ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​អាស៊ាន​អាមេរិក​នៅ​កម្ពុជា​នឹង​ពង្រឹង​កម្រិត​ទំនាក់​ទំនង​បន្ថែម ​


រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (កណ្តាល) ថត​រូប​រួម​គ្នា​ជាមួយ​​មេដឹកនាំ​ប្រទេស​សមាគម​អាស៊ាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ ដើម​ឆ្នាំ​នេះ។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (កណ្តាល) ថត​រូប​រួម​គ្នា​ជាមួយ​​មេដឹកនាំ​ប្រទេស​សមាគម​អាស៊ាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ ដើម​ឆ្នាំ​នេះ។

ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​ត្រូវ​បាន​គេ មើលឃើញ​ថា ​នឹង​ពង្រឹង​ទំនាក់​ទំនង​រវាង​ភាគី​ទាំង​ពីរ​បន្ថែម​ទៀត​ ហើយ​អាមេរិក​នឹង​ជំរុញ​ឱ្យ​សមាគម​អាស៊ាន​ពង្រឹង​មជ្ឈភាព​របស់​ខ្លួន។​

ដំណើរ​មក​ប្រទេស​កម្ពុជា​របស់​លោក Joe Biden ​(ចូ បៃដិន) ​នា​ថ្ងៃ​សៅរ៍ ​ទី​១២​ ខែ​វិច្ឆិកា​នេះ​ ត្រូវ​បាន​ចាត់ទុក​ថា​ ជា​ការ​ផ្តល់​តម្លៃ​ដល់​សមាគម​អាស៊ាន។ ​ប្រធានាធិបតី​ចិន ​លោក Xi Jinping (ស៊ី ជីនពីង) មិន​មក​ចូលរួម​កិច្ច​ប្រជុំ​នេះ​ទេ។ ​ប៉ុន្តែ​នាយក​រដ្ឋមន្រ្តី​ចិន​អញ្ជើញ​មក​ចូល​រួម។​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​រំពឹង​ថា ​អាមេរិក​នឹង​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​អាស៊ាន។ ​សាស្ត្រា​ចារ្យ​រូប​នេះ​អះអាង​ថា​ កិច្ចប្រជុំ​កំពូល​រវាង​សហ​រដ្ឋ​អាមេរិក​និង​អាស៊ាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ កាល​ពី​កន្លង​ទៅ​ បាន​ព្រម​ព្រៀង​គ្នា​ទៅ​លើ​គោល​ការណ៍​ប្រមាណ​២០​ចំណុច ​ប៉ុន្តែការ​អនុវត្ត​មិន​បាន​ពេញ​លេញ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ការ​សន្យា​ថា​ នឹង​ជំរុញ​ឱ្យ​ទំ​នាក់​ទំនង​រវាង​អាស៊ាន ​និង​អាមេរិក​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​អាស៊ាន ​ សហ​រដ្ឋ​អាមេរិក​ក៏​ចង់​បាន។ ហើយ​ក៏​ចង់​បាន​ជំហរ​របស់​អាស៊ាន​ហ្នឹង​នៅ​ក្នុង​ជំហរ​ជា​ជំហរ​អព្យា​ក្រឹត​ដែល​ខ្លួន​ឯង​បាន​កំណត់​មជ្ឈភាព​របស់​អាស៊ាន ​ដែល​សហ​រដ្ឋ​អាមេរិក​ត្រូវ​ការ​ឱ្យ​អង្គការ​តំបន់​ហ្នឹង​ឈរ​លក្ខណៈ​បែប​នេះ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ ​លោក Biden ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ឥត​ងាករេ​របស់​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​មជ្ឈភាព​ អាស៊ាន​កសាង​នូវ​ជោគជ័យ​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​ពិសេស​ជា​ប្រវត្តិ​សាស្រ្ត​រវាង​អាមេរិក​និង​អាស៊ាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​កន្លង​ទៅ។ ​លោក​ Biden ​ក៏​នឹង​សង្កត់​ធ្ងន់​ផង​ដែរ នូវ​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​អាមេរិក​ និង​អាស៊ាន​ក្នុង​ការ​ធានា​សន្តិសុខ ​សុខដុមរមនា​នៅ​ក្នុង​តំបន់ ​ក៏​ដូច​ជា​សុខុមាល​ភាព​នៃ​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន។​

រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក ​លោក​ Antony Blinken ​ក៏​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ដែរ​ដើម្បី​គាំ​ទ្រ​ការ​ចូល​រួម​របស់​ប្រធានាធិបតី​អាមេរិក។ ​ប្រធានាធិបតី​ និង​រដ្ឋមន្រ្តី​ការ​បរទេស​នឹង​ពិភាក្សា​បញ្ហា​ប្រឈម​របស់​ពិភព​លោក ​និង​តំបន់ ​និង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ និង​ដោះស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក ​គិន ភា ​លើក​ឡើង​ថា​ អ្វី​ដែល​គេ​អា​ច​រំពឹង​បាន​ពី​កិច្ច​ប្រជុំ​កំពូល​រវាង​មេ​ដឹកនាំ​អាស៊ាន​ និង​មេដឹក​នាំ​សហ​រដ្ឋ​អាមេរិក​គឺ​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​ នៅ​ក្នុង​តំបន់។ ​ក្រៅពី​នេះ ​លោក​សង្ឃឹម​ថា​ បញ្ហា​ផ្សេងៗ​ដែល​កំពុង​តែ​កើត​មាន​ឡើង​ហើយ​ដែល​ធ្វើ​ឱ្យមាន​អស្ថិរភាព​ដល់​សន្តិភាព​ក្នុង​តំបន់​ ដូច​ជា​វិបត្តិ​នៅ​ភូមា ​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​បញ្ហា​ចាក់​ស្រេះ​ផ្សេង​ទៀត​នោះ​ នឹង​រក​ច្រក​ចេញ​ឃើញ​ ក្រោយ​កិច្ច​ប្រជុំ​របស់​មេ​ដឹកនាំទាំង​នោះ។​

បើ​តាម​លោក ​គិន ភា អ្វី​ដែល​មេ​ដឹកនាំ​អាស៊ាន​ចង់​បាន​ពី​ទំនាក់​ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ គឺ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ដោយ​ស្មោះ​ត្រង់ ​មិន​មាន​ការ​បង្ខិត​បង្ខំ​ ការ​ដាក់​គំនាប​ ជាពិសេស មិន​តម្រូវ​ឱ្យ​អាស៊ាន​ជ្រើស​រើស​រវាង​មហា​អំណាច​ណាមួយ​ឡើយ​ ខណៈ​ថា ​អាស៊ាន​ចង់​បាន​សន្តិ​ភាព​ និង​រស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិ​សហ​វិជ្ជមាន។​

លោក ​គិន ភា​ អះអាង​ថា​ ការ​ចង់​បាន​ភាព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន ជា​ការ​ប្រកួត​ប្រជែង​ឥទ្ធិ​ពល​គ្នា​ក្នុង​តំបន់​រវាង​មហា​យក្ស​ចិន​ និង​អាមេរិក​ ខណៈ​ការ​ប្រកួត​ប្រជែង​នេះ​នឹង​កាន់តែ​ឡើង​កម្តៅ។​

លោកថ្លែង​ថា៖​ «អ៊ីចឹង​ជា​ការណ៍​ពិត​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខ​សន្តិភាព ​ស្ថិរភាព​ វិបុល​ភាព ​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់ ​និង​ពិភព​លោក ទាំង​សហ​រដ្ឋ​អាមេរិក​ និង​អាស៊ាន​ត្រូវ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា​លើ​គ្រប់​វិស័យ​ ដោយ​ឈរ​លើ​គោល​ការណ៍​មិន​មាន​ការ​ដាក់​សម្ពាធ ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ។ ​ហើយ​ភាគី​ទាំង​សង​ខាង​គួរ​គប្បី​បង្ហាញ​នូវ​សុឆន្ទៈ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​រវាង​គ្នា ​និង​គ្នា»។​

ចំណែក​លោក ​រ៉ឹម សុខវី ​សហ​ស្ថាបនិក ​The Thinker Cambodia ​ដែល​ជា​វេទិកា​វិភាគ​គោល​នយោបាយ ​និង​ជា​អ្នក​វិភាគ​មួយ​រូប ​ប្រាប់​វីអូអេ​ថា ​កិច្ច​ប្រជុំ​កំពូល​រវាង​មេ​ដឹកនាំ​អាស៊ាន​ និង​អាមេរិក​អាច​រំពឹង​បាន​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ល្អ ​និង​ខ្លាំង។ លោក​បន្ថែម​ថា​ ទំនាក់​ទំនង​រវាង​អាមេរិក​ និង​អាស៊ាន​មាន​សារៈសំខាន់​សម្រាប់​សន្តិ​សុខ​ក្នុង​តំបន់ ​ខណៈ​អាស៊ាន​ចង់​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់មហា​អំណាច​ទាំង​អស់​ ជា​ពិសេស​សហ​រដ្ឋ​អាមេរិក ​និង​ចិន​ ដើម្បី​ឱ្យ​មាន​តុល្យភាព​គ្នា។​

លោក​ សុខវី ​អះអាង​ថា​ មជ្ឈភាព​ ឬ​ភាពជា​កណ្តាល​របស់​អាស៊ាន​មាន​សារៈ​សំខាន់​សម្រាប់​សន្តិសុខ​ក្នុងតំបន់​ ហេតុ​នេះ​ហើយ​អាស៊ាន​តែង​តែ​ទាញ​មហា​អំណាច​ទាំង​នោះ​ចូល​មក​ដើម្បី​ឱ្យ​គេ​មើល​ឃើញ​ថា ​ខ្លួន​មិន​លម្អៀង​ទៅ​មហា​អំណាច​ណា​មួយ​ឡើយ។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​និង​លោក ​ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃសុក្រ​នេះ។​

នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​មេ​ដឹកនាំ​អាស៊ាន​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ថ្លែង​ថា ​ការ​ថែ​រក្សា​ឯកភាព ​សាមគ្គីភាព ​និង​មជ្ឈភាព ​គឺជា​អាទិភាព​ចម្បង​បំផុត​ដើម្បី​ឱ្យ​តំបន់​នេះ​មាន​ចីរភាព​ និង​ភាព​ធន់​សម្រាប់​ព្រឹត្តិ​ការណ៍​ដែល​អាច​កើត​មាន​នៅ​ពេល​អនាគត។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២២​នេះ មេ​ដឹកនាំ​អាស៊ាន​និង​មេ​ដឹកនាំ​សហ​រដ្ឋ​អា​មេរិក​បាន​ជួប​ប្រជុំគ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​ជាមួយ​ក្រុម​មេ​ដឹកនាំ​អាស៊ី​អាគ្នេយ៍​ លោក​ប្រធានាធិបតី Joe Biden ​ចូ បានប្រកាស​ថា ​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ​បាន​រំកិល​ចូល​មក​ដល់​«យុគ​សម័យ​ថ្មី»​ មួយ​ ហើយ​ថា ​តួ​នាទី​ស្នូល​របស់​អាស៊ាន​«ស្ថិត​ចំ​អាទិភាព​ចម្បង​តែ​ម្ដង» ​នៃ​រដ្ឋបាល​ដឹកនាំ​របស់​លោក។​

ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​កញ្ចប់​ទឹក​ប្រាក់​១៥០​លាន​ដុល្លារ​ទៅ​ឱ្យ​ប្លុក​ប្រជាជាតិ​ដែល​មាន​១០​ប្រទេស​នេះ​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​គម្រោង​តូច​ធំ​នានា​ ក្នុង​វិស័យ​ចម្រុះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG