ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

00:23 14.11.2022

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​បាន​បញ្ចប់

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១ បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​កម្ពុជា​បាន​ផ្ទេរ​តួនាទី​ជា​ប្រធាន​អាស៊ាន​ដល់​ឥណ្ឌូណេស៊ី។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រគល់​ញញួរ​តំណែងប្រធាន​អាស៊ាន​ដល់​លោក​ប្រធានាធិបតី Joko Widodo ក្នុង​ពិធី​ផ្ទេរ​តួនាទី​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​កាណាដា​ផងដែរ។ ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​ អាស៊ាន​បាន​ព្រមព្រៀង​គ្នា​ទទួល​យក​ប្រទេស​ទីម័រខាងកើត​ជា​សមាជិក​ទី ១១ របស់​អាស៊ាន។ នៅ​រយៈពេល ៧ ថ្ងៃ​ខាងមុខ កិច្ចប្រជុំ​កំពូល​នានា​នឹង​ធ្វើ​ឡើង​នៅ​តំបន់​អាស៊ីអាគេ្នយ៍ រួមមាន​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ២០ ហៅថា G-20 ដែល​ធ្វើ​ឡើង​នៅ​កោះបាលី ឥណ្ឌូណេស៊ី និង​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ៕

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងពិធីផ្ទេរតួនាទីជាប្រធានអាស៊ានពីកម្ពុជាទៅឲ្យឥណ្ឌូណេស៊ី ពេលបិទកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងពិធីផ្ទេរតួនាទីជាប្រធានអាស៊ានពីកម្ពុជាទៅឲ្យឥណ្ឌូណេស៊ី ពេលបិទកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

00:22 14.11.2022

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែងកាលពី​ថ្ងៃ​អាទិត្យ​ថា បណ្តាញ​ទាក់ទង​គ្នា​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ចិន​ អាច​នៅ​បើក​ចំហ​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ជម្លោះ ក្នុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​បាន​បញ្ចប់។ លោក​បាន​ថ្លែង​ដូច្នេះ​នៅ​មុន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅកោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ចជឿនលឿន​ទាំង ២០ ហៅ​ថា G-20។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លើកដៃ ពេលលោកឈរលើយន្តហោះប្រធានាធិបតី Air Force One ដើម្បីត្រៀមចាកចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លើកដៃ ពេលលោកឈរលើយន្តហោះប្រធានាធិបតី Air Force One ដើម្បីត្រៀមចាកចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

21:12 13.11.2022

លោក Fumio Kishida នាយករដ្ឋ​មន្ត្រី​ជប៉ុន បាន​ថ្លែង​ប្រាប់​បណ្តា​មេដឹកនាំ​នៅ​តំបន់​អាស៊ី​នៅ​ថ្ងៃ​អាទិត្យ​ថា ចិន​កំពុង​ធ្វើ​សកម្មភាព​កាន់តែ​ច្រើន​និង​ឥតឈប់ឈរ​ដែល​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ជប៉ុន ហើយ​បញ្ឆេះ​ភាព​តានតឹង​ថែមទៀត​នៅ​ក្នុង​តំបន់។ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ាលើក​ទី ១៧ លោក Kishida ថា ការ​ធានា​ឲ្យ​បាន​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅ​តំបន់​កោះតៃវ៉ាន់​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ក្នុង​តំបន់ ដោយ​លោក​ក៏​បាន​«ក្តីបារម្ភ​ធ្ងន់ធ្ងរ»​លើ​ស្ថានភាព​សិទ្ធិមនុស្ស​របស់ក្រុម​ជនជាតិ​អ៊ុយហ្គ័រ (Uyghur)។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​ជប៉ុន ហើយ​ត្រូវបាន​រាយការណ៍ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ២៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ២៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

20:37 13.11.2022

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្តេជ្ញា​ថា​មិន​ធ្វើ​ឲ្យតំបន់​អាស៊ីអាគ្នេយ៍​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ជួរ​មុខ​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​ជា​ដាច់ខាត ខណៈ​ភាព​តានតឹង​កំពុង​កើន​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ខណៈ​ឥណ្ឌូណេស៊ី​ក្លាយ​ជា​ប្រធាន​អាស៊ាន លោក Joko Widodo បាន​ថ្លែង​ថា អាស៊ាន​មិន​អាច​ក្លាយ​ជា​ «ភ្នាក់ងារ​របស់​មហា​អំណាច​ណា​មួយ​ឡើយ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក​បញ្ជាក់​ថា តំបន់​អាស៊ី​អាគេ្នយ៍ដែល​មាន​ពលរដ្ឋ​សរុប​ជាង ៧០០ លាន​នាក់ «ចាំបាច់​ត្រូវតែ​ជា​តំបន់​ដ៏​ថ្លែថ្នូរ​មួយ» ហើយ​ «ប្រកាន់​ខ្ជាប់​នូវ​តម្លៃ​មនុស្សធម៌​និង​លទ្ធិ​ប្រជាធិបតេយ្យ»។ គោលការណ៍​ទាំង​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ក្តោបក្តាប់​យោធា​នៅ​មីយ៉ាន់ម៉ា និង​ក្តី​បារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ កាលពី​ថ្ងៃ​អាទិត្យ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ថ្លែង​ថា ភាព​តានតឹង​សកល​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​បន្ទុក​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់៕

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG