ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក៖ ​លោក​ប្រធានាធិបតី ​Biden ​ពង្រឹង​ការ​ប្តេជ្ញា​​ដល់​អាស៊ាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នៅ​ភ្នំពេញ​


លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Joe Biden ​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​សៅរ៍​ ហើយ​ត្រូវ​បាន​មន្ត្រី​អាមេរិក​អះអាងថា ជួយ​ពង្រឹង​ដល់​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​តំបន់​នេះ។ ​

លោក​ Daniel J. Kritenbrink ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ថ្លែង​បញ្ជាក់​ពី​សារៈសំខាន់​របស់​តំបន់​អាស៊ាន​ប្រាប់​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖ «អាស៊ាន​គឺ​ជា​ចំណុច​កណ្តាល​នៃ​ស្ថាបត្យកម្ម​របស់​តំបន់​យ៉ាង​ច្បាស់​ ហើយ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន​គឺ​ជា​បេះដូង​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​យើង»។

ក្រៅ​ពី​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​ដែល​ទាក់​ទង​នឹង​កិច្ចការ​អាស៊ាន​ លោក​ប្រធានាធិបតី ​Biden ក៏​ចូល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ G20 ​នៅ​កោះបាលី​ប្រទេស​ឥណ្ឌូណេស៊ី​ផង​ដែរ។ នៅទីនោះ ​លោកប្រធានាធិបតី​ ​និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping (ស៊ី ជិនពីង)​នឹង​ជួបគ្នា​ទ្វេភាគី​ក្រៅ​កិច្ច​ប្រជុំ​ G 20​នេះ។​ ដោយ​ឡែកលោក​ស្រី ​Kamala Harris ​អនុប្រធានាធិបតី​ក៏​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក​ សម្រាប់​កិច្ចប្រជុំ​មេ​ដឹកនាំ​សេដ្ឋកិច្ច​ APEC ​ផង​ដែរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Daniel J. Kritenbrink នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​ទូរស័ព្ទ​មុន​ដំណើរ​ទៅ​ដល់​របស់​លោក ​Joe Biden។

លោក ​Kritenbrink​ បាន​បន្ថែម​ថា៖​ «ខ្ញុំ​គិត​ថា ​វា​ច្បាស់ណាស់​ថា​ ការ​ចូលរួម​កម្រិត​ខ្ពស់​របស់​អាមេរិក​នៅ​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​ទាំងបី​នេះ​គឺជា​សក្ខីភាព​មួយ​បញ្ជាក់​អំពី​របៀប​ដែល​ថា​ តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មិន​ត្រឹមតែ​ជា​ចំណុច​ស្នូល​ចំពោះ​សន្តិសុខ ​និង​វិបុលភាព​របស់​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ចំពោះ​ប្រជាជន​ចំនួន​ ១​ ពាន់​លាន​នាក់​របស់​យើង​រួមគ្នា​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​នៅ​អាស៊ាន។​ វា​ក៏​បង្ហាញ​ផង​ដែរ​ថា​ តើ​វេទិកា​ពហុភាគី​ទាំង​នេះ​មាន​សារៈ​សំខាន់​យ៉ាងណា​សម្រាប់​ការ​ជំរុញ​បណ្តាញ​សម្ព័ន្ធភាព​ និង​ភាព​ជា​ដៃគូ​របស់​យើង​ក្នុង​ការ​សម្រេច​បាន​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​ និង​បើក​ចំហ​ មាន​ភាពធន់​ និង​វិបុលភាព​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា»។

លោក​ប្រធានាធិបតី​ Joe Biden ​ក៏​មាន​កំណត់​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ​ដែល​មន្ត្រី​សហ​រដ្ឋ​អាមេរិក​លើក​ឡើង​ថា​ មាន​បញ្ចូល​ការ​ពិភាក្សា​ពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុនជំនួបទ្វេភាគីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុនជំនួបទ្វេភាគីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ ទទូច​ឲ្យ​លោក ​Biden ​ផ្តោត​លើការនាំ​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ និង​រក្សា​ការពារ​អធិប​តេយ្យ​របស់​កម្ពុជា​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​កាន់តែ​ធំ​របស់​មហា​អំណាច​ចិន។

លោក​សម រង្ស៊ី​បាន​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​កាលពី​ថ្ងៃសុក្រ​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា​ លោក​ Biden ​គឺ​ទីមួយ​នឹង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន​បណ្តោះ​អាសន្ន​បច្ចុប្បន្ន​នេះ ត្រូវ​តែ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​តាម​ស្តង់ដារ​អន្តរជាតិ​ មិន​តាម​អ្វី​ដែល​លោក​ហ៊ុន សែន​អះអាង​ខ្លួន​គាត់​ទេ។ ​ទី២ ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ជំរុញ​ឲ្យ​កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត​ និងឯករាជ្យ​ពិត​ប្រាកដ»។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ សម រង្ស៊ី​ ទទូច​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ទោស​នយោបាយ​នានា​ ក្នុង​នោះ​មាន​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់។​

លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ការពារ​កាល​ពីថ្ងៃ​សុក្រថា ​បើ​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជាធ្លាក់​ចុះ ​នោះ​មេដឹក​នាំ​ពិភព​លោក​ រួម​ទាំង​សហ​រដ្ឋ​អាមេរិកនឹង​មិន​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​នោះ​ទេ។

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង​ថ្លែង​ថា ​ពួកគេចង់​ឃើញ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​កម្ពុជា​ដើម្បី​ឲ្យ​ប្រជាជន​អាច​ទទួល​យក​បាន។​ ពួកគេ​យល់​ថា របៀប​ចាត់​ចែង​ការ​បោះឆ្នោត​បច្ចុប្បន្ន​នេះ​គឺមិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​ពួកគេ​ចង់​ឲ្យ​លោក ​Joe Biden ​លើក​ឡើង​ពី​បញ្ហា​នេះ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោក​ យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ​បាន​ថ្លែង​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​អង្គារថា៖​ «គោល​បំណង​ធំ​គឺ​យើង​ចង់​បាន​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ឲ្យ​មាន​ការ​បោះឆ្នោត​មាន​ការ​ប្រកួត​ប្រជែង​ឲ្យ​បាន​ស្មើ​គ្នា​កុំ​ឲ្យ​ថា​ គណបក្ស​កាន់​អំណាច​គ្រប់​គ្រង​អំណាច ​បិទ​សិទ្ធិ គាប​សង្កត់​គណ​បក្ស​ប្រឆាំង​គ្រប់​ច្រក​ ពេល​អ៊ីចឹង​យើង​ឃើញ​ថា ​ធ្វើ​នេះ​មិន​យុត្តិធម៌»។ ​

ទន្ទឹម​នឹង​នោះ​ សកម្មជន​សិទ្ធិ​មនុស្ស​ក៏​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ចាប់​ខ្លួន​សកម្ម​ជន​នយោបាយ​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​យក​ទៅ​ដាក់​ពន្ធនាគារ​ដោយ​សារ​ការ​រិះគន់​រដ្ឋាភិបាល។ ​ក្នុង​នោះ​មានកញ្ញា សេង ធារី​ អ្នកច្បាប់​ខ្មែរ​អាមេរិកាំង ​និង​លោក​អៀ ចាន់ណា​ សកម្ម​ជនគណបក្ស​ប្រឆាំង។ ​


លោក​យ័ប គឹមទឹង​បាន​បន្ថែម​ថា៖ ​«យើង​ចង់​ឲ្យ​លោក​ Biden ​សុំ​ឲ្យ​លោក​ ហ៊ុន សែន ​ព្រលែង​អ្នក​ទាំង​នោះ​ទាំង​អស់​ កុំ​ឲ្យ​ប្រព្រឹត្ត​អ៊ីចឹង​ទៀត»។

ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្រោយ​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​គឺ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ហើយ​បាន​រឹប​អូស​យក​អាសនៈ​សភា​ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង​នេះ​ជាង​៥០០០។ ​

ក្នុង​ពេល​នេះ​ដែរ ​ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើង​ដោយ​មាន​ការ​អនុញ្ញាត​ឲ្យ​យោធា​ចិន​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ អាច​នឹង​ត្រូវ​ចិន​ដាក់​មូលដ្ឋាន​កងទ័ព​ក្នុង​ពេល​អនាគត។ ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។​

លោក​ សម រង្ស៊ី​ យល់​ថា ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ ជាពិសេស​តាម​រយៈ​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​គឺ​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​អព្យាក្រឹត​ភាព​របស់​ខ្លួន។​

លោក​សម រង្ស៊ី​បាន​បន្ថែម​ថា៖ «ចិន​ជា​គ្រោះ​ថ្នាក់​សម្រាប់​សន្តិភាព​នៅ​ក្នុង​តំបន់​យើង​ ហើយ​លោក​ហ៊ុន សែន​ គាត់​ទៅ​ចូល​ដៃ​ជា​មួយ​ចិន​នាំ​ឲ្យ​កម្ពុជា​យើង​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ»។

រូប​ឯកសារ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)
រូប​ឯកសារ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ល្ងាច​ថ្ងៃសៅរ៍​នេះ​ លោក ​គង់ ភោគ​ រដ្ឋលេខាធិការ​របស់​ក្រសួង​ការបរ​ទេស​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​របស់​កិច្ច​ប្រជុំ​អាស៊ាន ថ្លែង​ថា ​កម្ពុជា​មិន​មាន​អ្វី​លាក់​បាំង​នោះ​ទេ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​រាម ​ដូច្នេះ​គួរ​តែ​មាន​ការ​«វាយ​តម្លៃ​ដោយ​យុត្តិធម៌ និង​ស្មោះ​ត្រង់»ចំពោះ​បញ្ហា​នេះ។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP ​រាយ​ការណ៍​ដោយ​ដកស្រង់​យោបល់​អ្នក​ជំនាញ​អាស៊ី​ លោក ​Thomas Daniel ​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​និយាយ​ថា​ តាម​រយៈ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដោយ​ផ្ទាល់​ លោក​ Biden​ នឹង​អាច​ជំរុញ​ផល​ប្រយោជន៍​របស់​អាមេរិក​ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ជាថ្មី​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​តំបន់​នេះ។​

អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក ​Donald Trump ​បាន​រំលង​ចោល​កិច្ចប្រជុំ​កំពូល​ជា​មួយ​នឹង​អាស៊ានក្រោយពី​ឆ្នាំ​២០១៧​ ហើយ​លោក​បាន​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​ឆ្នាំ​២០១៧​មុន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា ​ដែល​ជា​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ថ្នាក់​តំបន់​ដ៏​សំខាន់​ ដោយ​ទុក​ឲ្យ​លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ការ​បរទេស​ពេល​នោះ​ជំនួស​លោក។​

ប៉ុន្តែ​រដ្ឋបាល​លោក ​Biden ​បាន​ងាក​មក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​តំបន់​នេះ ​ដោយ​បាន​អញ្ជើញ​មេ​ដឹកនាំ​អាស៊ាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែ​ឧសភា។ ​លោក​ប្រធានាធិបតី​បាន​ថ្លែង​នៅ​ពេល​នោះ​ថា ​ប្រវត្តិ​សាស្រ្ត​ជាច្រើន​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ខាងមុខ​នឹង​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ ហើយ​ថា​ «ទំនាក់​ទំនង​របស់​អាមេរិក​ជាមួយ​អាស៊ាន​នឹង​កំណត់​អនាគត​ដែល​យើង​ទាំងអស់​គ្នា​ចង់​ឃើញ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG