង Carrizo Springs រដ្ឋ Texas ហើយនឹងអនុញ្ញាតឲ្យមានការផ្សាយព័ត៌មានមានកំណត់អំពីទស្សនកិច្ចនេះ។
នៅសេតវិមាន លោក Biden នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលក្រសួងទាំងពីរមានភារកិច្ចគ្រប់គ្រងជនអន្តោប្រវេសន៍ដែលបានឆ្លងព្រំដែនភាគ ខាងត្បូងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសម៉ិកស៊ិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្រុមអ្នកសារព័ត៌មានកំពុងជំរុញរដ្ឋបាលលោក Biden ឱ្យអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចូលទៅកាន់ទីតាំងនានាបាន ព្រោះរូបភាពដែលត្រូវបានផ្សព្វផ្សាយនៅសប្តាហ៍នេះបានបង្ហាញពីស្ថានភាពដ៏ចង្អៀត។
អនុប្រធានាធិបតីលោកស្រី Kamala Harris ដែលនឹងចូលរួមជាមួយលោក Biden នៅឯកិច្ចប្រជុំនៅសេតវិមាននៅថ្ងៃពុធដែរ បានទទួលស្គាល់នៅថ្ងៃពុធថាមានការពន្យារពេល ហើយមជ្ឈមណ្ឌលនោះពិតជាតូចចង្អៀតមែន ប៉ុន្តែបាននិយាយថា មិនទាន់មានដំណោះស្រាយភ្លាមៗទេ៕