ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់​ថា ជំនួប​រវាង​លោក Biden និង​លោក Xi អាច​ជួយ​ដល់​ស្ថិរភាព​ច្រក​សមុទ្រ​តៃវ៉ាន់


រូប​ឯកសារ៖ រូប​ផ្គុំ​នេះ​បង្ហាញ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden (ឆ្វេង) កាល​ពី​ឆ្នាំ​២០២១ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ឆ្នាំ​២០១៩។
រូប​ឯកសារ៖ រូប​ផ្គុំ​នេះ​បង្ហាញ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden (ឆ្វេង) កាល​ពី​ឆ្នាំ​២០២១ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ឆ្នាំ​២០១៩។

កោះ​តៃវ៉ាន់​និយាយ​ថា​ ការ​បើក​ឱ្យ​មាន​បណ្តាញ​ទាក់ទងគ្នា នឹងជួយ​កាត់​បន្ថយគ្រោះថ្នាក់​ដោយ​ការ​យល់ច្រឡំ​នៅក្នុង​ច្រកសមុទ្រតៃវ៉ាន់​ ខណៈពេល​ដែល​ប្រធានាធិបតី​អាមេរិក​ លោក Joe Biden និង​ប្រធានាធិបតីចិន​ លោក Xi Jinping កំពុង​ត្រៀម​ជួប​គ្នា នៅ​ក្រៅកិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G-20 នៅ​សប្តាហ៍​ក្រោយ​នៅ​កោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ ​ចាប់​តាំង​ពី​លោក​ទាំងពី​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​មក។

រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ លោក Joseph Wu បានថ្លែងប្រាប់ អ្នកស្រី Nike Ching នាយកនៃក្រុម​អ្នកយកព័ត៌មានវីអូអេ​ ​ប្រចាំ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់​មុខ​មួយ​ថា​ «ប្រសិនជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ឬ​ប្រធានាធិបតី​ ឬ​អនុប្រធានាធិបតីរបស់​សហរដ្ឋអាមេរិក​ អាច​និយាយ​ជា​មួយ​ភាគី​មេដឹកនាំ​ចិន​ ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​ពីសន្តិភាព ស្ថិរភាព​នៅក្នុង​ច្រកសមុទ្រ​តៃវ៉ាន់​ ឬ​ពី​ការ​ដែល​ប្រទេស​ចិន​ បាន​រំលោភ​បំពាន​ទៅ​លើ​ស្ថានភាព​ដែលមាន​ស្រាប់​ហើយ​នោះ​ ខ្ញុំ​គិត​ថា វា​នឹងអាច​ជួយដល់​សន្តិភាពក្នុងតំបន់»។ ​

លោក​បន្ថែម​ថា​ «ពុំ​មាន​ការ​ទាក់ទង​គ្នា​ជា​ផ្លូវ​ការ​ណា​មួយ រវាង​តៃវ៉ាន់​និង​ប្រទេស​ចិន​ អស់​រយៈ​ពេលយូរហើយ។ ប្រសិន​បើ​សហរដ្ឋអាមេរិកអាចនិយាយ​ជាមួយ​ភាគីចិន​អំពី​ការបារម្ភ​របស់​តៃវ៉ាន់​នោះ​ នោះ​ជា​រឿង​ល្អដែល​មាន​ប្រយោជន៍​ខ្លាំងដល់​កោះ​តៃវ៉ាន់ផង​ដែរ»។

កាល​ពី​ថ្ងៃ​អង្គារ​ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ ​លោក​ស្រី Wendy Sherman​ បាន​ជួប​ជា​មួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំសហរដ្ឋអាមេរិកលោក​ Qin Gang នៅ​មុន​ជំនួបដែល​ត្រូវ​បាន​គ្រោង​ទុក​រវាង​លោក​ Biden និង​លោក ​Xi។ ​

ទន្ទឹម​នឹង​នោះ​ដែរ កោះតៃវ៉ាន់​ក៏​បាន​អំពាវនាវ​ដល់ប្រទេស​ចិនឱ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា​ជា​មួយ​ខ្លួន ដោយ​មិន​ដាក់​លក្ខខណ្ឌ​ជា​មុន​ ខណៈពេល​ដែល​មាន​ភាព​តានតឹង​កំពុង​កើន​ឡើង​ នៅ​មុន​ជំនួប​កំពូល​សេដ្ឋកិច្ច​ក្នុង​តំបន់​ ដែល​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​បេសកជនរបស់​ប្រធានាធិបតី​កោះតៃវ៉ាន់​លោកស្រី Tsai Ing-wen ក៏​នឹង​ចូលរួម​ផង​ដែរ​នោះ។

ស្ថាបនិកក្រុមហ៊ុន​ផលិត​បន្ទះលោហធាតុ Semiconductor របស់​តៃវ៉ាន់ លោក Morris Chang​ នឹង​តំណាងឱ្យ​កោះតៃវ៉ាន់​នៅក្នុង​កិច្ចប្រជុំកំពូល​នៃ​មេដឹកនាំ​សហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក APEC ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកាខាងមុខ​នេះ នៅក្នុង​រាជធានី​បាងកក​ ប្រទេសថៃ៕

XS
SM
MD
LG