ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រឈម​នឹង​ការ​ប្រជែង​ពី​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ​ អំឡុង​​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ឡើង​យន្តហោះ Air Force One នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មុន​នឹង​លោក​ចេញ​ដំណើរ​ទៅ​ប្រទេស​អេហ្ស៊ីប កម្ពុជា និង​ឥណ្ឌូណេស៊ី។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ឡើង​យន្តហោះ Air Force One នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មុន​នឹង​លោក​ចេញ​ដំណើរ​ទៅ​ប្រទេស​អេហ្ស៊ីប កម្ពុជា និង​ឥណ្ឌូណេស៊ី។

ក្រោយ​ពីការ​ធ្វើ​បាន​ល្អ​ជាង​ការ​រំពឹងទុក​ពី​សំណាក់​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ប្រធានាធិបតី​អាមេរិក​លោក Joe Biden កំពុង​បោះជំហាន​ចូល​ក្នុងសប្តាហ៍​ដ៏​មមាញឹក​មួយ​ពាក់ព័ន្ធផ្នែកការ​ទូត​ជាមួយ​នឹង​មេដឹកនាំ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ឥណ្ឌូប៉ាស៊ីហ្វិក ខណៈ​ពេល​មាន​ការ​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ជាមួយ​ចិន បញ្ហា​សង្រ្គាម​នៅ​អ៊ុយក្រែន និង​ការ​កើន​ឡើង​នូវ​ភាព​គឃ្លើន​ពី​កូរ៉េខាងជើង។

ខាង​ក្រោមនេះ​ជា​ចំណុចគោល​សំខាន់ៗ​ ដែល​លោក​ Joe Biden ត្រូវ​ផ្តោត​លើ​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅកម្ពុជា និង​ឥណ្ឌូណេស៊ី។


​កិច្ចប្រជុំ​កំពូល និង​ជំនួប​ទ្វេភាគី

លោក Biden នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែ​វិច្ឆិកា បន្ទាប់​ពី​ចូលរួម​សន្និសីទអង្គការ​សហប្រជាជាតិ​ស្តី​ពីការ​ប្រែប្រួល​អាកាសធាតុ (COP27) ​នៅ​ក្រុង Sharm El-Sheikh ប្រទេស​អេហ្ស៊ីប។

នៅ​កម្ពុជា លោកចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ជាមួយ​នឹង​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) និង​កិច្ចប្រជុំ​វាង​អាស៊ាន​និង​ដៃ​គូ​ពិភាក្សា​ដទៃ​ទៀតដូចជា អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន ណូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក។

លោក​ Biden ក៏​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ប្រធាន​អាស៊ាន​ទាំង​ ១០​ប្រទេស​នា​ឆ្នាំ​នេះ និង​ជា​មេដឹកនាំ​កាន់​តំណែង​យូរ​អង្វែង​ជាង​គេ​ក្នុង​តំបន់ ដែល​បាន​កាន់​អំណាច​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ ១៩៨៥​មក។ លោក Biden នឹង​បន្ត​ធ្វើដំណើរ​ទៅ​កាន់កោះ​ Bali ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃ​អាទិត្យ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលជាមួយ​នឹងក្រុម​មេដឹកនាំ​ប្រទេស​ G-20 នៅ​លើ​ពិភពលោក។

នា​ថ្ងៃ​ចន្ទ​ លោក Biden ​ត្រៀម​ជួប​ជាមួយ​មេដឹកនាំ​ចិន​លោក Xi Jinping ដែល​នេះ​ជា​ជំនួប​ដោយ​ផ្ទាល់​ដំបូង​ ចាប់តាំង​ពី​លោក​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ ២០២១​មក។ លោក Biden នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ម្ចាស់​ផ្ទះ​កិច្ចប្រជុំ G-20 ក៏​ដូចជា នាយករដ្ឋមន្រ្តី​អង់គ្លេស​ថ្មី​លោក Rishi Sunak និង​នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោកស្រី Giorgia Meloni ដែល​ទើប​ចូល​កាន់​តំណែង​នា​ពេល​ថ្មីៗ​នេះ។ លោកនឹង​ចូលរួម​ក្នុង​ជំនួប​ទ្វេភាគី និង​ត្រីភាគី​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ជប៉ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​ពី​ការ​គំរាមកំហែង​ដែល​កំពុង​បន្ត​មាន​ពី​កូរ៉េខាងជើង។ ​

បញ្ហា​សន្តិសុខ

សង្រ្គាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ការ​បង្កើន​យោធា​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​និង​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ និង​ការ​គំរាមកំហែង​មីស៊ីល​និង​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង នឹង​ជា​ចំណុច​ផ្តោត​សម្រាប់​លោក Biden អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក ​ស្រប​ពេល​លោក​ស្វះស្វែង​រក​ចំណុចសហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ឆ្លង​ព្រំដែន​ដូចជា ការ​ប្រែប្រួល​អាកាសធាតុ ការ​បញ្ចៀស​ពី​ការ​រាតត្បាត​ជំងឺ​នា​ពេល​អនាគត និង​សន្តិសុខ​ស្បៀងអាហារ​និង​ថាមពល​នៅ​លើ​សាកលលោក។ ​

នេះ​នឹង​ជា​ការ​ទូត​ប្រកប​ដោយ​ចំណោទ​មួយ​ ខណៈ​លោក Biden ព្យាយាម​ប្រជែង​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ពង្រឹង​ក្រុម​សម្ព័ន្ធ​ដើម្បី​កាត់​ផ្តាច់រដ្ឋាភិបាល​ក្រុង​មូស្គូពី​ឆាក​អន្តរជាតិ។ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់កំពុង​ពឹងផ្អែក​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​វឌ្ឍនភាព​សេដ្ឋកិច្ច ប៉ុន្តែ​ត្រូវ​ការ​ការពារ​ផ្នែក​សន្តិសុខ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ទប់ស្កាត់​ការ​ដំឡើង​សាច់ដុំ​ផ្នែក​យោធា​របស់​ចិន។ ​

បណ្តាប្រទេស​ខ្លះ​ពឹងផ្អែក​លើ​តួនាទី​របស់​រុស្ស៊ី​ជា​អ្នក​រក្សា​លំនឹង​ ខណៈ​មាន​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។ ប្រភព​ធំ​បំផុត​នៃ​ភាព​ភ័យខ្លាច​នៅ​ក្នុង​តំបន់​គឺ​ការ​កើនឡើង​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាលក្រុង​ប៉េកាំង។​ នេះ​បើ​យោង​ទៅ​តាម​លោក Evan Laksmana អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​សាធារណៈ​ Lee Kuan Yew នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «តើ​អ្វី​កើត​ឡើង​ ប្រសិន​បើ​រឿង​អ្វី​មួយ​កើត​ឡើង​លើ​កោះ​តៃវ៉ាន់ ហើយសហរដ្ឋអាមេរិក​ស្នើ​ចូល​ទៅ​កាន់​សិង្ហបុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន? តើ​ពួកគេនឹង​អនុញ្ញាត​ឱ្យអាមេរិក​ចូល​ឬ​ទេ ហើយបើ​ដូច្នេះ​មែន​ តើនេះ​នឹង​ធ្វើ​ឱ្យ​យើង​មាន​ការ​ប្រឈម​ជាមួយ​ចិន​ឬទេ? នេះ​ជា​អ្វី​ដែល​តំបន់​នេះ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ»។

បន្ថែម​ពី​លើ​នេះ លោក Biden នឹង​មក​ដល់​អាស៊ី ខណៈ​មាន​ការ​បង្កើន​សកម្មភាព​យោធា​ពី​កូរ៉េខាងជើង ​រួម​មាន​ការ​បង្ហោះ​មីស៊ីល និង​ការ​ហោះ​យន្តហោះ​យោធា​នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ លោក John Kirby នាយកយុទ្ធសាស្រ្ត​ផ្នែក​ទំនាក់ទំនង​ប្រចាំ​ក្រុមប្រឹក្សា​សន្តិជាតិ​នៃ​សេតវិមាន​ បាន​និយាយ​ថា សហរដ្ឋ​អាមេរិកត្រៀម​លក្ខណៈ​សម្រាប់ភាព​គឃ្លើន​កាន់​តែ​ច្រើន​ជាងមុន​ពី​លោក Kim Jong un ខណៈ​លោក​ Biden ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី រួម​មាន​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរជា​លើក​ដំបូង​ពី​សំណាក់រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាប់តាំង​ពី​ឆ្នាំ ២០១៧​មក។

ការ​រក្សា​តុល្យភាព

នៅ​ក្រុង​ភ្នំពេញ អាស៊ាន​នឹង​រៀបចំកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ​ផ្សេងៗ​ជាមួយ​ដៃគូ​នានា​រួម​មាន ចិន​ រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក។ នាយករដ្ឋមន្រ្តី​ចិន​លោក Li Keqiang នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំង​នេះ​នៅ​ក្រុង​ភ្នំពេញ ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បញ្ជូន​រដ្ឋមន្រ្តី​ការបរទេស​លោក Sergey Lavrov។

កិច្ចប្រជុំទាំង​នេះ​នឹង​ផ្តល់​ជា​មាគ៌ា​មួយ​ដើម្បី​ឱ្យ​ប្លុក​អាស៊ាន​គ្រប់គ្រង​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នានា​ ​រួមមាន​ ជម្លោះ​ដែន​ទឹកនៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​ខ្លះ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​នៅ​មីយ៉ាន់ម៉ា និង​ឥឡូវ​នេះ សង្រ្គាម​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ​

បណ្តា​ប្រទេស​អាស៊ាន​មាន​កម្រិត​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សន្តិសុខ​ផ្សេងៗ​គ្នា​ជាមួយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ដូច​នឹង​បញ្ហាការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិនដែរ ប្រទេស​អាស៊ាន​ព្រួយបារម្ភ​ថា ផលប្រយោជន៍​របស់​ខ្លួន​អាច​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ប្រជែង​គ្នា​រវាង​បស្ចឹមលោក និង​រដ្ឋាភិបាល​ក្រុង​មូស្គូ។

​អ្នកស្រី Stacie Goddard សាស្រ្តាចារ្យ​ផ្នែក​អំណាច​នយោបាយ​នៅ​សាកលវិទ្យាល័យ Wellesley College បាន​ប្រាប់​វីអូអេ​ថា៖ «បណ្តា​ប្រទេស​ទាំង​នេះ​នឹង​មាន​ភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ដែល​អាច​ប៉ះពាល់​ដល់​តុល្យភាព​នេះ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Biden នឹង​ជំរុញ​បន្ថែម​ពី​លើកិច្ចប្រជុំ​កំពូល​ពិសេស​នា​ខែ​ឧសភា ដែល​សហរដ្ឋអាមេរិក​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ជា​ទី​ដែល​លោក​បាន​ប្រកាសផ្តល់​ហិរញ្ញប្បទាន​បន្ថែម​សម​ល្មម​ដើម្បី​ពង្រឹង​ការ​ប្រឡូក​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ រួម​មាន​ក្នុង​បរិបទ​ដែនទឹក​ផង​ដែរ។

លោក Biden ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្រ្ត​ពេញលេញ​អាស៊ាន​-អាមេរិក ដែល​ជា​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​មួយ​ទៅ​នឹង​កិច្ចព្រមព្រៀង​ដែល​អាស៊ាន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន​កាល​ពី​ឆ្នាំ ២០២១។ ​

ពាណិជ្ជកម្ម និង​ការ​វិនិយោគ

លោក Marc Mealy អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​ប្រចាំ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាមេរិក​និង​អាស៊ាន (U.S.-ASEAN Business Council)​ បាន​ប្រាប់​វីអូអេ​ថា ក្រុម​ធុរកិច្ច​មាន​សុទិដ្ឋិនិយម​ថា កិច្ចប្រជុំ​នេះនឹង​បង្កើន​កិច្ច​សហប្រតិបត្តិការផ្សេងៗ រួម​មាន​កិច្ចប្រឹងប្រែង​សម្រួបសម្រួល​ផ្នែក​ថាមពល ពាណិជ្ជកម្ម​ឌីជីថល និង​ការ​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ឱ្យរឹងមាំ​ជាង​មុន។

​លោក Mealy កត់សម្គាល់​ថា ដៃ​គូ​ពាណិជ្ជកម្ម​កំពូល​ទាំង ២០​ របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន រួម​មាន ​សមាជិក​អាស៊ាន​ចំនួនបួន​ប្រទេស​ដូចជា វៀតណាម សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី។ នាយករដ្ឋមន្រ្តី​ចិន​លោក Li Keqiang ក៏​ត្រៀម​នឹង​ជំរុញ​លើ​ផ្នែក​ពាណិជ្ជកម្ម​អាស៊ាន-ចិន​ «ទម្រង់ ៣.០» ជាមួយ​នឹង​មេដឹកនាំ​ប្លុក​អាស៊ាន​ផង​ដែរ។

​លោក Biden នឹង​ផ្តល់​ជម្រើស​ពី​សហរដ្ឋអាមេរិក ក្នុង​ទម្រង់ជា​កិច្ចព្រមព្រៀង​រចនាសម្ព័ន្ធ​ដើម្បី​វឌ្ឍនភាព​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់ចេញ​កាល​ពី​ខែ​ឧសភា។ កិច្ចព្រមព្រៀង​នេះ​មិន​រួម​បញ្ចូល​ការ​អនុញ្ញាត​ឱ្យ​ចូលទៅ​ក្នុង​ទីផ្សារ ឬ​ការ​បន្ទាប​ពន្ធ​នោះ​ទេ ដែល​ទាំង​នេះ​ជា ​អ្វី​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​ចង់​បាន៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

អត្ថបទ​ទាក់ទង

XS
SM
MD
LG